Paul Omogba ទន្ទឹង​រង់​ចាំ​ការប្រកួត​លី​គ សម្រាប់​ភ្នំពេញ​ក្រោ​ន នា​រដូវ​កាល​ថ្មី ២០២០

​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា កីឡាករ Paul Esoh Omogba ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្នុង​កិច្ចសន្យា​សម្រាប់​រដូវ​កាល​២០២០ ខណៈ​មក​ទល់​ពេល​នេះ​រូបគេ​បាន បង្ហើប​ថា​កំពុង​ទន្ទឹង​រង់​ចាំ​ការប្រកួត សម្រាប់​ក្លឹប​ថ្មី​របស់​ខ្លួន ជា​មួយ​នឹង​អារម្មណ៍ ១០០​ភាគរយ ក្នុង​លី​គ​ដែល​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​។

​ការប្រកួត​លី​គ​កំពូល​កម្ពុជា កាន់តែ​កៀក​មកដល់​ផង​ដែរ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ ចុង​សប្ដាហ៍​នេះ ដែល​ជា​សប្ដាហ៍​ដំបូង ក្រោយ​លី​គ​រដូវ​កាល ២០១៩ បញ្ចប់​ជាង ៣​ខែ​រួចមក ស្រប​ពេល​ប្រកួត​ដំបូង​របស់​ភ្នំពេញ​ក្រោ​ន គឺ​ត្រូវ​ជួប​ជាមួយ អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន នា​វេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច ផ្ទាល់​តែម្ដង​។

​កៀក​ជា​មួយ​នឹង​ការប្រកួត​ខិត​ជិត​មកដល់ កីឡាករ​ដែល​មាន​បទ​ពិសោធ​ជោកជាំ​នៅ​លី​គ​កំពូល​កម្ពុជា រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ការប្រកួតប្រជែង​ណាស់ ដូច្នេះ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ការប្រកួត​របស់​លី​គ​។ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់ ១០០%​ហើយ ខ្ញុំ​នឹង​លេង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​សម្រាប់​ភ្នំពេញ​ក្រោ​ន ។ ខ្ញុំ​ចង់​ឲ្យ​អ្នកគាំទ្រ​របស់​យើង​ចងចាំ​រដូវ​កាល​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ​ញញឹម​ម្តង​ទៀត​។​»

​គួរ​រំលឹក​ផង​ដែរ​ថា Paul Esoh Omogba ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​បរទេស​ដែល​មាន​បទពិសោធន៍​ក្នុង​លី​គ​កំពូល​កម្ពុជា ដ្បិត​ធ្លាប់​រួមរស់​ជាមួយ​បឹង​កេត ចំនួន ៣​រដូវ​កាល​ផង​ដែរ ចន្លោះ​ឆ្នាំ​២០១៥, ២០១៦ បាន​ផ្លាស់​ទៅលេង​ឲ្យ​ក្លឹប Yadanbon FC របស់​មី​យ៉ាន់​ម៉ា នៅ​ចុង​ឆ្នាំ​២០១៦ បាន​មួយ​រយៈ ក៏​ត្រលប់​មក​ចូលរួម​ជាមួយ បឹងកេត សារ​ជា​ថ្មី​ពី​រដូវ​កាល​២០១៧ និង​២០១៨ រហូតដល់​រដូវ​កាល​២០១៩ ផ្លាស់​មក​ចូលរួម​ណាហ្គា​វើ​ល ជាទី​ដែល​រូបគេ​រក​បាន ១៩​គ្រាប់​នៅ​រដូវ​កាល​នេះ​។

Paul Esoh Omogba ជោគជ័យ​ជាងគេ​គឺ​រួមរស់​ជាមួយ បឹងកេត គឺជា​ទី​ដែល​រូបគេ​អាច​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ២​ដង នៅ​ឆ្នាំ​២០១៦ និង​នៅ​ឆ្នាំ​២០១៧ ខណៈ​អ្វី​ដែល​គេ​ចង់​ចាំ​មិន​ភ្លេច​គឺ​បាន​ជួយ​ឲ្យ បឹងកេត បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​ក្លឹប​បាល់ទាត់​ប្រចាំ​តំបន់​មេគង្គ ( Toyota Mekong Club Championship 2015 ) កាលពី​ឆ្នាំ​២០១៥ ផង​ដែរ ក្រោយ​ជម្រុះ​ជាច្រើន​ដំណាក់កាល​។

​គួរ​បញ្ជាក់​ថា Paul Esoh Omogba គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​កីឡាករ ១៤​រូប​ដែល​ភ្នំពេញ​ក្រោ​ន នាំចូល​តាំងពី​ចុង​ឆ្នាំ​២០១៩ រួមមាន​ខ្សែ​ការពារ កុក បូរី​ស ដំបូង​គេ​, កីឡាករ អ៊ុំ វិចិត្រ និង​កីឡាករ​បរ​ទេ​សញ្ជាតិ​កូ​ឡុំ​ប៊ី Andres Nieto កីឡាករ​យុវជន ៥​រូប ពៅ គីម​ណាន់​, ឃុន សុខ​ម៉េង​, អ៉ី​ម សំ​អូន​, ណុប សុ​ផា​នុ និង សំណាង រិទ្ធី​, Masaaki Indeguchi, Timothy Okereke ដែល​ផ្ទេរ​មកពី​អង្គ​រថា​យ​ហ្គឺ​រ និង​ចុងក្រោយ​ថ្មីៗ​នេះ​កីឡាករ ប៉ាក់ កែវ​ម៉ូ​នី ដែល​ជា​ខ្សែ​ការពារ​កូនកាត់​ខ្មែរ​បារាំង​៕