អគ្គ​លេខា​កីឡា​កាយសម្ព័ន្ធ​ថា ទោះបី​រំសាយ​ក៏​ការ​ហ្វឹកហាត់​នៅ​តែ​មាន

​ក្នុង​ខណៈ​ដែល​រាល់​ការ​ប្រមូលផ្ដុំ​នានា​នៃ​កីឡា​ជម្រើស​ជាតិ​ទាំង​ថ្នាល ទាំង​ឈុត​ធំ​ត្រូវ​រំសាយ និង មិន​មាន​ការ​ប្រមូលផ្ដុំ​ដោយ​ជា​បណ្ដោះអាសន្ន​ដោយសារ កូវីដ១៩ ក៏ដោយ ក៏​កីឡា​កាយសម្ព័ន្ធ​នៅតែ​ចំណាយ​ពេល​ហ្វឹកហាត់​នៅ​តាម​ស្រុកភូមិ​របស់​ពួកគេ​ដដែល។

​លោក ណ​យ ផា​ណា ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ បើ​មិន​មាន​ការ​ហ្វឹកហាត់​តែមួយ​ខែ​នោះ​អ្វីៗ​នឹង​ស្មើ​សូន្យ​តែម្ដង។ ប្រភេទ​កីឡា​នេះ ត្រូវការ​កម្លាំង និង ភាព​ទន់ភ្លន់​ ដែល​ភាព​ទន់ភ្លន់​នេះ​វា​លំបាក​ជាង​ការ​ហ្វឹកហាត់​កម្លាំង​ទៅទៀត។

​លោក​ទទួល​ស្គាល់ថា ពួកគេ​គឺ​ទាំង​កីឡាករ​កីឡាការិនី​ថ្នាល​ទាំង​១២​រូប និង​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ឈុត​ធំ​ចំនួន ១៣​រូប ត្រូវបាន​រំសាយ​ទៅតាម​ផ្ទះ​វិញ​ក៏ពិតមែន តែ​សហព័ន្ធ​បាន​ណែនាំ​ពួកគេ ​ឲ្យ​ធ្វើការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​របស់​ពួកគេ​ ឲ្យ​បាន​ក្នុង​មួយថ្ងៃ​ពី​១​ម៉ោង ទៅ មួយ​ម៉ោង​កន្លះ ឬក៏​អាច​ច្រើនជាង​នេះ​ទៅតាម​ ដែល​ឱកាស​ផ្ដល់​ឲ្យ​គេ ហើយ​គេ​អាច​ធ្វើ​បាន។

​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បន្ត​ថា សហព័ន្ធ​មិនបាន​បង្ខិតបង្ខំ​គេ​ឲ្យ​ហាត់​នោះ​ទេ គ្រាន់តែ​ឲ្យ​ពួកគេ​ហ្វឹកហាត់​ខ្លះ​ៗ ដើម្បី​សុខភាព​តែប៉ុណ្ណោះ។​ ជាមួយនឹង​ការហ្វឹកហាត់​នេះ សហព័ន្ធ​នៅ​បន្ត​តាមដាន​ពី​គុណ​ផល​របស់​ពួកគេ ព្រមទាំង​តាមដាន​ពី​សុខភាព​របស់​ពួកគេ​ហើយ​ប្រសិនបើ​មាន​អ្វី​ប្រែប្រួល​ពិសេស​សុខភាព​របស់​ពួកគេ​សហព័ន្ធ​នឹង​បញ្ជូន​គេ​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ភ្លាម។

​សូម​បញ្ជាក់​ថា កីឡា​កាយសម្ព័ន្ធ​មាន ២ ប្រភេទ​គឺ​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Gy mnastic Aerobic) និង កាយសម្ព័ន្ធ​អារ​ទី​ស្ទីក​(GymNastic Artistic)​ដែល​ទាំង​២​ប្រភេទ​នេះ​សុទ្ធតែ​ត្រូវការ​កម្លាំង​និង​ភាព​ទន់ភ្លន់​ដូចគ្នា៕

 

​អត្ថបទ៖ វិ​សិទ្ធ​