កុមារី​អាយុ​២​ឆ្នាំ​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ស្លាប់ ខណៈ​ម្តាយ​រវល់​ចិត​បន្លែ​ ឪពុក​រវល់​ស្រោច​ដំណាំ​

​ព្រៃវែង ៖ កុមារី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ​បាន​លង់​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ខណៈ​ម្ដាយ​ជាប់រវល់​ចិត​បន្លែ​ ចំណែក​ឯ​ឪពុក​ជាប់​រវល់​ស្រោច​ទឹក​ដំណាំ​។

ហេតុការណ៍​ខាង​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៨​និង​១៥​នាទី ថ្ងៃ​ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០​ នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ក្មេង​រង​គ្រោះ ​ចម្ងាយ ១០ ម៉ែត្រ​ស្ថិតនៅ​ភូមិ​ទួល​ពពេល ​ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ​ខេត្ត​ព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​គង់​លិច​បាន​ឲ្យ​ដឹង​ថា ក្មេងរង​គ្រោះ​ឈ្មោះ ​ទ្រី វណ្ណឌី ភេទ​ស្រី​អាយុ ២​ឆ្នាំ ៤​ខែ​រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ​ (​បាន​លង់ទឹក​ស្លាប់​) ឪពុក​ឈ្មោះ ​គ្រី ទ្រី អាយុ ៣៤ ឆ្នាំ ម្តាយ​ឈ្មោះ​ អុល ឡាំង​អ៊ី អាយុ ២៤ ឆ្នាំ​។ ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​លើ​នេះ​ មកពី​ម្ដាយ​រវល់​ចិត​បន្លែ​ស្ល​ ចំណែក​ឯ​ឪពុក​កំពុង​ស្រោច​ដំណាំ​។ ពេលនោះ​បាត់​កូន ម្ដាយ​ក៏​បាន​ដើរ​រក​ ​ទើប​ឃើញ​កូន​លង់ទឹក​នៅ​ស្រះ​ក្រោយ​ផ្ទះ ស្លាប់​បាត់​ទៅ​ហើ​យ​។​

បើ​ផ្អែក​តា​ម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​បំភ្លឺ​ថា​ក្មេង​ស្រី​ពិតជា​លង់ទឹក​ប្រាកដ​មែន។​ បច្ចុប្បន្ន​សមត្ថកិច្ច​យើង​បាន​ប្រគល់សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

អត្ថបទ៖ វិចិត្រ​