គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បច្ចុប្បន្នភាព​ក្រុម ​ក្រោយ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅផ្ទះ​រៀងៗ​ខ្លួន​ជៀសវាង​ការ​រាតត្បាត COVID-19

រយៈពេល ១​សប្ដាហ៍​ហើយ​ដែល​ពានរង្វាន់​បាល់ទាត់​ក្នុងស្រុក​គ្រប់​កម្មវិធី​ទាំងអស់ ទាំង​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពាន​យុវជន​ទាំងពីរ​ឈុត រួមទាំង​សកម្ម​នៅលើ​ឆាក​អន្តរជាតិ ត្រូវបាន​ផ្អាក ដើម្បី​បង្ការ​ការ​រាតត្បាត​ជំងឺ COVID-19 ដែល​កំពុង​ក្លាយជា​រឿង​ព្រួយបារម្ភ​នៅ​ជុំវិញ​ពិភពលោក​។​

ភ្ជាប់​ជាមួយគ្នានេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែលមាន​កម្មវិធី​ប្រកួត​ពីរ​ផ្សេង​ពីគ្នា​ក្នុង​ដើមឆ្នាំ​២០២០ នេះ​ក៏​ត្រូវបាន​ផ្អាក​ដូចគ្នា ខណៈ​កីឡាករ​ទាំងអស់​ត្រូវបាន​ក្លិប​អនុញ្ញាត​ឲ្យ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀងខ្លួន ផងដែរ ​ដើម្បី​អាច​រក្សា​កម្លាំង និង​ថាមពល​ឲ្យ​មាន​ថេរ ត្រៀម​ពេល​ស្ថានភាព​ធូរស្បើយ និង​បន្ត​សម្រប​ខ្លួន​ជាមួយ​ការប្រកួត​បាន​ដោយ​រលូន​ដូច​ធម្មតា បើទោះបីជា​ខកខាន​ហ្វឹកហាត់​ផ្ទាល់​នៅលើ​ទីលាន​ក៏ដោយ​។​

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ សារព័ត៌មាន​កម្ពុជា​ថ្មី លោក Conor Nestor គ្រូបង្វឹក​នៃ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ផ្ដល់នូវ​បច្ចុប្បន្នភាព​ខ្លះ​អំពី​កូនក្រុម ក្នុងអំឡុងពេល​ហ្វឹកហាត់​តាម​ផ្ទះ​រៀងៗ​ខ្លួន​នេះ​។ ‘​គ្រប់គ្នា​មិន​អី​ទេ ប៉ុន្តែ​យើង​នៅតែ​មិនទាន់មាន​ការហ្វឹកហាត់​ជុំគ្នា​។ យើង​ត្រូវ​រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​មួយរយៈ​សិន​។​’ សម្ដី​របស់ លោក Conor​។​

គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​បាន​បន្ថែមទៀតថា ​៖ `​ពួកគេ​អាច​ចេញទៅ​ក្រៅ​បាន​តាម​ភាពចាំបាច់​របស់​ពួកគេ ប៉ុន្តែ​យើង​បានស្នើ​សុំ​ឲ្យ​រក្សា​គម្លាត​ឆ្ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​តាម​វិធាន​។ យើង​ចង់​ឲ្យ​ពួកគេ​រួមចំណែក​ការពារ​មនុស្ស​ចាស់​ដែលជា​សមាជិកគ្រួសារ​រ​បស់​គេ​។​`

លោក​ក៏បាន​បង្ហើប​ផងដែរ​ថា ការហ្វឹកហាត់​ដោយ​ខ្លួនឯង​គឺ​ផ្ដោតលើ​លំ​ហាត់​បែប​កម្លាំង និង​ការរត់ ដែល​ទាំងពីរ​នេះ អាចធ្វើ​ពី​ផ្ទះ​បាន ដោយ​មិនចាំបាច់​ទៅ​កន្លែង​ហាត់ប្រាណ​ឡើយ ប៉ុន្តែ​យ៉ាងណា​លោក​ក៏មាន​ការព្រួយបារម្ភ​ខ្លះៗ​ផងដែរ ដោយ​ការធ្វើ​បែបនេះ​តែមួយ​មុខ​គឺ​មិនមែនជា​អ្វីដែល​បាល់ទាត់​ត្រូវធ្វើ ប៉ុន្តែ​ក្លិប​ត្រូវតែ​ធ្វើ ពីព្រោះ​នេះ​គឺជា​ការទទួលខុសត្រូវ​សង្គម​ដ៏​ធំ​មួយ ដើម្បី​រួមចំណែក​ថែរក្សា​ជន​ងាយ​រងគ្រោះ​ជាងគេ​ក្នុង​សហគមន៍​។​

ជុំវិញ​ថា តើ​លោក​ទន្ទឹងរង់ចាំ​ការ​ត្រលប់​មកវិញ​នៃ​ការប្រកួត​បាល់ទាត់​ខ្លាំង​កម្រិតណា​? លោក Conor Nestor បាន​បញ្ជាក់ថា​៖ ‘​ពិតណាស់ ខ្ញុំ​ញៀន​ជាមួយ​បាល់ទាត់​ដែលជា​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​នឹក​កីឡាករ និង​មន្ត្រី​នានា​ប្រចាំ​ក្លិប ខ្ញុំ​នឹង​អ្នកគាំទ្រ ប៉ុន្តែ​បើ​យើង​ត្រឡប់​ទៅ​ហ្វឹកហាត់ ហើយនឹង​ចូលរួម​ការ​ប្រកួត​លឿន​ពេក នាំ​ឲ្យ​នរណាម្នាក់​ក្នុងចំណោម​កីឡាករ​, មន្ត្រី​ក្លិប​, អ្នកគាំទ្រ ហើយនឹង​គ្រួសារ​របស់គេ​ឈឺ នោះ​យើង​នឹងមាន​ហានិភ័យ​។​’

គួរ​បញ្ជាក់ថា ការប្រកួត​លី​គ​កំពូល​កម្ពុជា បានបញ្ចប់​សប្តាហ៍​ទី​៥ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ហើយ​ត្រូវបាន​សម្រាក​រយៈពេល ២​សប្តាហ៍ ដោយ​អនុ​វត្តមាន​កាលវិភាគ​ចាស់​របស់ FIFA និង AFC ខណៈ​ក្រោយមក​ដោយ​ស្ថានការណ៍​នៃ​ជំងឺ​ថ្មី​កាន់​តែមាន​ភាពកើនឡើង​នៅ​កម្ពុជា ទើប​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សម្រេច​ពន្យា​ពេល​ប្រកួត​ជា​បណ្ដោះអាសន្ន​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114