អ្នកស្រាវជ្រាវបង្ហាញក្ដីសង្ឃឹម ខណៈសាកលវិទ្យាល័យ Oxford ត្រៀមធ្វើតេស្តវ៉ាក់សាំងកូរ៉ូណាលើមនុស្សជាង១ម៉ឺននាក់ទៀត

ការសិក្សាលើវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណារបស់សាកលវិទ្យាល័យ Oxford បានត្រៀមចាប់ផ្តើមដំណាក់កាលបន្ទាប់របស់ខ្លួន ដោយឈានដល់ការធ្វើតេស្តលើមនុស្សកាន់តែច្រើន គឺចំនួន ១០២៦០ នាក់។ នេះបើផ្អែកតាមសេចក្តីថ្លែងការណ៍ថ្មីមួយពីសាកលវិទ្យាល័យនេះ។

ក្រុមស្រាវជ្រាវនៃសកលវិទ្យាល័យ Oxford កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យា AstraZeneca ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដើម្បីអភិវឌ្ឍនិងផលិតវ៉ាក់សាំងដែលមានសក្តានុពលមួយនេះក្នុងទ្រង់ទ្រាយធំ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានបញ្ចប់ការធ្វើតេស្តដំណាក់កាលទី ១ ដោយមានការចាក់វ៉ាក់សាំងលើមនុស្សជាង ១០០០ នាក់។ ដោយឡែកនៅដំណាក់កាលទី ២ នេះ នឹងពង្រីកចំនួនអ្នកចូលរួមដែលបានទទួលវ៉ាក់សាំងសាកល្បង ដោយរាប់បញ្ចូលទាំងមនុស្សចាស់ និងកុមារ។

បន្ទាប់មកទៀតដំណាក់កាលទី ៣ នឹងវាយតម្លៃពីរបៀបដែលវ៉ាក់សាំងនេះដំណើរការលើមនុស្សមួយចំនួនធំដែលមានអាយុលើសពី ១៨ ឆ្នាំ។

សាស្រ្តាចារ្យ Andrew Pollard ប្រធានក្រុមថ្នាំវ៉ាក់សាំង Oxford បាននិយាយថាការសិក្សា “កំពុងដំណើរការយ៉ាងល្អ” ហើយបាននិយាយថាដំណាក់កាលបន្ទាប់នឹង “សាកល្បងថាតើវាអាចផ្តល់ការការពារដល់ប្រជាជនទូទៅបានដែរឬទេ?”

ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាក្រុមហ៊ុន AstraZeneca បានប្រកាសពីកិច្ចព្រមព្រៀងមួយសម្រាប់ការផលិតវ៉ាក់សាំងដែលមានសក្តានុពលយ៉ាងតិច ៤០០ លានដប។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុនបានទទួលទឹកប្រាក់ជាង ១ ពាន់លានដុល្លារពីអាជ្ញាធរស្រាវជ្រាវនិងអភិវឌ្ឍន៍ជីវសាស្រ្តរបស់អាមេរិកសម្រាប់ការអភិវឌ្ឍ ការផលិត និងការផ្តល់វ៉ាក់សាំងដោយចាប់ផ្តើមពីរដូវស្លឹកឈើជ្រុះ (ខែកញ្ញា) ៕

ចុចអាន៖ មនុស្សយ៉ាងហោច ៨៥នាក់បានឆ្លងកូវីដ១៩ និងម្នាក់ស្លាប់ក្រោយចូលរួមមង្គលការមួយរោង

ចុចអាន៖ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី​ម្នាក់​ទៀត ជា​ស្រ្តី​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​អាមេរិក

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNN