BREAKING NEWS
Search

ព្រឹក​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន​ និង​សម្តេច​កិ​ត្តិព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួមពិធីបុណ្យ​ភ្ជុំបិណ្ឌ​ នៅ​វត្ត​វាំង​ចាស់

​ភ្នំពេញ​ ៖ ​ក្នុង​ថ្ងៃ​ឆ្លង​បិណ្ឌ​ឬ​ហៅថា​ភ្ជុំបិណ្ឌ​នា​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ​ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ព្រម​ជា​មួយ​ក្រុម​គ្រួសារ​សាច់ញាតិ​និង​មន្ត្រី​អ្នក មុខ​អ្នកការ​នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ នៅ​វត្ត​វាំង​ចាស់​ ឃុំ​វាំង​ចាស់​ ក្នុងស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​អញ្ជើញ​មក​ចូលរួម​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នៅ​ទី​អារាម​ក្នុង​វត្ត​វាំង​ចាស់​មិន ដែល​ខាន​ឡើយ សម្តេច​បាន​នាំយក​នូវ​គ្រឿង​សក្ការបូជា​ មាន​ទៀនធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ​ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌​និង​ព្រះសង្ឃ និង បាន​នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន​គ្រឿង ឧបភោគបរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មហា​កុសល​ផល បុណ្យ ជូន​ចំពោះ​បុព្វការី​ជន មាន​មាតា បិតា ជីដូន ជីតា ញាតិ​កា​ទាំង​៧​សន្តាន ​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ​ជា​ពិ សេស​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង​, លោកយាយ​មហា​ឧបាសិកា ឌី ប៉ុក ដែល​ជា​មាតាបិតា​បង្កើត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន​,​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​មហា​ឧបាសក លីន គ្រី និង​អ្នក ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ជា​បិតា​មាតា​បង្កើត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី។

​នៅ​ទីនោះ​ជា​រៀង​រាល់​ឆ្នាំ​បន្ទាប់ពី​បាន​អញ្ជើញ​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ​នូវ​បច្ច័យ ទេយ្យទាន សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ​ជាច្រើន​មុខ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ទៅ​ថ្វាយ​ទៀនធូប ផ្កា​ភ្ញី ចំពោះ​ព្រះ​ពុទ្ធបដិមា​ឧទ្ទិសកុសល​ផល​បុណ្យ​ចំពោះ​ព្រះរតនត្រ័យ​ជាពិសេស​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះបាទ​អង្គឌួង លើ​ទួល​ព្រះវិហារ​ចាស់​និង បន្ត​អញ្ជើញ​ថ្វាយ​ទៀន​ធូប ផ្កាភ្ញី​នៅ​លើ​ព្រះវិហារ​ថ្មី និង អញ្ជើញ​បន្ត​ទៅ​គោរព​បដិបត្តិ​នៅ​រូបសំណាក​វីរបុរស​អ្នកស្នេហាជាតិ​ ដែល​មាន​គុណបំណាច់ ​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ​។

​វត្ត​វាំង​ចា​ស់​មាន​នាម​ដើម​ថា​វត្ត​ហរិរក្ស​រាជិនី ចំណេរ​ក្រោយមក​វត្ត​នេះ​ ត្រូវ​បាន​ហៅ​ក្លាយ​ថាវ​ត្ត​ក្នុង​វាំង ឬ​វត្ត​វាំង​ចាស់​តរៀងមក​។ នា​សម័យ​ដើម​វត្ត​នេះ​មាន​ភាព​រុងរឿង​ជា​វត្ដ​សំបូរ​ទៅ​ដោយ​គម្ពីរ​ដីកា​ភាសាបាលី​និង​សំរាយ​, ជា​វត្ដ​ដែល​បណ្ដុះ​ព្រះសង្ឃ​ជា​បណ្ឌិត​មាន​ចំនួន​ច្រើន​អង្គ​ក្រោម​ព្រះ​រាជូបត្ថម្ភ​របស់​ព្រះមហាក្សត្រ​ខ្មែរ។ ប៉ុន្តែ​វត្ថុ​បុរាណ​និង​សមិទ្ធផល​ទាំងឡាយ​នៅ​ក្នុង​ទី​អារាម​នេះ ​ត្រូវ​បាន​បាត់បង់​អន្តរាយ​អស់​ដោយសារ​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍។

​ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​ទី​អារាម​នេះ ​ក៏ដូចជា​ទី​អារាម​នានា​ដែរ​ បាន​ដំណើរការ​ឡើងវិញ​ ប៉ុន្តែ​ដំបូង​នោះ​មានតែ​សាឡុំ​មួយ​ដែល​សង់​លើ​ទីទួល​ព្រះវិហារ​ចាស់​ប៉ុណ្ណោះ។ រហូតមកដល់​ឆ្នាំ​១៩៩៦ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​សកម្ម​បាន​ដឹកនាំ​កសាង​ទី​អារាម​ប្រវត្តិសាស្ត្រ​នេះ​ឡើង វិញ​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​។​សមិទ្ធផល​ដែល​សម្ដេច​តេ​ជោ​ហ៊ុនសែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដឹកនាំ​កសាង​ នៅ​ក្នុង​ទី​អារាម​នេះ​មាន​ដូច​ជា​ព្រះវិហារ​, ដងទង់​, របង​, ខ្លោងទ្វារ​,​ ឧបដ្ឋានសាលា​, កុដិ​,​សាលា រៀន​,​សាលា​ពុទ្ធិកសិក្សា,​ រូបសំណាក​វីរបុរស​អ្នកស្នេហាជាតិ​ព្រមទាំង​ផ្លូវ​បេតុង​និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ ដែល​បម្រើ​ឲ្យ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ៕
អត្ថបទ៖ ​ណា​រី