វេជ្ជបណ្ឌិត ៩នាក់ស្លាប់ដោយសារវីរុសកូវីដ១៩នៅហ្វីលីពីន ខណៈអ្នក​ជំងឺ​ហៀរ​មន្ទីរពេទ្យ​ តែ​ខ្វះ​ឧបករណ៍ការពារ

សមាគមវេជ្ជសាស្ត្រកំពូលរបស់ហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា វេជ្ជបណ្ឌិតចំនួន ៩នាក់បានស្លាប់នៅក្នុងប្រទេសនេះដោយសារវីរុសកូរ៉ូណា ខណៈមន្ទីរពេទ្យគឺពោរពេញទៅដោយអ្នកជំងឺហើយក្រុមគ្រូពេទ្យបានត្អូញត្អែរអំពីកង្វះឧបករណ៍ការពារនៅជួរមុខ។

ការប្រកាសអំពីការស្លាប់របស់វេជ្ជបណ្ឌិតទាំងនេះបានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ទំហំនៃវិបត្តិសុខភាពនៅក្នុងប្រទេសហ្វីលីពីនគឺអាក្រក់ជាងរបាយការណ៍ជាផ្លូវការដែលអះអាងថា ចំនួនអ្នកស្លាប់ដោយសារវីរុសនេះមានត្រឹមតែ៣៨នាក់ប៉ុណ្ណោះ។

កោះ Luzon ដែលមានប្រជាជន៥៥លាននាក់កំពុងស្ថិតក្នុងការបិទនៅសប្តាហ៍ទី២ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបើទោះបីជាគ្រូពេទ្យព្រមានថាមានករណីកើនឡើងក៏ដោយ។

សមាគមគ្រូពេទ្យហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា វេជ្ជបណ្ឌិតទី៩បានស្លាប់ដោយសារវីរុសនេះហើយបុគ្គលិកសុខាភិបាលមិនបានទទួលការការពារគ្រប់គ្រាន់ទេ។

អនុប្រធានសមាគមគ្រូពេទ្យហ្វីលីពីនលោក Benito Atienza បានប្រាប់ AFP ថា “ប្រសិនបើវាស្រេចលើខ្ញុំ ខ្ញុំត្រូវធ្វើតេស្តអ្នកនៅជួរមុខជាមុនសិនហើយធ្វើតេស្តម្តងទៀតបន្ទាប់ពីប្រាំពីរថ្ងៃ។ គ្រូពេទ្យអាចជាអ្នកធ្វើតេស្តដោយខ្លួនឯង”។

មន្ទីរពេទ្យធំៗចំនួន៣ក្នុងទីក្រុងម៉ានីលបានប្រកាសកាលពីថ្ងៃពុធថា ពួកគេអស់សមត្ថភាពហើយ ហើយនឹងមិនទទួលយកអ្នកមានករណីឆ្លងវីរុសកូរ៉ូណាថ្មីទៀតទេ។

មន្ទីរពេទ្យនិយាយថា បុគ្គលិកពេទ្យរាប់រយនាក់លែងទទួលយកអ្នកជំងឺទៀតហើយពីព្រោះពួកគេត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្ទាប់ពីមានការសង្ស័យឆ្លងជំងឺ។

គួរបញ្ជាក់ថា មានមនុស្សតិចជាង២,០០០នាក់ត្រូវបានគេធ្វើតេស្តនៅក្នុងប្រទេសហ្វីលីពីនគិតត្រឹមថ្ងៃអង្គារ។ ពួកគេគឺស្ថិតក្នុងចំណោមអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរនិងអ្នកដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះបំផុតចំពោះវីរុស COVID-19 ដូចជាមនុស្សចាស់ អ្នកមានជំងឺដែលមានគ្រោះថ្នាក់ដល់ជីវិតនិងស្ត្រីមានផ្ទៃពោះ៕ AFP

បុគ្គលិកសុខាភិបាលម្នាក់ពាក់ម៉ាស់កាន់ផ្ទាំងក្រដាសអំឡុងការតវ៉ានៅមុខមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង ម៉ានីល (រូប AFP)

ប្រែសម្រួល៖ វណ្ណវណ្ណ