​ទូតអូស្ត្រាលី​ បង្ហាញបំណងនាំយកក្រុមហ៊ុន​ធំៗមួយចំនួនមកកាន់កម្ពុជា
BREAKING NEWS
Search

​ទូតអូស្ត្រាលី​ បង្ហាញបំណងនាំយកក្រុមហ៊ុន​ធំៗមួយចំនួនមកកាន់កម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាជាមួយ​អ្នក​ឧកញ៉ា​ គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា នាថ្ងៃទីទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា មានបំណងដឹកនាំក្រុមហ៊ុន​អូស្ត្រាលីមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។

លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ​ បានមានប្រសាសន៍ថា លោកមានបំណងដឹកនាំ​ក្រុមហ៊ុនអូស្ត្រាលី មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជា ថាមពលវារី​អគ្គិសនី​ និងថាមពលព្រះអាទិត្យជាដើម។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​សម្តែង​ការគាំទ្រចំពោះការលើក​ឡើងរបស់​លោក​ឯកអគ្គរដ្ឋទូត និង​ស្វាគមន៍​ជានិច្ចក្នុងការសហការជាមួយគ្រប់ក្រុមហ៊ុនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា ក៏បានលើកឡើង និង​វាយតម្លៃខ្ពស់ ចំពោះប្រទេសអូស្ត្រាលី ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចរចា​នាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈការគាំទ្រឲ្យ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសលេច​ចេញ​ជារូបរាងឡើង។ បច្ចុប្បន្ន ប្រជាជនកម្ពុជា ជាច្រើននាក់បានទទួលសញ្ជាតិ និងកំពុងរស់នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយមាននិសិ្សតកម្ពុជាជាច្រើនកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈការផ្ដល់ជំនួយ​ក្នុងវិស័យអប់រំពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីផ្ទាល់ផងដែរ។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបបន្ថែមទៀតថា កន្លងមក អ្នកឧកញ៉ា បានដឹកនាំគណៈប្រតិភូសភា​ពាណិជ្ជកម្មកម្ពុជា អមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ធ្វើ​ទស្សនកិច្ច​នៅប្រទេសអូស្ត្រាលី ចំនួន ២លើកផងដែរ។ អ្នកឧកញ៉ា បាននាំយកក្រុមហ៊ុនអូស្ត្រាលី​ធំៗ​មួយចំនួនមកកាន់កម្ពុជា ដូចជា ធនាគារ ANZ Royal ក្រុមហ៊ុន Toll Group និងធនាគារវីង ជាដើម​។

អ្នកឧកញ៉ា គិត ម៉េង បានរំពឹងថា ក្នុងអាណត្តិបេសកកម្មរបស់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំព្រះរាជា​ណា​ចក្រកម្ពុជា​ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំង និង​រីកចម្រើន​លើគ្រប់វិស័យ ជាពិសេស កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ និង​ទំនាក់ទំនង​ធុរកិច្ច​៕

អត្ថបទ៖ បូ ដូឡា

ចុចអាន៖ សម្ដេចតេជោ អំពាវនាវឲ្យមានការចូលរួមថែរក្សា ពូជត្រី និងជីវចម្រុះ