អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​ជំរុញ​ដល់​សភា​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ ពាណិជ្ជករ ដើម្បី​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ខេត្ត ឲ្យ​មានការ​រីកចម្រើន​បន្ថែម

ប៉ៃលិន​ ៖ ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ដូច្នោះ នៅ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ការងារ​វិនិយោគ​ក្នុង​ខេត្ត​ប៉ៃលិន នា​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សុខ សា​ធី​ម ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត , លោក ឡោ ស៊ុន​ជាង ទីប្រឹក្សា​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិកសភា​ពាណិជ្ជកម្ម​ខេត្ត និង​បណ្ដា​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន ជនជាតិ​កូរ៉េ ​​ជនជាតិ​ថៃ ព្រមទាំង​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម ជាច្រើន​នាក់។

មានប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានលើកឡើង អំពី​ស្ថានភាព​ភូមិសាស្ត្រ របស់​ខេត្ត ដែល​មាន​សក្តានុពល លើ​វិស័យ​ទេសចរណ៍ និង កសិកម្ម ចំណែក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត បានផ្តល់​ភាពងាយស្រួល​ច្រើន សម្រាប់​ការ​ចរាចរ ព្រោះ​ខេត្ត​ប៉ៃលិន មាន​ព្រំដែន​ជាប់ ប្រទេស ជិតខាង ដែលមាន​ច្រកទ្វារ​អន្តរជាតិ​មួយ បាន​ធ្វើ​ឲ្យ​មាន​កំណើន សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ផង​ដែរ។ លោក​អភិបាលរង​ខេត្ត ក៏បាន​បញ្ជាក់ដែរថា ​៖ កិច្ចប្រជុំ​ពិភាក្សា​នេះ ក្នុង​គោលបំណង​ជំរុញ ឲ្យ​អ្នកវិនិយោគ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ​​ធ្វើ​សម្រេច​នូវ គោលបំណង​កាន់តែ​ប្រសើរ​ជាង​មុន និង​ផ្តល់​ការប្រឹក្សា ជូន​វិនិយោគទុន នូវ​វិស័យ​អាទិភាព មុន នឹង​សម្រេចការ​ដាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត​យើង​។​

ជាមួយគ្នានេះ​លោក ក៏បាន​ស​ង្ឃឹមយ៉ាង​មុតមាំ លើ​អ្នកវិនិយោគ​ជនជាតិ​ជប៉ុន ដែល​ចង់​បង្កើត​ឲ្យ​មាន​រោងចក្រ​មួយ នៅក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​បង្កើន​សេដ្ឋកិច្ច ឲ្យ​រីកចម្រើន​បន្ថែមទៀត ហើយ​ក៏​ជំរុញ ឲ្យ​អាជ្ញាធរ ជាពិសេស​ស្ថាប័ន​ជំនាញ ពាក់ព័ន្ធ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នកវិនិយោគទុន ដែលមាន​បំណង​ចូលមក​បណ្ដាក់ទុន នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ក៏ដូចជា​ការវិនិយោគ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល​ផងដែរ។

សូមបញ្ជាក់ថា​ ៖​ បើតាម​លោក ឡោ ស៊ុន​ជាង ទីប្រឹក្សា​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត បាន​ឲ្យ​ដឹងថា​៖​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​សរុប​១០៦២​គីឡូម៉ែត្រ​ការ៉េ ដែលមាន​ប្រជាជន​សរុប​១៥៨៧៨ គ្រួសារ ក្នុងនោះ​ខេត្ត​ប៉ៃលិន ក៏បាន​នាំ​កសិផល​មួយចំនួន ទៅកាន់​ទីផ្សារ​អន្តរជាតិ ដូចជា​៖ ដំឡូង​មី​ស្ងួត​,​ដំឡូង​មី​ស្រស់ ពោតក្រហម ស្វាយកែវ​ល្មៀត ផ្លែ​មៀន​ប៉ៃលិន និង​ម្ទេស ។​ចំណែក​ដីចម្ការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម មាន​ចំនួន ៣៧៥០០​ហិកតា និង​មាន​តំបន់​ទេសចរ​ពីរ​ប្រភេទ​គឺ តំបន់​ទេសចរណ៍​បែប​ប្រ​វត្ត​សាស្ត្រ និង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​កែច្នៃ​សរុប​៧​កន្លែង ដូចជា ​៖ ទឹកធ្លាក់​ភ្នំ​ខៀវ ,​ស្ទឹង​តារា​ប​, ចម្ការ​ខ្នុរ​, ម្លប់​សាវម៉ាវ ,​ស្ទឹង​ត្រជាក់ចិត្ត​, លួង​រតនៈសម្បត្តិ​, និង​អូរ​ឈើ​ក្រំ ផងដែរ៕
អត្ថបទ ៖ សេង​សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114