សម្តេច​តេ​ជោ ហ៊ុន សែន ​ជំរុញ​ឲ្យ​ការ​ចរចា​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​សម្រេច​បាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ

ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំរុញ​ឲ្យ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​សម្រេច​បាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ក្នុង​គោលបំណង​នាំនូវ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​កូរ៉េ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​បែបនេះ ក្នុងឱកាស​ដែល​សម្តេច​អនុញ្ញាត​ឲ្យ​លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នា​រសៀល​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។​

​លោក កៅ គឹមហួន បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ដោយ​រីករាយ​ចំពោះ​លោក Park Heung-Kyeong ដែល​ត្រូវបាន​រដ្ឋាភិបាល​កូរ៉េ​តែងតាំង​រូបលោក​ជា​អគ្គ​ទូត​ប្រចាំ​នៅ​កម្ពុជា។ ស្រប​ពេលដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ កូរ៉េ​លើកដំបូង​ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​ប៊ូសាន​ប្រទេសរ​កូរ៉េ​នៅ​សប្ដាហ៍​ក្រោយនេះ ។

​បើតាម​លោក កៅ គឹមហួន កិច្ចប្រជុំ​កំពូល​មេគង្គ​កូរ៉េ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដែល​បានស្នើ​ឲ្យ​មាន​ឡើង​កម្រិត​ ដែល​មុន​នេះ​កិច្ច ប្រជុំ​មេគង្គ​កូរ៉េ​គឺធ្វើឡើង​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ប៉ុណ្ណោះ។ សំណើ​នេះ​ត្រូវបាន​រដ្ឋាភិបាល​កូរ៉េ​ទទួលយក​។​ សម្ដេច​តេ​ជោ​ហ៊ុនសែន​បានបង្ហាញ​ការរីករាយ​ដែល​ប្រទេស​កូរ៉េ​ក៏ដូចជា​បណ្ដា​ប្រទេស​មេគង្គ​ផ្សេងៗ​ទៀត​បាន​ទទួលយក​នូវ​គំនិត​ផ្ដួចផ្ដើម​នេះ។

លោក​ទូត​កូរ៉េ​បាន​កោតសរសើរ​ចំពោះ​ភាពឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ក្នុង​ការជំរុញឱ្យ​កិច្ចប្រជុំ​កំពូល​មេគង្គ​កូរ៉េ​ឡើង​កម្រិត​ដែល​ថ្នាក់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​ អ្នក​ដែលជា​ស្ថាបនិក​នៃ​ការបង្កើត​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​គឺជា​រូប​សម្តេច ផ្ទាល់​ហើយ​គិត​មកដល់ពេលនេះ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​យ៉ាងច្រើន ដែល​ក្នុងនោះ​ក៏មាន​ការបញ្ជូន​ពលករ​ខ្មែរ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ប្រមាណ ៥ ម៉ឺន​នាក់​ផងដែរ។ សម្តេច​បាន​ជម្រាបជូន​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ថា ស​ម្ដេច​ក៏មាន​គម្រោង​ជួប​ជាមួយនឹង​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្នុង ប្រទេស​កូរ៉េ​ប្រមាណ ៥ ម៉ឺន​នាក់ នៅ​ល្ងាច​ថ្ងៃទី ២៤ ខែ វិច្ឆិកា ផងដែរ​នៅក្នុង​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​លើក​នេះ ។

លោក​ឯកអគ្គរដ្ឋទូត​បាន​អរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានអនុញ្ញាត​ឲ្យ​លោក​បាន​ចូលជួប​សំដែង​ការគួរសម​។​ លោក​ទូត​បាន​គូសបញ្ជាក់​ជូន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ពិត​ជាមាន​ការ​រីករាយ​ណាស់​នៅ​ពេល​ ដែល​មើលឃើញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន។ ក៏ប៉ុន្តែ​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​លោក​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាព​រឹងមាំ​ឡើង​និង​រីកចម្រើន​ឡើង​ដោយ​ជំរុញ​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​​ វិនិយោគ និង ពាណិជ្ជកម្ម​បន្ថែមទៀត។

​នៅក្នុង​ចំណុច​នេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​បញ្ជាក់ថា​ ៖ ​កូរ៉េ​បាន​បន្ត​ជួយ​កម្ពុជា​ដែល​ពេល​ថ្មីៗ​នេះ​អង្គការ koika​របស់​កូរ៉េ​បានផ្ដល់​ជំនួយ​១០​លាន​ដុល្លារ ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ ​បាន​បន្តថា​នេះ​ជា​រឿង​ល្អ​ដែល​កូរ៉េ​បាន​បន្ត​ជួយ​កម្ពុជា​ទៅលើ​វិស័យ​ផ្សេងៗ​រួមទាំង​វិស័យ​ដោះមីន​ផងដែរ។

សម្ដេច​តេ​ជោ​ក៏បាន​លើកឡើង​ទៀតថា​ ប្រទេស​កម្ពុជា​និង​កូរ៉េ​នៅមាន​សក្តានុពល ​ដែល​អាច​ពង្រីក​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​បន្ថែមទៀត​ដែល​ក្នុងនោះ​សម្តេច ​បាន​ជំរុញ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​កូរ៉េ​ឲ្យ​សម្រេច​បាន​ឆាប់រហ័ស។

លោក​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ​ការចរចា​បាន​និង​កំពុង​ដំណើរការ​ ហើយ​សង្ឃឹមថា​ ភាគី​ទាំងពីរ​ នឹង​ប្រឹក្សា​រួមគ្នា​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ​និង​កូរ៉េ​នេះ ​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ លោក​ទូត​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គម្រោង​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​ដែលជា​គម្រោង​មួយ​ដ៏​មាន​សារៈសំខាន់៕
ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114