BREAKING NEWS
Search

អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​មាន​ប័ណ្ណ ដែល​ចេញ​ដោយ គ​.​ជ​.​ប ដើម្បី​យក​ព័ត៌មាន​ពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០

​ភ្នំពេញ​ ៖ លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លៃ​ង​ប្រាប់​កម្ពុ​ជាថ្មី នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០​នេះ​ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០២០ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ហើយ​ការចុះឈ្មោះ​អ្នកសារព័ត៌មាន​ សម្រាប់​យក​ព័ត៌មាន​ពី​ដំណើរការ​នេះ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ហើយ​ការ​យក​ព័ត៌មាន​ពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​នេះ អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​មាន​ប័ណ្ណ​សម្គាល់​ខ្លួន ជា​អ្នកសារព័ត៌មាន ដែល​ចេញ​ដោយ គ​.​ជ​.​ប។

​បើ​តាម​សេចក្តី​ជូនដំណឹង​ពី​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ទទួល​បាន​ប័ណ្ណ​សម្គាល់​ខ្លួន អ្នកសារព័ត៌មាន​ត្រូវ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសារព័ត៌មាន ដែល​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ពី គ​.​ជ​.​ប​។ ការ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​មាន​ការិយាល័យ​អចិន្ត្រៃយ៍ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ ច្បាប់​ចម្លង​ប្រកាស​អនុញ្ញាត​ដោយ​ក្រសួង​ព័ត៌មាន​, លិខិតបញ្ជាក់ ឬ​លិខិត​ស្នើសុំ​ធ្វើ​ប័ណ្ណ​អ្នកសារព័ត៌មាន​ពីសា​មី​អង្គភាព​, ច្បាប់​ចម្លង​នៃ​ប័ណ្ណ​អ្នកសារព័ត៌មាន​ ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ឬ​សមាគម ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន​របស់​សាមី​អង្គភាព​, ប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត និង​រូបថត ៤x៦ ចំនួន​១ សន្លឹក​ទៀត​ សម្រាប់​ធ្វើ​ប័ណ្ណ​, ច្បាប់​ចម្លង​នៃ​លិខិតឆ្លងដែន (​សម្រាប់​ជនបរទេស​) ។​
​ចំណែក​ការ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសារព័ត៌មាន​អន្តរជាតិ ដែល​ពុំ​មាន​ការិយាល័យ​អចិន្ត្រៃយ៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ ច្បាប់​ចម្លង​នៃ​លិខិតឆ្លងដែន​, បណ្ណ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន​របស់​សាមី​អង្គភាព​, ប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត និង​រូបថត ៤x៦ ចំនួន ១​សន្លឹក​ទៀត​សម្រាប់​ធ្វើ​ប័ណ្ណ​។

​ការ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសារព័ត៌មាន​ឯករាជ្យ ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ ច្បាប់​ចម្លង​នៃ​ប័ណ្ណ​អ្នកសារព័ត៌មាន ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ឬ​សមាគម​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​, ប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត និង​រូបថត ៤x៦ ចំនួន​១ សន្លឹក​ទៀត​សម្រាប់​ធ្វើ​ប័ណ្ណ​, អត្ថបទ​ចុងក្រោយ ដែល​បាន​សរសេរ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ស្របច្បាប់​អំឡុង​ឆ្នាំ​ចុងក្រោយ​ចំនួន​៣ អត្ថបទ​។ សូម​បញ្ជាក់​ថា ពាក្យសុំ និង​បែបបទ​សម្រាប់​សុំ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន មាន​ផ្តល់​ជូន​នៅ​ទីស្តី​ការ គ​.​ជ​.​ប (​ជាន់​ទី​៨ បន្ទប់ B) និង​អាច​ទាញ​យក​ពី​គេហទំព័រ គ​.​ជ​.​ប https://www.nec.gov.kh/khmer/content/form-2020 ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ នៅ​ពេល​បាន​បំពេញបែបបទ តាម​ទម្រង់​រួចរាល់​ហើយ អ្នកសារព័ត៌មាន អាច​យកពាក្យ​មក​ដាក់ ដោយ​ផ្ទាល់​នៅ គ​.​ជ​.​ប ឬ​អាច​ផ្ញើ​តាមរយៈ​អ៊ី​ម៉ែ​ល​: info@nec.gov.kh(link sends e-mail)៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន​៖ សម្ដេច​​សង្ឃ​ ​ទេព វង្ស កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ព្រះរោគ ពី​គ្រូពេទ្យ​ជំនាញ