BREAKING NEWS
Search

ភ្លើង​គប់​ស៊ី​ហ្គេម​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ​នៅ​កម្ពុជា គ្រោង​រត់​នៅ​គ្រប់​ប្រ​ទស​ជា​សមាជិក​អាស៊ីអាគ្នេយ៍​

​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) កាលពី​ថ្មីៗ​កន្លងទៅនេះ បាន​ពិភាក្សា​លើ​ផែនការ​ចម្បងៗ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នោះ​បញ្ហា​កម្មវិធី​បើក​និង​បិទ ពិសេស​គឺ​ការ​រត់​ភ្លើង​គប់​បើក​ស៊ី​ហ្គេម ដែល​ត្រូវ​រត់​នៅ​គ្រប់​ប្រ​ទស​ទាំងអស់​ជា​សមាជិក​អាស៊ីអាគ្នេយ៍​។

​ពាក់ព័ន្ធ​នឹង​ការ​រត់​ភ្លើង​គប់​ស៊ី​ហ្គេម​២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​CAMSOC​បានប​ញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា CAMSOC​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​រត់​ភ្លើង​គប់ ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ការ​រត់​ភ្លើង​គប់​នេះ ដោយ​ត្រូវ​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ព្រះបរមរាជវាំង ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ រួម​ទាំង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​បណ្តា​ប្រទេស​នានា នៅ​ក្នុង​អាស៊ីអាគ្នេយ៍ ដែល​ត្រូវ​ត្រៀម​ជួយ​ដល់​ការ​រត់​ភ្លើង​គប់​នេះ ដោយ​ការរៀបចំ​ជា​លើក​ទី​១​របស់​កម្ពុជា គឺ​យើង​ត្រូវ​រត់​ភ្លើង​គប់​នៅ​គ្រប់​ប្រ​ទេស​ទាំងអស់​ជា​សមាជិក​អាស៊ីអាគ្នេយ៍​។ ចំពោះ​ការ​រត់​ភ្លើង​គប់​នៅ​ក្នុង​ស្រុក​វិញ CAMSOC ត្រូវ​ធ្វើការ​ជាមួយ​អាជ្ញាធរ​រាជធានី​-​ខេត្ត ដែល​ការ​រត់​ភ្លើង​គប់​ក្នុងស្រុក​ ត្រូវ​រត់​ជុំវិញ​បឹង​ទន្លេសាប ក៏ដូចជា​បញ្ជ្រាប និង​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ ​ស្តីពី​ការ​ទទួល​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផង​ដែរ​។

​លោក​អគ្គលេខាធិការ​CAMSOC បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​បើក​-​បិទ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺជា​បញ្ហា​សំខាន់​បំផុត ដោយ​លោក​បញ្ជាក់​ថា ​កម្ពុជា​នឹង​ធ្វើ​ការងារ​នេះ​ជាមួយ​រដ្ឋាភិបាល​ចិន គណៈកម្មាធិការ​អូឡាំពិក​ចិន ​បាន​ចង្អុលបង្ហាញ​ឲ្យ​ក្រុមហ៊ុន​មួយ ដែល​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម ព្រឹត្តិការណ៍​កីឡា​ធំៗ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស​គឺ​យើង​ទទួល​បាន​អ្នក​ផលិតកម្ម​វិធី​បើក​-​បិទ ដែល​ធ្លាប់​មាន​ឥទ្ធិពល និង​បទពិសោធន៍​ខ្ពស់​ដ៏​ល្បីល្បាញ​គ្រោង​នឹង​ចូលរួម​ជួយ​ ក្នុង​ការ​រៀបចំ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ របស់​កម្ពុជា​យើង។ រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​អ្នក​ជំនាញ​ដ៏​ល្បីល្បាញ​រូប​នេះ មក​ជួយ​ជា​បទពិសោធន៍​ដល់​កម្ពុជា ប៉ុន្តែ​អ្នក​ដែល​រៀបចំ​ពិតប្រាកដ គឺ​កម្ពុជា​យើង​ជាពិសេស​ គឺ​ពាក់ព័ន្ធ​នឹង​វប្បធម៌ អរិយធម៌​ខ្មែរ ដោយ​ត្រូវ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ៕​
អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០២៣ ​នៅ​កម្ពុជា ត្រូវការ​អ្នកស្ម័គ្រចិត្ត​ជាង​១​ម៉ឺន​នាក់