ម្ចាស់​ចម្ការ​ដំណាំ​ប៊័រ១ រូប​ក្នុង​ខេត្ត​រតនគិរី ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​ដាំ​ឲ្យ​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់
BREAKING NEWS
Search

ម្ចាស់​ចម្ការ​ដំណាំ​ប៊័រ១ រូប​ក្នុង​ខេត្ត​រតនគិរី ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​ដាំ​ឲ្យ​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់

​រតនគិរី ៖ លោក វ៉ាន់ សោភា ម្ចាស់​ចម្ការ​ដំណាំ​ប៊័រ ១​កន្លែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ ក្នុង​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​បាន​ធ្វើ​ការ​ដាំ​ដុះ​នូវ​ដំណាំ​ប៊័រ​នេះ​ចំនួន ៤០០ ដើម លើ​ផ្ទៃដី​ប្រមាណ​ជា ៤ ហិកតា បាន​ឲ្យ​ដឹង​ថា ការ​ដាំ​ដំណាំ​ប៊័​រ​នេះ គឺ​អាច​ដាំ​បាន ២ ជម្រើស ទី​១ គឺ​អាច​យក​គ្រាប់​ពូជ​មក​ដាំ និង​ទី​២ គឺ​អាច​បំបៅ​មែក​ប៊័រ ដែល​មាន​ពូជ​ល្អ និង​ផ្លែ​ធំ រួម​ទាំង​រសជាតិ​ឆ្ងាញ់ យក​មក​ធ្វើ​ការ​ដាំ​ដុះ ដោយ​ប្រើ​តែ​ជីធម្មជាតិ និង​ស្រោច​ទឹក​ឲ្យ​បាន​ដិតដល់ គឺជា​ការ​ស្រេច ដោយ​រយៈពេល​ត្រឹមតែ​២​ឆ្នាំ គឺ​អាច​ទទួល​បាន​នូវ​ទិន្នផល​ហើយ​។​

​ម្ចាស់​ចម្ការ​ដំណាំ​ប៊័រ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដាំ​ដំណាំ​ប៊័រ​តាម​ការ​ជ្រើសរើស​យក​ពូ​ជ​ល្អ មក​ដាំ​ដូចនេះ គឺ​ឆាប់​នឹង​ទទួល​បាន​នូវ​ទិន្នផល​ដោយ​ក្នុង ១​ដើម ដែល​មាន​អាយុកាល​ចន្លោះ​ពី ៤ ទៅ ៥ ឆ្នាំ គឺ​អាច​ប្រមូល​ផល​បាន​ជាង ១០០ គីឡូ​ក្នុង​១​ដើម​។ លោក វ៉ាន់ សោភា បាន​បញ្ជាក់​ទៀត​ថា ដំណាំ​ប៊័រ​នេះ បច្ចុប្បន្ន​កំពុង​មាន​តម្រូវ​ខ្លាំង ហើយ​តម្លៃ​ក៏​អាច​លក់​បាន​ទាំង​បោះ​ដុំ និង​រាយ ក្នុង​តម្លៃ​មួយ​សមរម្យ​ផង​ដែរ​។​

​យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​រតនគិរី បាន​បង្ហាញ​ថា បច្ចុប្បន្ន​ផ្ទៃដី​ដំណាំ​ប៊័រ ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​ដាំ​ដុះ​សរុប​មាន​ជាង​៥០ ហិកតា​នៅ​ទូទាំង​ខេត្ត​រតនគិរី ហើយ​ក្នុងចំណោម ស្រុក ក្រុង​/​ទាំង​៩ នៃ​ខេត្ត ដែល​ដំណាំ​ប៊័រ នេះ​មាន​ការ​ដាំ​ដុះ​ច្រើន​ជាង​គេ គឺ​មាន​ក្រុង​បាន​លុង ស្រុក​បរ​កែវ និង​ស្រុក​លំផាត់​ផង​ដែរ​៕
អត្ថបទ៖ វុ​ទ្ធ​ឦសាន
សូមចុចអាន៖ ​ក្រៅពីកំពត ទុរេននៅ ៥ តំបន់នេះទៀត ក៏​មានរសជាតិឆ្ងាញ់ ល្បី​ទូទាំង​ប្រទេស