BREAKING NEWS
Search

គម្រោង​ដេញថ្លៃ​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​នៃ​ខណ្ឌទួលគោក ឆ្នាំ​២០២០​ ​មាន​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​១៧១៩ លាន​រៀល

​ភ្នំពេញ ​៖ គម្រោង​មូលនិធិ​អភិវឌ្ឍន៍សង្កាត់​ទាំង​១០​សង្កាត់ ឆ្នាំ ២០២០​របស់ ខណ្ឌ​ទួលគោក​មាន​១៧​គម្រោង ដែល​មាន​ទឹកប្រាក់​ប៉ាន់ស្មាន​ប្រមាណ​១ ៧១៩ ៣១៧០៧០​លាន​រៀល។​ គម្រោង​នេះ​ បាន​ដាក់​ឲ្យ​ដេញថ្លៃ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ នៅ​សាលា​ខណ្ឌ​ទួលគោក ក្រោម​វត្តមាន​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក។

​លោក​ឯក ឃុន​ដឿ​ន​ បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ដេញ​ថ្លៃ​នេះ ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​សង្កាត់គណៈកម្មាធិការ​លទ្ធកម្ម​សង្កាត់ ជន​បង្គោល​តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ ជាពិសេស​តំណាង​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ទទួល​ផល​ផ្ទា​ល់​ពី​គម្រោង ឲ្យ​ទទួល​បាន​ប្រកបដោយ ​គណនេយ្យភាព​និង​តម្លាភាព​។ លោក​បន្ត​ថា សម្រាប់​ឆ្នាំ​២០២០​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ ដែល​ដាក់​ឲ្យ​ដេញថ្លៃ នា​ពេល​នេះ​រួមមាន សង្កាត់​ផ្សារ​ដេប៉ូ​១ មានការ​ដាក់​លូ​ដោះ​ទឹក​ដាក់​លូ​រំដោះ​ទឹក​ប្រវែង​៤១៩ ម៉ែត្រ​ទំហំ ០៦​តឹក។​ សង្កាត់​ដេប៉ូ​២ ដាក់​លូ​ប្រវែង​៤៣៨​ម៉ែត្រ ទំហំ ០៦​តឹក។ សង្កាត់​ផ្សារ​ដេប៉ូ ៣ ដាក់​លូ​រំដោះ​ទឹក​ប្រវែង​៣៩៤ ម៉ែត្រ​ទំហំ ០៦​តឹក។ សង្កាត់​ទឹកល្អក់​ទី​១ ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ​ចំនួន​២២​គោ ដាក់​លូ​រំដោះ​ទឹក​ប្រវែង ៥០​ម៉ែត្រ​ទំហំ​០៦​តឹក ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ​ប្រវែង​៥៦៧​ម៉ែត្រការ៉េ​។ សង្កាត់​ទឹកល្អក់​ទី​២ ដាក់​លូ​រំដោះ​ទឹក​ប្រវែង ៤០៦​ម៉ែត្រ​ទំហំ ០៦​តឹក។ សង្កាត់​ទឹកល្អក់​ទី​៣ ដាក់​រំដោះ​ទឹក​ប្រវែង ៥០០​ម៉ែត្រ​ទំហំ​០៦​តឹក ជួសជុល​ផ្លូវ​បេតុង​ប្រវែង​៩៦០​ម៉ែត្រការ៉េ ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ​ចំនួន​១៩​គោម​។

​សម្រាប់​សង្កាត់​បឹង​កក់​ទី​១ ជួសជុល​ផ្លូវ​បេតុង គ្មាន​សរសៃ​ដែក​ចំនួន​៧៣៨​ម៉ែត្រការ៉េ ដាក់​លូ​រំដោះ​ទឹក​ប្រវែង ៣៣៩ ទំហំ​០៦​តឹក​។ សង្កាត់​បឹង​កក់​ទី​២ ដាក់​លូ​ដោះ​ទឹក​ប្រវែង​៣៥០​ម៉ែត្រ​ទំហំ​០៦​តឹក ស្តារ​លូ​ប្រវែង​១០៩០​ម៉ែត្រ ទំហំ​០៦​តឹក។ សង្កាត់​ផ្សារ​ដើម​គរ ដាក់​រំដោះ​ទឹក​ប្រវែង​៤០៦ ម៉ែត្រ​ទំហំ​០៦​តឹក ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ​ចំនួន​៩​គោម ។​សង្កាត់​បឹង​សាលា​ដាក់​រំដោះ​ទឹក​ប្រវែង ៦៦៦​ម៉ែត្រ ទំហំ​០៦​តឹក​។ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា គុណភាព បទដ្ឋាន​បច្ចេកទេស សោភ័ណភាព តម្លៃ​សមស្រប ជា​កត្តា​ចាំបាច់ ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ដេញថ្លៃ​ឈ្នះ​និង​ម្ចាស់​គម្រោង​ ដែល​ជា​ក្រុមប្រឹក្សា​សង្កាត់។ កន្លងមក​មាន​ក្រុមហ៊ុន​ទទួល​ការ បាន​ចូលរួម​ក្នុង​កិច្ចលទ្ធ​កម្ម​នេះ​ជាច្រើន ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​តូច​​ហ៊ាន​ដេញថ្លៃ​ទាប​ខ្លាំង​ជាង​តម្លៃ​ប៉ាន់ស្មាន ក៏ប៉ុន្តែ​ដល់ពេល​អនុវត្ត គឺ​មាន​ភាព​លំបាក យឺត​ពេល គ្មាន​សោភ័ណភាព គ្មាន​សុ​វត្ថ​ភាព គុណភាព​មិន​អាច​ទទួល​យក​បាន។ ទទឹម​និង​ការ​ខ្វះខាត​ដូច​បាន​បញ្ជាក់​ជូន​នេះ ក៏​មាន​អ្នកទទួលការ​មួយ​ចំនួន​ធំ មានការ​ទទួលខុសត្រូវ និង​អនុវត្ត​បាន​ល្អ​រហូតដល់​សាលា​រាជធានី​ភ្នំពេញ​ ផ្តល់​ជូន​នូវ​ប័ណ្ណ​សរសើរ​ថែមទៀត​ផង​ដែរ​។

​លោក​អភិបាលរង​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ឱកាស​នៃ​ការ​ជួប​ជុំ​ក្នុង​ពិធី​ដេញថ្លៃ​នេះ អ្នកចូលរួម​ទាំងអស់ ត្រូវ​តាមដាន​និង​សង្កេត​ចំពោះ​លទ្ធផល​នៃ​ការ​ដេញ​ថ្លៃ និង​បន្ត​ការ​តាម​ដាន​គុណភាព​គម្រោង​នូវ​ពេល​អនុវត្ត​គម្រោង​រហូតដល់​ការអនុវត្ត​កិច្ចសន្យា​គម្រោង​ត្រូវ​បាន​បញ្ចប់ ១០០% ។​ ម្យ៉ាងទៀត​ដើម្បី​ឲ្យ​ដំណើរការ​នេះ​ប្រព្រឹត្ត​ទៅជា​សាធារណៈ ប្រកបដោយ​ភាព​រលូន មាន​តម្លាភាព គណនេយ្យភាព យុត្តិធម៌ ជឿ​ទុកចិត្ត​បាន លោក​សូម​បណ្តា​ភាគី​ពាក់ព័ន្ធ ​ក្នុង​ការ​ដេញថ្លៃ ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រម​សីល​ធម៌ ។ ក្រុមហ៊ុន​អ្នកទទួលការ ត្រូវ​ស្គាល់​ទីតាំង ដឹង​ច្បាស់​អំពី​ទំហំ​នៃ​ការងារ​របស់​គម្រោង ពិចារណា​ឲ្យ​ច្បាស់លាស់ មុន​និង​ដាក់​តម្លៃ​ដេញថ្លៃ ។ ក្រោយ​ការ​ដេញ​ថ្លៃ​ត្រូវ​គោរព​នីតិ​វិធី​កិច្ចសន្យា​និង​រយៈពេល​កំណត់​នៃ​ការអនុវត្ត​គម្រោង ធានា​សុ​វត្ថ​ភាព​ការដ្ឋាន និង​សុ​វត្ថ​ភាព​សាធារណៈ ចាប់ពី​ពេល​បើក​ការដ្ឋាន​រហូតដល់​ពេល​បិទ​ការដ្ឋាន​។​ គួរ​បញ្ជាក់​ដែរ​ថា សាលា​ខណ្ឌ​ ទួលគោក បើក​ពិធី​ដេញថ្លៃ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​មូលនិធិ​សង្កាត់​ទាំង​១០​ឆ្នាំ ២០២០ នា​ពេល​នេះ គឺ​មាន​១៧​គម្រោង សរុប​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ជាង ១ ៧១៩ ៣១៧០៧០​លាន​រៀល៕​
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ​ពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ក្រុង និង​មន្ទីរ​ជំនាញ​ជួយ​ទប់ស្កាត់ រថយន្ត​ក្រុមហ៊ុន​ឯកជន​ដឹក​អាចម៍ដី​លក់ បង្ក​ការ​ខូច​ផ្លូវ​កៅស៊ូ​ជា​បណ្តើរៗ ក្នុង​មូលដ្ឋាន​ភូមិ​សួន​អំពៅ​លិច