BREAKING NEWS
Search

​មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិចង់បានការរួមគ្នា​ទប់ស្កាត់​សកម្មភាពដែលបង្ក​​អស្ថិរភាពដល់​វិស័យ​ហិរញ្ញកិច្ច​កម្ពុជា

​ភ្នំពេញ ​៖ ​មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​គ្រឹះស្ថាន​ធនាគារ​ ​មីក្រូហិរញ្ញវត្ថុ បង្កើនកិច្ច​សហការទប់ស្កាត់​សកម្មភាព​ ដែល​មាន​ចេតនា​បំពុល​បរិយាកាស​ និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម និង​អស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់ក្រុង ស្តីពី “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​” នៅ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​កញ្ញា​នេះ​ លោក រ័ត្ន សុវណ្ណ​នរៈ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក៏បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន ​ប្រកបដោយ​ភាព​ទន់ភ្លន់​ និង​អនុគ្រោះ​ស្របតាម​ស្មារតី​នៃ​សារាចរ​ណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ស្តីពី​ការរៀបចំ​ឥណទាន​ទ្បើង​វិញ សម្រាប់​គ្រប់​វិស័យ​និង​ត្រូវ​បន្ត​រក្សា​អនាម័យ និង​សុខភាព​របស់​ខ្លួន និង​ក្រុម​គ្រួសារ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​លោក រ័ត្ន សុវណ្ណ​នរៈ បាន​មានប្រសាសន៍ថា​«​អាស្រ័យ​ដូច​នេះ​ហើយ​ទើប​នៅ​ថ្ងៃ​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​នេះ​ទ្បើង​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​និន្នាការ​ថ្មីៗ របស់​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​អំពី​វិធានការ​នានា​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​ដាក់​ចេញ​កន្លងមក និង​នា​ពេល​អនាគត ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចី​ប្រាក់ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩»៕​

អត្ថបទ៖ សំអឿន
សូមចុចអាន៖  សាខា​មូលនិធិ​ជន​ពិការ​ បន្ត​អនុវត្ត​​កម្មវិធី​៣​យ៉ាង​សំខាន់ៗ ​សម្រាប់​លើកកម្ពស់​ជីវភាព​ជន​ពិការ នៅ​ទូទាំង​ប្រទេស