BREAKING NEWS
Search

ការរឹតត្បិតព្រំដែនដោយសារវីរុសកូរ៉ូណាធ្វើឲ្យចំនួនអ្នករត់ចោលជួរកូរ៉េខាងជើងដែលមកដល់កូរ៉េខាងត្បួងមានការធ្លាក់ចុះ

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នករត់ចោលជួរកូរ៉េខាងជើងដែលបានមកដល់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះខណៈការរឹតត្បិតព្រំដែនដោយសារជំងឺកូវីដ១៩បានធ្វើឲ្យចលនាកាន់តែពិបាក។

អ្នករត់ចោលជួរចំនួន១២នាក់ត្រូវបានគេកត់ត្រាថាបានមកដល់ប្រទេសកូរ៉េខាងត្បូងចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំនេះបើប្រៀបធៀបទៅនឹង៣២០នាក់នៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រសួងបង្រួបបង្រួមដែលគ្រប់គ្រងកិច្ចការជាមួយកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ចំនួននេះគឺទាបបំផុតចាប់តាំងពីឆ្នាំ២០០​៣មកនៅពេលដែលក្រសួងបានចាប់ផ្តើមកត់ត្រាការមកដល់របស់អ្នករត់ចោលជួរនៅត្រីមាសនេះ។

អ្នកនាំពាក្យក្រសួងលោក Yoh Sang-key បាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការមក​ដល់របស់អ្នករត់ចោលជួរនេះគឺភាគច្រើនដោយសារតែបណ្តាប្រទេសនៅជាប់កូរ៉េខាងជើងបានបិទព្រំដែនរបស់ពួកគេដោយសារតែការព្រួយបារម្ភអំពីវីរុសកូរ៉ូណា។

លោកបានប្រាប់សន្និសីទមួយថា “សម្រាប់ការថយចុះនៃចំនួនអ្នករត់ចោលជួរគឺហាក់ដូចជាត្រូវបានរងផលប៉ះពាល់ដោយសារការបិទព្រំដែននៅតាមបណ្តាប្រទេសជិតខាងបន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលបង្កការលំបាកដល់មនុស្សក្នុងការធ្វើដំណើរ”។

ទំនាក់ទំនងរវាងរដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងមនុស្សជាច្រើននៅក្នុងសហគមន៍អ្នករត់ចោលជួរមានភាពតានតឹងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

បន្ទាប់ពីកូរ៉េខាងជើងបានត្អូញត្អែរអំពីក្រុមដែលដឹកនាំដោយអ្នករត់ចោលជួរដែលបានបញ្ជូនខិត្តប័ណ្ណឃោសនានិងជំនួយចូលទៅក្នុងប្រទេសកូរ៉េខាងជើងនោះ រដ្ឋាភិបាលរបស់លោក មូន បាននិយាយថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមទាំងនេះ។

ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍អំពីករណីនៃវីរុសកូរ៉ូណាថ្មីទេប៉ុន្តែខ្លួនបានដាក់វិធានការបិទព្រំដែននិងកម្មវិធីធ្វើចត្តាឡីស័កដ៏តឹងរ៉ឹង៕ REUTERS

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ