ប៉ៃលិន ត្រៀម​បង្កើត​ផ្សារ​ចុង​សប្ដាហ៍ ដើម្បី​ជួយ​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ដោយសារ​ការ ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩
BREAKING NEWS
Search

ប៉ៃលិន ត្រៀម​បង្កើត​ផ្សារ​ចុង​សប្ដាហ៍ ដើម្បី​ជួយ​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ដោយសារ​ការ ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩

​ប៉ៃលិន ​៖ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើក​ឡើង​ថា​៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ត្រៀម​បង្កើត​ផ្សារ​ចុង​សប្តាហ៍ ដើម្បី​ជួយ​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាត​តូច ស្រប​ពេល​ដែល​ប្រជាកសិករ កំពុង​រង​ផល​ប៉ះពាល់​ទីផ្សារ ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។ ​ការ​លើក​ឡើង​បែបនេះ​ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ ប្រជា​សហគមន៍ ផលិត​មាន់​ស្រែ របស់​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា (AIMS) នា​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា​៖ តាមរយៈ​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) គឺ​អាជ្ញា​ខេត្ត មាន​គម្រោង​សហការ​នឹង​បង្កើត​រៀបចំ​ផ្សារ​ចុង​សប្តាហ៍ សម្រាប់​ប្រជាកសិករ​លក់​ដំណាំ ត្រី សាច់ បន្លែ និង​មាន់​ស្រែ ដែល​ជា​បណ្តុំ​ផលិតផល​ក្នុងស្រុក តាម​បែប​ធម្មជាតិ នៅ​ទីតាំង​សួន​កុមារ មុខ​សាលាខេត្ត និង​គ្រោង​រៀបចំ​ពង្រីក​មាន់​ស្រែ​អាំង​តាម​សហគមន៍ និង​តាម​តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ផង​ដែរ ដើម្បី​ចូលរួម​គាំទ្រ ដល់​ចលនា​ភូមិ​មួយ​ផលិត​មួយ​ផង និង​ដោះស្រាយ​នូវ​បញ្ហា​ទីផ្សារ​ជូន​ប្រជាកសិករ​ផង ដែល​កំពុង​រង​ផល​ប៉ះ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​-១៩​។ ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​នៅ​លើ​សកលលោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​នោះ លោក​អភិបាលខេត្ត ក៏​បាន​ធ្វើ​ការ​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ ជាពិសេស​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់កុល និង​ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប្រចាំ ពេល​ទៅកាន់​កន្លែង​សាធារណៈ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ហើយ​បើ​មាន សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥ ដើម្បី​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​។

​បើ​តាម​របាយការណ៍​របស់​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ឲ្យ​ដឹងថា​៖ សមាគម​ផលិត​មាន់​ស្រែ នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ មាន​ចំនួន ០៤​ក្រុម ស្មើនឹង ១៥៩​នាក់ ស្រី​៨២​នាក់ ក្នុង​នោះ​មាន​កសិករ​គំរូ ចំនួន ៧​នាក់ ទទួល​បាន​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម សរុប​ចំនួន ៤០,៥០០​ដុល្លារ​អា​មេ​រិក ដោយ​ផលិត​មាន់​ស្រែ​បាន​ក្នុង​១​ខែៗ ប្រមាណ​ជាង ១០០០​ក្បាល ហើយ​ទីផ្សារ​សម្រាប់​លក់​មាន់​ស្រែ​ក្នុង​ខេត្ត គឺ​ផ្សារ​ប៉ា​ហ៊ី ផ្សារ​ព្រំ ផ្សារ​សាលា​ក្រៅ ផ្សារ​ប៉ាង​រលឹម និង​ផ្សារ​បាន​ឡែ​ម (​ខេត្ត​បាត់ដំបង​)៕​
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
សូមចុចអាន៖ លោកជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​ដំណើរការ​សាងសង់​អគារ​សិក្សា​ឲ្យ​ឆាប់​រួច​ ដើម្បី​បំពេញ​បំណង​របស់​លោក​គ្រូៗ​និង​សិស្សានុសិស្ស​ដែល​បាន​ស្នើសុំ