ខ្លាច​ខាត​ពេល​សង្គ្រោះជីវិត​អ្នក​ជំងឺ គិលានុបដ្ឋាយិកា​នៅ Wuhan សុខ​ចិត្តកោរសក់​ដើម្បី​​អាចធ្វើការបាន​កាន់តែ​រហ័ស

អ្នកស្រី ​Shan Xia ជា​គិលានុបដ្ឋាយិកា​អាយុ ៣០ ឆ្នាំ​នៅ​មន្ទីរពេទ្យ Renmin នៃ​សាកល​វិទ្យាល័យ Wuhan បាន​កោរ​សក់​វែង​របស់​នាង​កាល​ពីថ្ងៃ​ច័ន្ទ​ម្សិលមិញនេះ ដើម្បី​ជួយបង្កើនល្បឿន​ការងារ​របស់​នាង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ថ្មី​នេះ។​ អ្នកស្រី Shanដែល​ជា​ម្ដាយម្នាក់និង​មាន​កូន​ពីរ​នាក់​ក្នុងបន្ទុកបាន​និយាយ​ថា អ្នក​នាង​បាន​កាត់សក់​​ ដើម្បី​ចៀសវាង​ការ​ឆ្លង​ និង​ចំណេញ​ពេលវេលា​នៅ​ពេល​នាង​ពាក់​និង​ដោះ​ឈុត​ការពារ​ចេញ​ពី​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​ថា​ ខ្លួន​បាន​រៀបចំ​ក្រុម​បុគ្គលិក​ពេទ្យ​ចំនួន ៩៥៩ នាក់​មក​ពី ៧ ខេត្ត​និង​ក្រុង​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុងអ៊ូហាន (Wuhan) ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​វីរុស corona​ នៅហ៊ូប៉ី ដើម្បី​ការពារ​និង​ផ្ទុក​ការ​ឆ្លង។ ក្រុម​ទាំងនេះ​មកពីខេត្តហេណាន ខេត្ត​ជីលីន ខេត្តលាវនីង​និងខេត្តសានស៊ី រួម​ទាំង​ក្រុងធានជីង និងចុងឈីង។ យោង​តាម​គណៈកម្មការ​បាន​ឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ជា​ច្រើន​កំពុង​ត្រៀម​ទៅ​ទី​ក្រុង Wuhan ។ ហើយក៏​បាន​បញ្ជូន​ក្រុម​ដឹកនាំ​ចំនួន ៧ ក្រុម​ទៅ​ទីក្រុង​ប៉េកាំង ​ហ៊ូប៉ី​ សៀងហៃ​ ហេណាន ​ហួណាន​ ក្វាងទុង​ និង​ស៊ីឈួន​ ដើម្បី​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​ប្រព័ន្ធ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង។

គណៈកម្មការ​បាន​និយាយ​ថា​ ក្រុម​ដឹកនាំ​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​ត្រួតពិនិត្យ​ ការ​រាលដាល​ ការ​ព្យាបាល​វេជ្ជសាស្ត្រ​ ការ​ការពារ​ និង​ការ​រាតត្បាត​ដោយ​សហគមន៍​និង​ស្ថាប័ន​វេជ្ជសាស្ត្រ​មូលដ្ឋាន។

លោក Ma Xiaowei រដ្ឋ​មន្ត្រី​គណៈកម្មការ​សុខភាព​ជាតិ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ក្រុម​គ្រូពេទ្យ​ចំនួន ១២ ក្រុម​​ដែល​មាន​បុគ្គលិក​ពេទ្យ​ជាង ១.៦០០ នាក់​ នឹង​ត្រូវ​បញ្ជូន​ទៅ​តំបន់​ដែល​រងគ្រោះ​ ដោយសារ​ការ​ឆ្លង​វីរុស​នេះ​នៅ​ខេត្ត Hubei ហើយ​អាជ្ញាធរ​ក៏​កំពុង​សម្របសម្រួល​ការ​ផ្គត់ផ្គង់​ដែល​ត្រូវ​ការ​ជា​ចាំបាច់​ ដើម្បី​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង ៕

 

ចុចអាន៖អ្នក​ជំនាញ​​​ជឿថា ការ​ផ្ទុះវីរុស​ថ្មី​​នៅ​ចិន​នឹងអាច​ថយចុះ​​​ក្នុង​រយៈពេល ២០ ថ្ងៃ

ចុចអាន៖ប្រទេស​ថៃ​ រក​ឃើញ​ស្ត្រី​ថៃ​ដំបូង​ដែល​ឆ្លង​វីរុសរលាក​សួត​ថ្មី​ពី​ប្រទេស​ចិន

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ