BREAKING NEWS
Search

ម៉ន​សា​ម៉េ​ត ស្វាគមន៍​ការសុំ​ជួប​របស់​អេ​លី​ត សាន់ នៅលើ​សង្វៀន​គូ​បូ​តា​យប់​ថ្ងៃ​សុក្រ​នេះ

​ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លឹប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ បាន​ស្វាគមន៍​ការ​សុំ​ជួប​ប្រកួត របស់​អ្នក​ប្រដាល់​ជើង​ខ្លាំង អេ​លី​ត សាន់ ក្លឹប​ប៉ែន​កាក់​គុន​ខ្មែរ នា​យប់​ថ្ងៃ​សុក្រ​ទី​១១​កញ្ញា​ ២០២០​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​គូ​បូ​តា​ បាយ័ន​ស្ទឹងមានជ័យ។

​អេ​លី​ត សាន់ និង ម៉ន សា​ម៉េ​ត នេះ ពួកគេ​មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។ ដូច្នេះ ការ​ជួប​គ្នា​លើក​នេះ ជា​ការ​ជួប​លើកដំបូង​របស់​ពួកគេ​ទាំងពីរ។ តែ​យ៉ាងណា មិន​ដឹង​ថា ​អេ​លី​ត សាន់ គេ​អាច​យកឈ្នះ​ម៉ន សា​ម៉េ​ត​ បាន​ឬ​អត់​នោះ​ទេ​?​។ ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ទោះជា​យ៉ាងណា ការ​ជួប​គ្នា​រវាង​ម៉ន សា​ម៉េ​ត និង អេ​លី​ត សាន់ នេះ តាម​ក្រុម​អ្នក​វិភាគ​ប្រដាល់​អះអាង​នោះ​ថា ម៉ន សា​ម៉េ​ត​បើ​ទោះ​បី​ជា​ល្អ​និង​ខ្លាំង​ហើយ​ មាន​កលល្បិច​ប្រកួត​ខ្ពស់​ក្តី ក៏​ទំនងជា​ពិបាក​ឈ្នះ​អេ​លី​ត សាន់​ដែរ ព្រោះ​អេ​លី​ត​សាន់ គេ​មាន​កម្លាំង​កាយសម្បទា​រឹងមាំ ស៊ុ​ហ្វ​ខ្លាំង និង​មាន​ផ្លែ​ល្អ​ដែរ។ ចាំ​មើល តើ​ម៉ន សា​ម៉េ​ត អាច​យកឈ្នះ​អេ​លី​ត សាន់ បាន​ឬ​អត់​នោះ​ សម្រាប់​ការ​ជួប​គ្នា​ជា​លើកដំបូង​នេះ?។

​ទូច ដេវីត អ្នក​ប្រដាល់​ក្លឹប​អា​រុណ​រះ​កីឡា ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ថា​ន់ ប៊ុន​រ៉ុង អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លឹប​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេមរភូមិន្ទ។​ ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួប​គ្នា​ទេ​ពី​មុន​មក។ ថា​ន់ ប៊ុន​រ៉ុង ជា​អ្នក​ប្រដាល់​ខ្លាំង​ស្រករ​ក្រោយ តែ​គេ​មាន​ថ្វីដៃ​ល្អ និង ខ្លាំង។ ប៉ុន្តែ​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ទូច ដេវីត លើក​នេះ ពុំ​ដឹង​ថា​គេ​អាច​យកឈ្នះ​ដេវីត ដែល​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​មុន​នោះ​បាន​ឬ​អត់​នោះទេ ?។

​លាភ សំណាង អ្នក​ប្រដាល់​ក្លឹប​កងពលតូច​លេខ​៧០ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ងួន គា អ្នក​ប្រដាល់​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ចំណែក អ្នក​ប្រដាល់​ឯម ភា​រុន ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ធន ចំ​រ៉ុង ក្លឹប​មជ្ឈមណ្ឌល​កីឡា​ក​ង​យោធពលខេមរភូមិន្ទ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។ ឃ​ន សុ​ម៉ាលី ក្លឹប​គុហារ​ព្រហ្ម​ជ័យ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អេ​លី​ត ភក្ត្រា ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ​យ៉េន ឌី​ណា និង ឡៅ ចិ​ត្រា វាយ​ស្មើ​ពិន្ទុ​គ្នា ខ​ណៈ​ជើង​ថ្មី ផាន់ ពេញចិត្ត ផ្តួល​ជើងចាស់​ចាន់ វ៉ា​រិ​ទ្ធ​ក្នុង​ទឹកទី​១