យំ​មិន​ចេញ​ ក្រោយ​ពេល​ឆក់​ទូរសព្ទ​​​ជនបរទេស ​ហើយ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

ភ្នំពេញ ​៖ ​ជន​សង្ស័យ​ម្នាក់​ ​យំ​មិន​ចេញ​ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​របស់​ជនបរទេស​បាន​សម្រេច​ហើយ​ ​​តែ​រត់​មិន​រួច​ ព្រោះ​ប៉ូលិស​​មក​អន្តរាគមន៍​ទាន់​ពេល។

ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ជាក់ស្ដែង​ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​អំពើ​ហិង្សា ​(​ដើរ​ឆក់​ទូរ​សព្ទ​ដៃ​)​​នេះ ​ ធ្វើ​ឡើង ​នៅ​ថ្ងៃ​១៥​ ខែ​មករា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​១៧​និង​០០​នាទី ​ត្រង់​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ កែង​ផ្លូវ​លេខ​១៣០ ​ភូមិ​ទី​២​សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ។

ជនសង្ស័យ ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ណៅ ម៉ៅ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​ពុំ​ពិតប្រាកដ។ វត្ថុតាង​ចាប់​យក​​ ​មាន​ទូរសព្ទ​ដៃ​០១​គ្រឿង​ម៉ាក​One plus6T​ ពណ៌​ខ្មៅ​(​ជា​របស់​ជនរងគ្រោះ)។ ជនរងគ្រោះ ឈ្មោះ​ Finley. Niall watt ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជនជាតិ​ស្កុតឡែន មុខរបរ ទេសចរណ៍​ស្នាក់​នៅផ្ទះ​លេខ​២៨ ​ផ្លូវ​លេខ​១១៣​ សង្កាត់​បឹង​កេងកង​ទី​២ ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ បាន​បន្តទៀត​ថា​ នៅ​មុនពេល​កើតហេតុ​ កាល​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧:០០​នាទី​ ជនរងគ្រោះ​ បាន​ដើរ​លើ​សួនច្បារ​តាម​មាត់ទន្លេ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាង​ជើង ពេល​ដើរ​ដល់​ចំណុច​លើ​សួនច្បារ​ផ្លូវ​ព្រះស៊ីសុវត្ថិ ​កែង​ផ្លូវ​លេខ​១៣០​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ខណ្ឌ​ដូនពេញ​ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ណៅ ម៉ៅ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​បាន​ដើរមក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទដៃ​ពី​ដៃ​ជនរងគ្រោះ​បាន​សម្រេច រួច​រត់គេចខ្លួន។ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ស្រែក​ឆោឡោ​ឡើង ​ស្រប​ពេល​កម្លាំង​ខណ្ឌ ប៉ុស្តិ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដែល​កំពុង​ល្បាត​ឃើញ​ ក៏បាន​អន្តរាគមន៍​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ណៅ ម៉ៅ រួម​ជាមួយ​វត្ថុតាង​ទូរសព្ទ​ដៃ​ចំនួន​០១​គ្រឿង​ ដែល​ឆក់​បាន​ យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​ដើម្បី​ធ្វើ​ការ​សាកសួរ។

ចំពោះ​មុខ​ កម្លាំង​ប៉ុស្តិ៍ ខណ្ឌ​កំពុង​ប្រើ​វិធានការ​ជំនាញ​ស្រាវជ្រាវ​សួរចម្លើយ​រក​បក្ខពួក​ និង​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ ហើយ​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕
រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114