BREAKING NEWS
Search

លោក ស៊ិ​ក ប៊ុន​ហុក បន្ត​ចុះ​ពង្រឹង​កោសិកា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៦​ទៀត

ភ្នំពេញ ៖ បន្ទាប់ពី​បាន​ចុះ​ពង្រឹង​ការងារ​ដោយ​ផ្ទាល់​ នៅ​តាម​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត កាលពី​ខែ​កក្កដា និង​ខែ​សីហា កន្លងទៅ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បន្ត​ចុះ​ពង្រឹង​កោសិកា​នៃ​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ខេត្ត​ចំនួន​៦​ទៀត ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០​។

​ខេត្ត​ទាំងនោះ​រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តតាកែវ ហើយ​ខេត្ត​ដំបូង​នៃ​យុទ្ធនា​ការ​ចុះ​តាម​បណ្ដា​ខេត្ត​ជា​លើក​ទី​៣​នេះ គឺ​ផ្ដើម​ចេញពី​ខេត្តកំពង់ស្ពឺ​ហើយ​ ពិធី​សំណេះសំណាល បាន​ធ្វើ​ឡើង​នៅ​អគារ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត (​ល​.​ខ​.​ប​) ខេត្តកំពង់ស្ពឺ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​លើក សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន​។

​តាម​របាយការណ៍​រប​ស់លោក គង់ ប៊ុន​សៀង ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​សរុប​ចំនួន​៥៦៦.៩៦៩ នាក់ និង​ចំនួន​ប្រជាពលរដ្ឋ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៩ មាន​ចំនួន​៥២៣.៣៣៣ នាក់ និង​ប្រជា ពលរដ្ឋ​ប៉ាន់ស្មាន​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ មាន​ចំនួន ២០.០២៩ នាក់​។ លោក​បន្ត​ថា កន្លងមក ល​.​ខ​.​ប កំពង់ស្ពឺ បាន​សហការ​យ៉ាង​ល្អ​ជាមួយ​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន ហើយ​បាន​ផ្លាស់ប្ដូរ​ពី​ការិយាល័យ​គ្មាន​អគារ ទៅកាន់​អគារ​រោងបុណ្យ​ភូមិ សាលារៀន វត្ត​អារាម និង​អគារ​ផ្សេងៗ​ចំនួន​១៩ ការិយាល័យ​។​

​លោក គង់ ប៊ុន​សៀង បាន​ឲ្យ​ដឹង​ដែរ​ថា លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្ត​កំពង់ស្ពឺ នៅ​ពុំ​ទាន់​មាន​ឃ្លាំង​សម្រាប់​ប្រើប្រាស់​ទុកដាក់​សម្ភារៈ និង​ខ្វះខាត​មន្ត្រី​សម្រាប់​បំពេញការងារ​អចិន្ត្រៃយ៍ ជា​ពិសេស​សមាជិក​ប្រតិបត្តិការ និង​សមាជិក​ហិរញ្ញវត្ថុ និង​បាន​ស្នើសុំ​កញ្ចប់​ថវិកា ដើម្បី​មានលទ្ធភាព​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​សាលា​អនុវិទ្យាល័យ​នានា​ ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទាំង​នោះ​បាន​ស្គាល់ និង​យល់​ច្បាស់​ពី​វិស័យ​បោះឆ្នោត ដើម្បី​បណ្ដុះ​គំនិត​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​ការងារ​បោះឆ្នោត ហើយ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ជា​លើកដំបូង​ក្នុង​ជីវិត​របស់​ពួកគេ​។

​មានប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ លោក ស៊ិ​ក ប៊ុន​ហុក បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​កាន់តែ​ទទួល​យក​បាន​ទំនុក​ចិត្ត​ខ្លាំង​ពី​មហាជន គ​.​ជ​.​ប គ្រោង​ធ្វើតាម​ប្រព័ន្ធ​អេឡិចត្រូនិក​នូវ​ករណី​មួយ​ចំនួន​រួមមាន ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ព្រោះ​បទពិសោធន៍​កន្លងមក​ មាន​បេក្ខជន​ខ្លះ​ឈរ​ឈ្មោះ​ស្ទួន​ទៅ​ឲ្យ​២ ឬ​៣ គណបក្ស​នយោបាយ​, ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ( ការ​ទទួល និង​ការ​បញ្ជូន​លទ្ធផល​បោះឆ្នោត​, ការ​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​, ការបែងចែក​អាសនៈ​, ការ​ស្រង់​បេក្ខជន​ជាប់ឆ្នោត​)​។​

​បើ​តាម​លោក ស៊ិ​ក ប៊ុន​ហុក ក្រោម​ការដឹកនាំ​របស់​លោក ការបោះឆ្នោត គឺ​គ្មាន​ភាគី​ណា​បដិសេធ​ទេ ជាអាទិ៍ ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨​។ លោក​បន្ត​ថា ការកែទម្រង់​ការបោះឆ្នោត គឺ​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ដល់​ដំណើរការ​បោះឆ្នោត ស្របតាម​បំណង​ប្រាថ្នា និង​សេចក្ដី សង្ឃឹម​របស់​ខ្មែរ​ទូទៅ​។ជាមួយគ្នា​នោះ លោក​ប្រធាន បាន​ណែនាំ​ដល់​មន្ត្រី​បោះឆ្នោត​នៅ​កំពង់ស្ពឺ ឲ្យ​ចូល​រួមការ​ងារ​បោះ​ឆ្នោត​ដោយ​មិន​ប្រកាន់​បក្ខ មិន​ប្រកាន់ពួក ធ្វើ​ឲ្យ​មាន​យុត្តិធម៌ ដូច្នេះ​ហើយ​មហាជន​គេ​ចាប់​កំហុស​យើង​មិន​បានទេ​។ ទាក់ទង​សំណូមពរ លោក​ប្រធាន​បាន​មានប្រសាសន៍ថា នឹង​ត្រូវ​ដោះស្រាយ​ជា​រួម​នៅ​ថ្នាក់ដឹកនាំ​កណ្ដាល​។ ទន្ទឹម​នឹង​នេះ លោក ស៊ិ​ក ប៊ុន​ហុក បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្ត​កំពង់ស្ពឺ និង​បាន​ផ្ដល់​នូវ​ទស្សន​អប់រំ​ជាច្រើន ​ជូន​ដល់​មន្ត្រី​នៃ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្ត​កំពង់ស្ពឺ ដើម្បី​ជា​ប្រទីប​នៃ​ការដឹកនាំ​ជីវិត​ឲ្យ​ទទួល​បាន​ជោគជ័យ​៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖ ​គ​.​ជ​.​ប រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០