ក្លិបបាល់ទាត់ភ្នំពេញក្រោន នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសពីការចុះកិច្ចសន្យាផ្ទេរយកខ្សែបម្រើជនជាតិនីហ្សេរីយ៉ា Paul Esoh Omogba សម្រាប់រដូវកាល២០២០ ពោល គឺនៅអំឡុងពេលទីផ្សារដោះដូរកីឡាករកំពុងដំណើរការ។
គួររំលឹកផងដែរថា Paul Esoh Omogba ត្រូវបានគេចាត់ទុកថា ជាកីឡាករបរទេសដែលមានបទពិសោធន៍ក្នុងលីគកំពូលកម្ពុជា ដ្បិតធ្លាប់រួមរស់ជាមួយបឹងកេត ចំនួន៣រដូវកាលផងដែរ ចន្លោះឆ្នាំ២០១៥, ២០១៦ បានផ្លាស់ទៅលេងឲ្យក្លឹប Yadanbon FC របស់មីយ៉ាន់ម៉ា នៅចុងឆ្នាំ២០១៦ បានមួយរយៈ ក៏ត្រលប់មកចូលរួមជាមួយបឹងកេតសាជាថ្មីពីរដូវកាល២០១៧ និង២០១៨ រហូតដល់រដូវកាល២០១៩ ផ្លាស់មកចូលរួមណាហ្គាវើល ជាទីដែលរូបគេរកបាន១៩គ្រាប់នៅរដូវកាលនេះ។
Paul Esoh Omogba ជោគជ័យជាងគេ គឺរួមរស់ជាមួយបឹងកេត គឺជាទីដែលរូបគេអាចជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា២ដង នៅឆ្នាំ២០១៦ និងនៅឆ្នាំ២០១៧ ខណៈអ្វីដែលគេចងចាំមិនភ្លេច គឺបានជួយឲ្យ បឹងកេត បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់មេគង្គ ( Toyota Mekong Club Championship 2015 ) កាលពីឆ្នាំ២០១៥ ផងដែរ ក្រោយជម្រុះជាច្រើនដំណាក់កាល។
គួរបញ្ជាក់ថា Paul Esoh Omogba គឺជាសមាជិកទី២ ហើយដែលនាំក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះនាំចូលមករួមក្រុម បន្ទាប់ពីកីឡាករខ្សែការពារ កុក បូរីស ដែលទើបតែផ្ទេរចូលកាលពីសប្ដាហ៍មុន និងក្រោយពេលដែលក្លិបបានសម្រេចបន្តកិច្ចសន្យាថ្មីដល់កីឡាករ៥រូបឲ្យបន្តរួមរស់ជាមួយក្លិបរួមមាន កីឡាករ ពៅ ប៉ុនវុទ្ធី (ខ្សែប្រយុទ្ធ), គង់ ចាន់វុទ្ធី (អ្នកចាំទី), សួន នឿត (ខ្សែការពារ), សេត រ៉ូហ្សាក់ (ខ្សែបម្រើ) និងសុខ បញ្ញា (ខ្សែការពារ)។
យ៉ាងណាមិញ ក្លិបក៏មានកីឡាករចំនួន៥រូប ចែកផ្លូវជាមួយផងដែរ បន្ទាប់ពីចំណាយពេល១រដូវកាលពេញ និងពុំទទួលបានជោគជ័យ ពោលគឺកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen កីឡាករជើងចាស់ នៅ សុខសិលា, ពុំ តុលា, ខ្សែប្រយុទ្ធ សេង សារ៉ាវុធ និង ខ្សែការពារ ស្រាំង ទិត្យឈី។
បញ្ជាក់ថា សមិទ្ធផលរបស់ភ្នំពេញក្រោន កាលពីរដូវកាលមុន គឺបញ្ចប់ទៅដោយឈរនៅលេខ៦ នៃលីគកំពូលកម្ពុជា និងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ហើយទទួលបានលេខ៣ស្ទួន៕