បុរសសិង្ហបុរីម្នាក់ចាញ់បោកអ្នកលក់ម៉ាស់តាមអនឡាញខាតប្រាក់អស់ ៧៥០ ដុល្លារ

ម៉ាស់ការពារមុខកំពុងប្រឈមនឹងបញ្ហាកង្វះខាតខ្លាំង ដោយសារនៅតាមឱសថស្ថានភាគច្រើនបានដាច់ស្ដុកនៃការផ្គត់ផ្គង់។ ដូច្នេះដើម្បីទិញម៉ាស់បានប្រើ ពលរដ្ឋបានងាកទៅរកទីផ្សារអនឡាញជំនួសវិញ។ ប៉ុន្តែជាអកុសលពួកគេបានចាញ់ការបោកប្រាស់របស់ជនខិលខូចមួយចំនួននៅលើទីផ្សារអនឡាញនោះ។

កាលពីថ្ងៃទី ១៥ ខែកុម្ភៈ មានភ្ញៀវ២នាក់បានសរសេរព្រមាននៅលើបណ្ដាញសង្គម Facebook ពីជនបោកប្រាស់ដែលពួកគេបានជួបតាមរយៈផ្សារអនឡាញ Carousell។ Carousell ជាក្រុមហ៊ុនទីផ្សារអនឡាញដែលមានអ្នកទិញ-លក់ដោយខ្លួនឯងនៅលើវា។

ជនរងគ្រោះបានចោទប្រកាន់ថា អ្នកលក់ម៉ាស់នៅលើផ្សារនេះបានបោកប្រាស់ប្រាក់របស់ពួកគេ ដោយចេញវិក័យប័ត្រក្លែងក្លាយពីឱសថស្ថាន នៅពេលពួកគេបានបញ្ជារទិញម៉ាស់​តែមិនព្រមបញ្ជូនទំនិញឲ្យឡើយ។

ក្នុងចំណោមជនរងគ្រោះទាំង២មានបុរសម្នាក់ឈ្មោះ  Xie Yu បាននិយាយថា ខ្លួនបានបាត់បង់ប្រាក់ចំនួន ៧៥០ ដុល្លារឲ្យទៅអ្នកលក់។ លោកបន្តទៀតថា លោកបានចុះបញ្ជីរបញ្ជារទិញម៉ាស់ ៣០ ប្រអប់ ដោយ១ប្រអប់តម្លៃ ២៥ ដុល្លារ ដើម្បីផ្ញើទៅបុគ្គលិកនៅទីក្រុង រ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។

លោក Xie Yu បានរៀបរាប់ទៀតថា បន្ទាប់ការបញ្ជារទិញ លោកបានផ្ទេរប្រាក់ចំនួន ៧៥០ ដុល្លារទៅឱ្យអ្នកលក់តាមរយៈ PayNow បន្ទាប់ពីអ្នកលក់បានទទូចចង់ទទួលប្រាក់មុនពេលធ្វើការដឹកជញ្ជូន។ ប៉ុន្តែក្រោយផ្ទេរប្រាក់ លេខទូរសព្ទរបស់អ្នកលក់បានបិទ ចំណែកគណនីលក់នៅលើ Carousell ក៏បានបាត់ដែរ។

លោក Xie Yu បានធ្វើរបាយការណ៍ប្ដឹងទៅប៉ូលីស ហើយប្រកាសរកគណនី Facebook ជននោះ និងផ្តល់រង្វាន់ ៣០០០ ដុល្លារដល់អ្នកណាដែលអាចតាមប្រមាញ់ជនបោកប្រាស់នោះបាន។ លោកនិយាយថា លោកមិនចង់ឃើញអ្នកផ្សេងត្រូវគេបោកប្រាស់ទេ ហើយលោកចង់បញ្ឈប់ជនខិលខូចនោះ។

ចាប់តាំងពីថ្ងៃដែលលោក Xie បានបង្ហោះសារនេះ យ៉ាងហោចណាស់មានមនុស្ស ៩ នាក់បានទាក់ទងទៅលោកដោយនិយាយថា ពួកគេក៏ធ្លាប់ជាជនរងគ្រោះនៃការឆបោកដូចគ្នា។ លោកបានអះអាងថា ជនបោកប្រាស់បានប្រើគណនីនិងលេខទូរស័ព្ទ Carousell ផ្សេងៗគ្នាដើម្បីទាក់ទងជនរងគ្រោះ ហើយពួកគេតែងតែតម្រូវឲ្យបង់ប្រាក់ទៅគណនី PayNow ដូចគ្នាទាំងអស់។

ជនរងគ្រោះដោយការឆបោកម្នាក់ទៀតបាននិយាយដែរថា ខ្លួនក៏បានបញ្ជារទិញម៉ាស់ និងទទួលវិក័យប័ត្រក្លែងក្លាយដែរ។ ពេលនេះខ្លួនបានធ្វើរបាយការណ៍ទៅប៉ូលីសរួចហើយ។ បច្ចុប្បន្នកំពុងប្រមូលព័ត៌មាននិងភស្តុតាងបន្ថែមលើករណីនេះ៕

ចុចអាន៖ បុរសជនជាតិម៉ាឡេស៊ីឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីធ្វើដំណើរទៅប្រទេសសិង្ហបុរី

គិលានុបដ្ឋាយិកាម្នាក់នៅសិង្ហបុរីលុបចោលពិធីមង្គលការព្រោះការទទួលខុសត្រូវនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា

ប្រែសម្រួល៖ សន្យា