BREAKING NEWS
Search

ចម្អិនអាហារត្រូវដាក់គ្រឿងផ្សំច្រើនមុខ គ្រឿងផ្សំមួយណាគ្រោះថ្នាក់ជាងគេ? ប៉ះពាល់អ្វីខ្លះ?

អាហារ​ដែល​ឈ្ងុយឆ្ងាញ់​ត្រូវ​ផ្សំ​ឡើង​ពី​គ្រឿងច្រើន​មុខ បូករួម​ជាមួយ​បន្លែ​សាច់។ តែ​ចំពោះ​ការ​ប្រើប្រាស់​គ្រឿង​ផ្សំ​ដូចជា​អំបិល ស្ករ ប៊ីចេង​ ច្រើន ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ពិសេស​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ​ស្រាប់។

ក្នុង​នោះ​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ផ្ដល់​ដំបូន្មាន​ថា គ្រឿង​ផ្សំ ៣ មុខ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ផ្ទះបាយ តែ​ការ​បង់​គ្រឿង​មិន​បាន​គិត​ពី​សុខភាព អាច​នាំ​គ្រោះថ្នាក់​ទៅ​វិញ។ ជា​ធម្មតា​រសជាតិ​ម្ហូប​ខ្មែរយើង​អាច​ប្រើ​អំបិល​ច្រើន​ជាង គ្រឿង ២ មុខ​ទៀត ហើយ​នេះ​អាច​ថា​ជា​គ្រឿង​ផ្សំ​ផ្ដល់​ផល​ប៉ះពាល់​ជាង​គេដែរ។ កាលណា​អាហារ​ប្រៃ​អាច​បណ្ដាល​ឲ្យកើត​មាន​ជំងឺ​លើសសម្ពាធ​ឈាម ជំងឺ​បេះ​ដូង និង​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ទោះ​ជា​មិនឈឺ តែបើ​ញ៉ាំ​ប្រៃ​ជ្រុល​ក៏​ចេញរោគសញ្ញា ឈឺក្បាល នោមញឹក ស្ងួតមាត់ចេះតែស្រេកទឹក បាត់បង់សមត្ថភាពខួរក្បាល។

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​បាន​បន្ថែម​ទៀត​ថា ពីមុន​មិន​សូវ​មាន​អាហារ​កំប៉ុង​ច្រើន ទោះ​ជា​ប្រើ​អំបិល​ច្រើន​បន្តិច ក៏​មិនសូវ​ជា​ប៉ះពាល់​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​អាហារ​កំប៉ុង គឺ​មាន​ជាតិ​ប្រៃ ដើម្បី​រក្សា​ទុក​បាន​យូរ ហើយបើ​ថែម​គ្រឿង​ផ្សំ​ទៀត​​អាហារ​កាន់តែ​ប្រៃ​ទ្វេ។ សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​​ អាច​មាន​​​របប​​​ជាតិ​​ប្រៃ មិន​គួរ​លើស​ពី​ ២.៣០០ មិល្លីក្រាម ឬ​ត្រឹមតែ​ ១.៥០០​ មិល្លី​ក្រាម​ ប៉ុណ្ណោះ​សម្រាប់​១​​ថ្ងៃ។

ចំណែក​ស្ករ​វិញ​ក្នុង​ម្ហូប​មិន​សូវ​ជា​និយម​ឡើយ ហើយ​បើ​ប៉ះពាល់​ក៏​ចំពោះ​តែ​អ្នក​ទឹកនោម​ផ្អែម និង​កំពុង​លើស​ជា​តិស្ករ​តែ​ប៉ុណ្ណោះ ដូចនេះ​បើ​គ្រួសារ​ណា​មាន​ជំងឺ​ណា គ្រាន់តែ​កាត់បន្ថយ​បាន​ហើយ ទើប​មិន​នាំ​បញ្ហា។

ចំណែក​ប៊ីចេង​វិញ ក៏​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដែរ ហើយ​មាន​ការ​លើកឡើង​ថា ប៊ីចេង​នាំ​ឲ្យ​ពុក​ឆ្អឹង ឈឺក្បាល វិលមុខ ក្អួត ចង្អោរ ក៏​មិនមែន​ជា​ការ​ពិត​ដែរ ពោល​វា​គ្រាន់តែ​ជា​គ្រឿង​បន្ថែម​រសជាតិ​ធម្មតា​ប៉ុណ្ណោះ។ តែ​បើ​ដាក់​ច្រើន​ក្នុង​អាហារ គ្រាន់តែ​មាន​រសជាតិ​ភ្លាវ​ញ៉ាំ​មិន​កើត​តែ​ប៉ុណ្ណោះ។ ​បើ​គិត​ថា​ខ្លួន​ឯង​ប្រតិកម្ម​ដូចជា ឈឺក្បាល បែកញើស វិល​មុខ ស្ពឹក​ដៃ​ជើង ឬ​កន្លែង​ផ្សេង ឈឺ​ទ្រូង ក្អួត ចង្អោរ គួរ​ចៀសវាង​អាហារ​មាន​ជាតិ​ប៊ីចេង​ទៅ។

ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​សុខភាព​ល្អ គួរតែ​ប្រើ​គ្រឿង​ទេស ឬ​គ្រឿង​ផ្សំ​ផ្សេង​ៗ​នៅ​ក្នុង​កម្រិត​តិច​បំផុត៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង

សូមចុចអាន៖ កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក