លោក គីម ជុនអ៊ុន បង្ហាញខ្លួនជាសាធារណៈតិចបំផុតនៅខែឧសភា ទោះ​មិន​បញ្ជាក់​ពី​បញ្ហា​សុខភាព

បើយោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈតិចបំផុតក្នុងរយៈពេលពីរខែកន្លងមកនេះ ហើយគ្មានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍អំពីការចូលរួមរបស់លោកនៅក្នុងព្រឹត្តិការណ៍សាធារណៈឡើយ ។

ការបង្ហាញខ្លួនតិចតួចរបស់លោក គីម កើតឡើងនៅពេលដែលកូរ៉េខាងជើងដាក់ចេញនូវវិធានការប្រឆាំងនឹងវីរុសកូរ៉ូណាបើទោះបីជាប្រទេសនេះនិយាយថា ខ្លួនមិនមានករណីឆ្លងដែលត្រូវបានបញ្ជាក់ និងបន្ទាប់​ពី​មាន​ការ​សង្ស័យ​យ៉ាងខ្លាំងអំពីសុខភាពរបស់លោកកាលពីខែមុនបន្ទាប់ពីលោកបានខកខានកម្មវិធីប្រារព្ធខួបដ៏សំខាន់មួយ ។

លោក គីម បានបង្ហាញខ្លួនជាសាធារណៈចំនួនបួនដងនៅក្នុងខែមេសា និងរហូតមកដល់នៅក្នុងខែឧសភាបើប្រៀបធៀបទៅនឹងចំនួន ២៧ ដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ចាប់តាំងពីការឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ការបង្ហាញខ្លួនជាសាធារណៈតិចតួចបំផុតមុនៗដែលលោក គីម បានធ្វើក្នុងអំឡុងពេលប៉ុន្មានខែនោះគឺ ២១ ដងនៅឆ្នាំ ២០១៧ ។ នេះបើយោងតាមការបូកសរុបរបស់លោក Chad O’Carroll នាយកប្រតិបត្តិនៃក្រុមហ៊ុន Korea Risk Group ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលដែលតាមដានប្រទេសកូរ៉េខាងជើង ។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ពួកគេជឿជាក់ថា ការបង្ហាញខ្លួនជាសាធារណៈមានកំណត់របស់លោក គីម អាចជាការប្រុងប្រយ័ត្នក្នុងការប្រឈមមុខនឹងការឆ្លងវីរុសកូរ៉ូណា ខណៈដែលប្រទេសកូរ៉េខាងជើងបានលុបចោល ពន្យារពេល ឬបញ្ឈប់ការប្រមូលផ្ដុំសាធារណៈទ្រង់ទ្រាយធំជាច្រើនដោយសារតែវីរុសកូរ៉ូណាថ្មី ។

នៅពេលត្រូវបានគេសួរអំពីអវត្តមានរបស់លោក គីម ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងតាមដានស្ថានការណ៍ ប៉ុន្តែបានកត់សម្គាល់ឃើញថា លោក គីម ច្រើនតែមិនមានវត្តមានជាសាធារណៈនោះទេ ។

ដោយដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលមិនបញ្ចេញឈ្មោះកាសែត JoongAng Ilbo បានរាយការណ៍ថា លោក គីម ប្រហែលជាកំពុងបំពេញភារកិច្ចរបស់គាត់ពីវីឡាមួយនៅទីក្រុង Wonsan ។

ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងក៏ប្រហែលជាផ្តោតលើគោលដៅសេដ្ឋកិច្ច និងនយោបាយក្នុងស្រុកមួយចំនួនដែលគាត់បានគូសបញ្ជាក់មុនពេលមានវិបត្ដិនៃវីរុសកូរ៉ូណា ។ នេះបើតាមសម្តីរបស់លោកស្រី Rachel Minyoung Lee អតីតអ្នកវិភាគស៊ើបការណ៍សម្ងាត់ប្រភពបើកចំហររបស់រដ្ឋាភិបាលកូរ៉េខាងជើង ៕ REUTERS

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចូលរួមបញ្ចប់ការសាងសង់រោងចក្រផលិតជី ។ (រូប EPA)

ប្រែសម្រួល៖ ជីវ័ន្ត