BREAKING NEWS
Search

ថ្វីបើកូវីដនៅតែវាយលុកខ្លាំងក៏ដោយ ឥណ្ឌាបង្ខំចិត្តបើកប្រាសាទ Taj Mahal ឡើងវិញដើម្បីជួយសេដ្ឋកិច្ច

ចំណុចទាក់ទាញភ្ញៀវទេសចរកំពូលរបស់ប្រទេសឥណ្ឌាគឺប្រាសាទ Taj Mahal គ្រោងនឹងបើកឡើងវិញពោលគឺជាង៦ខែបន្ទាប់ពីត្រូវបានបិទថ្វីបើប្រជាជាតិដ៏ធំមួយនេះកំពុងប្រយុទ្ធជាមួយការឆ្លងវីរុសកូរ៉ូណាដែលកំពុងកើនឡើងខ្លាំងក៏ដោយ។

ឥណ្ឌាដែលមានប្រជាជនចំនួន១.៣ពាន់លាននាក់កាលពីថ្ងៃចន្ទបានយកឈ្នះប្រេស៊ីលក្លាយជាប្រទេសដែលមានការឆ្លងរាលដាលខ្លាំងបំផុតលំដាប់ទី២លើពិភពលោកដោយមានករណីជាង៤.២លានករណីនៅពីក្រោយតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។

លោក Amit Srivastava អនុប្រធាននាយកដ្ឋានទេសចរណ៍រដ្ឋភាគខាងជើង Uttar Pradesh បានប្រាប់ AFP ថា “Taj Mahal នឹងបើកដំណើរការវិញនៅថ្ងៃទី២១ខែកញ្ញា។ វិធានការកូវីដទាំងអស់ដូចជាគម្លាតរាងកាយនិងការពាក់ម៉ាស់នឹងត្រូវអនុវត្ត”។

លោកបានបន្ថែមថា ភ្ញៀវនឹងត្រូវបានកំណត់ត្រឹម៥,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃពោលគឺធ្លាក់ចុះពីចំនួនមធ្យមប្រចាំថ្ងៃ២០,០០០នាក់។

អច្ឆរិយៈវត្ថុមួយក្នុងចំណោមអច្ឆរិយៈវត្ថុថ្មីទាំងប្រាំពីររបស់ពិភពលោកនៅភាគខាងត្បូងរដ្ឋធានីញូវដេលីមួយនេះបានបិទចាប់តាំងពីពាក់កណ្តាលខែមីនាមកដែលជាផ្នែកមួយនៃវិធានការបិទដ៏តឹងរ៉ឹងដោយសារវីរុសកូរ៉ូណា។

ប្រទេសឥណ្ឌាបានជំរុញការបើកប្រាសាទនេះឡើងវិញដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួនដែលទទួលរងគ្រោះដោយសារវីរុសបើទោះបីជាការឆ្លងនៅតែបន្តកើនឡើងជាលំដាប់ក៏ដោយ។

ចាប់តាំងពីខែសីហាមក ប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍ថាមានការកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតលើពិភពលោក៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ AFP

ចុចអាន៖ មួយថ្ងៃឆ្លងជាង៩ម៉ឺននាក់ធ្វើឲ្យឥណ្ឌាឡើងឈរលេខ២ជាប្រទេសមានអ្នកផ្ទុកកូវីដច្រើនបំផុត

ចុចអាន៖ ឥណ្ឌាក្លាយជាប្រទេសទី៣ដែលមានអ្នកឆ្លងកូវីដលើស៤លាននាក់