សាល ចាន់​ស៊ី ចេញ​ Original Song​ បទ «ខ្លាច​គេដឹង» ​ទទួល​ការ​គាំទ្រ​ច្រើន

​ភ្នំពេញ ៖ តារា​ចម្រៀង​វ័យក្មេង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​លោក សាល ចាន់​ស៊ី ស្រប​ពេល​ដែល​ទីផ្សារ​សិល្បៈ​កាន់​តែ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ ​ថ្មីៗ​នេះ​ បាន​ចេញ​បទ ​Original Song «ខ្លាច​គេ​ដឹង» ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​និង​មិត្តៗ​យុវវ័យ​ ខណៈ​​​បទ​នេះ​មានការ​គាំទ្រ​លើស​ការ​រំពឹង​ទុក។

ជា​ការ​កត់សម្គាល់​បទ​នេះ​ទើបតែ​ចេញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ទាន់​បាន​១​ខែ​ផង​ គឺ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​ជាង​​​២​លាន​នាក់​ អំឡុង​ពេល​ប្រហែល​តែ​១​ខែ​ប៉ុណ្ណោះ​។​មិនតែប៉ុណ្ណោះ​ចំនួន​នៃ​ការ​ស៊ែរ​និង​Like​ក៏​មាន​ចំនួន​កើន​ខ្លាំង​លើស​ពី​អ្វី​ដែល​រំពឹង​ទុកផង​ដែរ​។

​លោក សាល ចាន់​ស៊ី បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ បទ​នេះ​ជា​ស្នាដៃ​និពន្ធ​ថ្មី​ពី​សំណាក់​លោក​ផ្ទាល់ ​ហើយ​សាច់ភ្លេង​ក៏​ជា​ការ​និពន្ធ​ដោយ​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​។ ​លោ​កថា​ដំបូង​ឡើយ​លោក​មិន​នឹក​ស្មាន​ថា​មានការ​គាំទ្រ​ច្រើន​ដូច្នេះ​ទេ​ តែ​នៅ​ពេល​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្រាប់តែ​មានការ​គាំទ្រ​ច្រើន​ដែល​ធ្វើ​ឲ្យ​ខ្លួន​រំភើបចិត្ត​ខ្លាំង​។

​លោក សាល ចាន់​ស៊ី បន្ថែម​ទៀត​ថា ​លោក​ពិតជា​អរគុណ​ខ្លាំង​ចំពោះ​ការ​គាំទ្រ​និង​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​និង​បងប្អូន​យុវវ័យ​ទាំង​អស់​គ្នា​។​ ម្យ៉ាងទៀត​នេះ​លោក​ក៏​មាន​ត្រៀម​បទ​ Original Song ថ្មីៗ​ជាច្រើន​ទៀត​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​និង​អ្នកគាំទ្រ​ផង​ដែរ​ ខណៈ​ទីផ្សារ​ចម្រៀង​បច្ចុប្បន្ន​កំពុង​មានការ​ប្រកួតប្រជែង​គ្នា​ផង​នោះ​៕


អត្ថបទ៖ ចាន់​រ៉ា