BREAKING NEWS
Search

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​៖ ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តី​ពី​ការងារ​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត​នោះ​ទេ

ភ្នំពេញ​ ៖ ​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្តីពី​ការងារ​គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត​នោះ​ទេ​។

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ការងារ​យន្ដ​ការ​ត្រីភាគី​បូក​លើក​ទី​២​ ដើម្បី​ជជែក​ពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្តីពី​ការងារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​កញ្ញា​នេះ​ នៅ​ទីស្តី​ការក្រសួង​លោក រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ការ​កែ​សម្រួល​អត្រា​ប្រាក់​ឈ្នួល​ការងារ​ពេលយប់ គឺ​ដើម្បី​បង្កើត​និង​បង្កើន​ឱកាស​ការងារ​កាន់តែ​សម្បូរណ៍​បែប​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូល​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។​
​លោក រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ចំណុច​នៃ​វិសោធន​កម្ម​នេះ​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ដែល​កំពុង​បម្រើ​ការងារ​ជា​ការងារ​ពេលយប់​ម្ដងម្កាល ឬ​ឆ្លាស់​វេន​គ្នា​នោះ​ទេ ដោយហេតុថា​ ចំណុច​នេះ​អនុវត្ត​ចំពោះតែ​កម្មករ​និយោជិត​ ដែល​បំពេញការងារ​ពេលយប់​ជាប្រចាំ​តែប៉ុណ្ណោះ​។

​លោក​បាន​បន្ត​ទៀត​ថា ស​ហ​គ្រាស​ដែល​នឹង​ដំណើរការ ២៤​ម៉ោង ត្រូវតែ​ផ្តល់​ជូន​កម្មករ​និយោជិត​ធ្វើ​ការងារ​ពេលយប់​ជាប្រចាំ​នូវ​អត្ថប្រយោជន៍​បន្ថែម ដែល​ជា​លក្ខខណ្ឌ​អប្បបរមា និង​លក្ខខណ្ឌ​សុវត្ថិភាព​ និង​សុខភាព​ការងារ​ចំពោះ​ប្រភេទ​កម្មករ​និយោជិត​នេះ ដូចដែល​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​១៧១ ស្តីពី​ការងារ​ពេលយប់​បាន​កំណត់​។ លោក បាន​ពន្យល់​ទៀត​ថា​ ចំពោះ​ការ​លុប​ការ​ឈប់​នៅ​ថ្ងៃ​បន្ទាប់​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ គឺ​មិន​ផ្ទុយ​នឹង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​នោះ​ទេ​។ ការ​វិសោធនកម្ម​នេះ​មាន​គោលបំណង​ជំរុញ​ផលិតភាព​ការងារ​និង​លើកកម្ពស់​ការប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​វិនិយោគ​និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ហើយ​កម្ពុជា​ នៅតែ​ជា​ប្រទេស​មួយ​ ដែល​មាន​ម៉ោង​ការងារ​តិច​ជាង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​។

​ទាក់ទិន​នឹង​ការពង្រីក​វិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​បុគ្គល​លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​គឺជា​ការចូលរួម​ពង្រឹង​ប្រសិទ្ធភាព​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា ដោយ​បង្កើត​ជា​ជម្រើស​ដល់​ភាគី​វិវាទ ​ក្នុង​ការ​ជ្រើសរើស​យន្តកា​រដោះ​ស្រាយ​វិវាទ​ការងារ ដែល​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់​ស្តែង​របស់​ខ្លួន​។ ការ​កែ​សម្រួល​នេះ គឺ​ស្រប​ទៅ​នឹង​គោលការណ៍​ជាស​កល​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​គូភាគី​វិវាទ​ឆាប់​ទទួល​បាន​យុត្តិធម៌​។

​ការ​បើក​ប្រជុំ​ក្រុមការងារ​យន្ដ​ការ​ត្រីភាគី​បូក​ ដើម្បី​ជជែក​ពិភាក្សា​បន្ត​ទៅលើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ​ ដើម្បី​ឲ្យ​សេចក្តី​ព្រាងច្បាប់​នេះ ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ មុននឹង​បន្ត​នីតិវិធី​ជា​ធរមាន​ដើម្បី​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០២០​។​ គួរ​បញ្ជាក់​ថា​ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នា​ថ្ងៃនេះ ក្រសួង​នឹង​បន្ត​នីតិវិធី​ជា​ធរមាន ដោយ​បញ្ចូន​សេចក្តី​ព្រាងច្បាប់​នេះ ​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង ក្នុង​គោលបំណង​ទទួល​បាន​កា​រ​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់​ឆ្លើយតប​តាម​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​៕​
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ​ករណី​បង្ក្រាប​ទីតាំង​លាយ​ម្សៅ និង​ឡេ​ក្លែងក្លាយ​ នៅ​ខណ្ឌ​ដង្កោ ​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ