គិលានុបដ្ឋាយិកាម្នាក់នៅសិង្ហបុរីលុបចោលពិធីមង្គលការព្រោះការទទួលខុសត្រូវនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា

គិលានុបដ្ឋាយិកាម្នាក់បានលុបចោលពិធីមង្គលការរបស់ខ្លួន នៅដើមខែកុម្ភៈនេះដោយសារស្ថានភាពករណីឆ្លងនៃវីរុស Covid-19 ។

លោក Benjamin Ong ជាជនជាតិម៉ាឡេស៊ី និងបានទៅធ្វើការនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១២ នៅមន្ទីរពេទ្យ Tan Tock Seng អស់រយៈពេលប្រហែល ៨ ឆ្នាំមកហើយ។

លោក Benjamin Ong មានអាយុ ២៩ ឆ្នាំ ជាគិលានុបដ្ឋាយិកានៃនាយកដ្ឋានវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ TTSH បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា លោកត្រូវបង្ខំចិត្តលុបចោលពិពាហ៍អាពាហ៍ក្នុងពេលកំពុងផ្ទុះខ្លាំងនៃជំងឺកូរ៉ូណា ដោយសារលោកត្រូវទទួលខុសត្រូវលើការថែទាំអ្នកជំងឺ។ លោកថា លោកនិងគូដណ្ដឹង ព្រមទាំងគ្រួសារក៏ចង់ចៀសវាងហ្វូងមនុស្សច្រើនដើម្បីបង្កើនការប្រុងប្រយ័ត្នបន្ថែម។ លោកបានសរសេរនៅក្នុងការបង្ហោះតាមអ៊ិនធើរណេតថា លោកនិងគូដណ្តឹងនៅតែមានគម្រោងរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវបន្ទាប់ពីការផ្ទុះឡើងនៃវីរុសនេះ ដោយពិធីអាពាហ៍ពិពាហ៍នឹងប្រារព្ធឡើងក្នុងលក្ខណៈតូចជាមួយតែសមាជិកគ្រួសារជិតស្និទ្ធប៉ុណ្ណោះ។ វាជាសំណាងល្អដែរ ដែលភោជនីយដ្ឋានទទួលរៀបចំពិធីមង្គលការនេះមិនបានទារសំណងអ្វីពីអនាគតស្វាមីភរិយាទាំង២នាក់នេះទេ ក្រោយការលុបចោលពិធី។

លោកគ្រូពេទ្យ Benjamin Ong បាននិយាយកាលពីថ្ងៃសុក្រថា លោកមានបន្ទុកការងារ ៨ ម៉ោងរៀងរាល់ថ្ងៃ ដែលបណ្ដាលឲ្យលោកហត់នឿយខ្លាំង ឈឺឆ្អឹងឆ្អែង និងសាច់ដុំ ព្រមទាំងពិបាកដកដង្ហើមពេលពាក់ម៉ាស់ការពារអស់ជាច្រើនម៉ោង។ ប៉ុន្តែលោកពិតជាសប្បាយចិត្តក្នុងកិច្ចការនេះក្នុងនាមជាបុគ្គលិកថែទាំសុខភាពម្នាក់។

ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob បានបង្ហោះសារតាមហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ ដោយស្នើឲ្យប្រជាជនសិង្ហបុរីទាំងអស់ ជួយជម្រុញទឹកចិត្តនិងឈរនៅពីក្រោយបុគ្គលិកសុខាភិបាលរបស់ប្រទេសឲ្យមានកម្លាំងចិត្តធ្វើការបន្តទៀត។

ចំណែករដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gan Kim Yong  ក៏បាននិយាយផងដែរកាលពីថ្ងៃពុធថា ការបង្ហាញការគាំទ្រដល់គិលានុបដ្ឋាយិកា និងការកោតសរសើរទៅកាន់គ្រូពេទ្យអាចជួយផ្តល់ឱ្យពួកគេមានទឹកចិត្តបន្តប្រយុទ្ធប្រឆាំងជាមួយការឆ្លងរាតត្បាតនាំជំងឺថ្មី ៕

 

ចុចអាន៖ សិង្ហបុរីរកឃើញករណីឆ្លងវីរុសកូរ៉ូណា ៩ នាក់ថ្មីបន្ថែម  ធ្វើឲ្យអ្នកឆ្លងសរុបឡើងដល់ ៦៧ករណី

សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៨នាក់ទៀតថ្ងៃនេះ ដែលសុទ្ធជាអ្នកមិនធ្លាប់ទៅចិន ធ្វើឲ្យករណីសរុបឡើងដល់ ៥៨នាក់

ប្រែសម្រួល៖ សន្យា