អ្នក​នាំ​ពាក្យ បញ្ជាក់​លម្អិត​ជុំវិញ​ករណី​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់ ធ្វើដំណើរ​ពី​ថៃ មក​ព្យាបាល​នៅ​ខ្មែរ

ភ្នំពេញ​ ៖ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ បាន​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់​វិជ្ជមាន​វីរុស​កូ​វីដ​១៩ អត់​លទ្ធភាព​ព្យាបាល​នៅ​ប្រទេស​ថៃ ធ្វើដំណើរ​មក​ព្យាបាល​នៅ​កម្ពុជា។

លោកស្រី​វេជ្ជបណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​ថា «​ករណី​ជនជាតិ​ឥណ្ឌូនេស៊ី ខ្ញុំ​សូម​ជម្រាប​ជូន​ក្រុម​យើង​ទាំង​អស់គ្នា​ថា គាត់​មើល​នៅ​ពេទ្យ​ផា​យ៉ា​ថៃ ទីក្រុង​បាងកក ដល់ពេល​គេ​ធ្វើ​តេស្ដ​នៅ​ទីនោះ​ទៅ ឃើញ​ថា​វិជ្ជមាន​។ ប៉ុន្តែ​ថៃ​មិនមែន​មើល​ទទេ​ទេ គឺ​គេ​គិតលុយ ហើយ​ដោយសារ​ជនជាតិ​ឥណ្ឌូនេស៊ី​នោះ​អត់​មាន​លុយ អញ្ចឹង​គាត់​ក៏​ធ្វើដំណើរ​មក​ស្រុក​ខ្មែរ ដោយសារ​ឮ​ថា​ស្រុក​ខ្មែរ​យើង​មើល​ដោយ​មិន​យក​លុយ​យក​កាក់​នោះ​»​។​

អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ទៀតថា «​កាលដែល​គាត់​មក​នោះ គាត់​អត់​មាន​ជា​រោគសញ្ញា​អី​ទេ គាត់​មិន​មាន​អាការៈ​ឡើង​កម្ដៅ​អី​ទេ នៅ​ពេល​ដើរមក​ក្រុម​គ្រូពេទ្យ​ស្កេន​កម្ដៅ​ធម្មតា អត់​មាន​ឡើង​កម្ដៅ​អី​ទេ ហើយ​គាត់​ជួល​ឡាន​តាក់ស៊ី​មួយ​ជិះ​ដាក់​តែឯង​មក តាម​ច្រក​ប៉ោយប៉ែត ហើយ​មកដល់​សៀមរាប បាន​គាត់​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​យើង​ហ្នឹង។ ពេល​ទៅ​ដល់​ពេទ្យ​យើង​សួរនាំ ​ហើយក៏​ធ្វើតេស្ដ ដោយសារ​ពេល​ទៅ​ដល់​ គាត់​ប្រាប់​ហើយ​ថា នៅ​ថៃ​នោះ គេ​ធ្វើ​តេស្ដ​ទៅ​ឃើញថា​គាត់​វិជ្ជមាន ប៉ុន្តែ​ដើម្បី​បញ្ជាក់​ក្រុម​គ្រូពេទ្យ​យើង​ក៏​ធ្វើ​តេស្ដ​ម្ដងទៀត ពេល​តេស្ដ​រួច​ឃើញ​វិជ្ជមាន​ទាំង​២​នាក់​ហ្នឹង​។ បច្ចុប្បន្ន គាត់​ត្រូវ​បានដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប»។

ពាក់ព័ន្ធ​ទៅលើ​មនុស្ស ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គាត់​នោះ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូប​នេះ បាន​បញ្ជាក់​ថា «មិន​មាន​ច្រើន​ទេ ដោយសារ​គាត់​ចេញ​មក​ហ្នឹង​ក្រុម​គ្រូពេទ្យ​យើង​ឆែកឆេរ​ទៅ ឃើញថា គាត់​ជិះ​តាក់ស៊ី គាត់​ម៉ៅ​ជិះ​តែ​គ្នា​គាត់ អត់​មាន​អ្នកណា​នៅ​ក្នុង​ឡាន​ជាមួយ​គាត់​ទេ​។ បច្ចុប្បន្ន​អ្នកបើកបរ​តាក់ស៊ី​ហ្នឹង យើង​ក៏បាន​រកឃើញ​ហើយ​ ហើយក៏​បានធ្វើ​តេស្ដ​គាត់​ដែរ ហើយ​កំពុង​រង់ចាំ​លទ្ធផល»។

គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​បន្ថែមទៀត​នៅ​ខេត្តសៀមរាប ជា​ជនជាតិ​ឥណ្ឌូនេស៊ីខាងលើ​នោះ​ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​កម្ពុជា​កើន​ឡើង​ដល់​៩៨​នាក់។ ចំណែក​អ្នកជា​សះស្បើយ​មាន​១​នាក់ បូកសរុប​ទាំង​អ្នកជា​លើក​មុនៗ​១០​នាក់​ទៀត​សរុប​អ្នក​ជាមាន​ចំនួន​១១​នាក់​។​

ចំពោះ​២​ករណី​ខាងលើ បើតាម​សេចក្ដី​ជូន​ព័ត៌មាន​នោះ ​បញ្ជាក់ថា ជា​បុរស​អាយុ​៤១​ឆ្នាំ និង បុរស​អាយុ​៤៤​ឆ្នាំ មាន​តេស្ដ​វិជ្ជមាន​កូ​វីដ​១៩ ដែល​ត្រូវ​បានដាក់​ឲ្យ​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប​រួចហើយ​។ បុរស​ទាំង​២​នាក់​ខាងលើនេះ បានធ្វើ​តេស្ដ​នៅ​មន្ទីរពេទ្យ​ផា​យ៉ា​ថៃ ទីក្រុង​បាងកក ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដោយសារ​សាមីខ្លួន​មិនមាន​ថវិកា​បង់ថ្លៃ​ពេទ្យ​នោះ​ទីនោះ ពួកគាត់​ក៏បាន​ធ្វើដំណើរ​មក​ព្យាបាល​នៅ​ប្រទេស​កម្ពុជា ហើយ​ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​យក​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង​២​នាក់​ខាងលើ ទៅធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​១៩៕


អត្ថបទ ៖ មនោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114