BREAKING NEWS
Search

EU សន្យា​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​កសិកម្ម ពិសេស​វិស័យ វារីវប្បកម្ម ធ្វើ​យ៉ាងណា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជាបាន​អះអាង​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​កសិកម្ម ពិសេស​វិស័យ វារីវប្បកម្ម​ធ្វើ​យ៉ាង​ណា​ជំរុញ​កំណើន​សេដ្ឋកិច្ច ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ទាំង​ទឹកសាប និង​សមុទ្រ​ប្រកបដោយ​ចីរភាព​។

​ព្រម​ជា​មួយ​គ្នា​នេះ លោកជំទាវ​ក៏ បាន​រំលឹក​ផង​ដែរ​ថា EU នឹង​មាន​គម្រោង​ថ្មីៗ​សម្រាប់​ជួយ​ដល់​វិស័យ​កសិកម្ម ដោយ​លោកជំទាវ​នឹង​រក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នា​ពេល​ខាង​មុខ​។ លោកស្រី​សង្ឃឹម និង​ជឿ​ជាក់​ថា តាម​រយ​:​គម្រោង​ដែល​បាន និង​កំពុង អនុវត្ត​នឹង​ពិតជា​បាន​ជួយ​ដល់​វិស័យ​កសិកម្ម និង​រឺត​ចំណង​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​EU ជាពិសេស​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។

​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​បែបនេះ ក្នុង​ឱកាស​ដែល​លោកស្រី​និង​ប្រតិភូ​សហភាព​អឺរ៉ុប ជួប​ប្រជុំ​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CAPFish-Capture និង CaPFish Aquacultu ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅ​ទីស្តី​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ចន្ទ ១១​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០។​ កិច្ចប្រជុំ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ប្រធាន​អង្គការ​ដៃគូ​អភិវឌ្ឍ នាយក​អង្គការ FAO, AFD and Unido និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​។ ​

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​លោកស្រី​ឯកអគ្គរដ្ឋទូត និង​ប្រតិភូ​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នា​ពេល​នេះ​។ លោក​ក៏បាន​វាយតម្លៃ ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ស្រី​ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​រដ្ឋបាល​ជល​ផល​ទាំងអស់​ ដែល​បាន​បំពេញភារកិច្ច​របស់​ខ្លួន ទទួល បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។

​កិច្ចប្រជុំ​ពិភាក្សា​នាពេលនេះ គឺជា​មានបំណង​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យ​លើ​លទ្ធផល​ដែល​បានសម្រេច កំណត់ ចំណុច ខ្លាំង និង​ចំណុចខ្សោយ រួច​ឈានទៅ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព និង​វិធានការ ថ្មីៗ ថែមទៀត​សម្រាប់​អនុវត្ត​បន្ត​ ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ​ឲ្យ​ឈាន​ទៅមុខ​ស្របតាម​ទិសដៅ​ ដែល​បាន​កំណត់ និង ​ជាពិសេស​ឆ្លើយតប​ទៅ​នឹង​ផែនការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​។ ស្តែង​ចេញពី​សមិទ្ធផល​នេះ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​កិច្ចសហការ និង​គាំទ្រ​ពី​សហភាព​អឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហគមន៍​នេសាទ ដែល​បាន​រួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ បច្ចេកទេស និង​ថវិកា ដើម្បី​ចូលរួម​ជា​កម្លាំង​ការពារ គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល ព្រៃ​លិច​ទឹក បង្ក្រាប​បទល្មើស និង​ជួយ​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​មានការ​វិវឌ្ឍន៍ រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ២ ០០០​លាន​រៀល ដើម្បី​ជួយ​ដល់​វិស័យ​វារីវប្បកម្ម​ផង​ដែរ​។

​នាឱកាស​នេះ លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏បាន ធ្វើការ​វាយតម្លៃ​ជា​រួម លើ​លទ្ធផល របស់ គម្រោង​ដែល​សម្រេចបាន និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​។ លោកស្រី​បន្តទៀតថា កិច្ចប្រជុំ​នាពេលនេះ​មាន​សារសំខាន់ ព្រោះ​បាន​នាំយក​ភាគី​ពាក់ព័ន្ធ​គម្រោង​មក​ពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CaPFish-Capture និង Capfish Aquaculture និង​លើក​ទិសដៅ អនុវត្ត​បន្ត​ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​សម្រេច​ទទួល​បាន​ជោគជ័យ​ដូច​ការគ្រោងទុក និង​ទទួលបាន​ប្រយោជន៍​សមស្រប​តាម​អ្វីដែល​វា​រី​វប្បករ​ចង់បាន​គឺ​សេដ្ឋកិច្ច​គ្រួសារ សន្តិសុខ ស្បៀង និង​រក្ស​បាន​នូវ​ធនធានធម្មជាតិ​។ ត្រង់​ចំណុច​នេះ លោកស្រី​បាន​បន្ត​ទៀត​ថា វិស័យ​កសិកម្ម ពិសេស​វារីវប្បកម្ម បាន​និងកំពុង​ចូលរួម​យ៉ាងសកម្ម និង​ចាំបាច់ ក្នុង កំណើន​សេដ្ឋកិច្ចជាតិ រក្សា​បាន​នូវ​និរន្តរភាព​ស្បៀង និង​បង្កើន​កម្រិតជីវភាព ក្នុង ខណៈ​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។

កិច្ចប្រជុំ​នាពេលនេះ ភាគី​ទាំង​ពីរបាន​លើកយក​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​ដូចជា វឌ្ឍនភាព​នៃ​គម្រោង បញ្ហា​ប្រឈម ដំណោះស្រាយ និង​ទិសដៅ​អនុវត្ត​បន្តធ្វើ​យ៉ាងណា​ឲ្យ​ការ អនុវត្ត​កម្មវិធី​នេះ​មាន​និរន្តរភាព និង​ទទួលបាន​ជោគជ័យ​។ មិនតែប៉ុណ្ណោះ ភាគី​ទាំង​ពីរបាន ឯកភាពគ្នា​ថា​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ប​ន្ត​ពិភាក្សាគ្នា​លើ​ចំណុច​សំខាន់ៗ​មួយចំនួនទៀត​ ដែល​នៅ​សេសសល់ និង​គួរតែ​ចុះ​វាយតម្លៃ​ដោយផ្ទាល់​នៅតាម​ខេត្ត​គោលដៅ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ ទាំង​វិជ្ជមាន និង​អវិជ្ជមាន ដែល​អាច​យក​ជា​ប្រយោជន៍​ ក្នុង​ការ​វាយតម្លៃ​ជា លើកចុងក្រោយ​មុន​កម្មវិធី​ត្រូវបាន​បញ្ចប់​។

សូម​រំលឹកថា កម្មវិធី CaPFish-Capture និង CaPFish Aquaculture មាន​គោលបំណង​គាំទ្រ​ដល់​ការសម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ធន់​ទៅនឹង​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វារីវប្បកម្ម ដោយ​បាន​អនុលោម​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​ជលផល​ដើម្បី​ចូលរួម​ក្នុង​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ និង​សេដ្ឋកិច្ច សង្គម ។ កម្មវិធី​នេះ​មាន​រយៈពេល ៦ ឆ្នាំ ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ ។ កម្មវិធី​មាន​សមាភាគ​ធំៗ​ចំនួន ២ សម្រាប់​សមាភាគ​ធំ ទី​១-​មាន​សកម្មភាព ធំៗ ចំនួន ៩ ទាក់ទង​នឹង​បច្ចេកទេស បណ្តុះបណ្តាល ផ្សព្វផ្សាយ សុវត្ថិភាព គុណភាព​ម្ហូបអាហារ ការដឹកនាំ​ការគ្រប់គ្រង​សហគមន៍​នេសាទ ពង្រឹង​អភិបាលកិច្ច និង​ការចូលរួម​ពី​ស្ត្រី​គាំទ្រ​កំណើន​គ្រួសារ​ក្រីក្រ និង​អាហារូបត្ថម្ភ ហើយ​សមាភាគ ទី​២-​ទាក់ទង​ជំនួយ​បច្ចេកទេស និង​ការគ្រប់គ្រង​កម្មវិធី​៕
សូមចុចអាន៖ ហាម​ឃាត់​រថយន្ត​ធុនធំ​ឆ្លង​កាត់ផ្លូវខេត្ត​លេខ ១២៩​ ពី​តាកែវមក​កោះធំ​ខេត្តកណ្តាល