លី​គ ពាន​សម្ដេច​តេ​ជោ និង​ពាន​យុវជន​២​ផ្សេងទៀត ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ផ្អាក​ប្រកួត​ជា​ផ្លូវការ

ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​ផ្លូវការ ក្នុង​ប្រទេស​កម្ពុជា ដែល​រួមមាន​លី​គ​កំពូល​កម្ពុជា (​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​) ពានរង្វាន់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​យុវជន​២​ផ្សេងទៀត ត្រូវ​បាន​សម្រេច​ផ្អាក​ជា​ផ្លូវការ​ទាំងអស់ ដើម្បី​បង្ការ​ការទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ (Covid-19)។​

យោង​តាម​សេចក្ដីប្រកាស​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​មីនា ​ដំបូង​ឡើយ ​គឺ​បាន​ប្រកាស​ផ្អាក​ការប្រកួត​ពានរង្វាន់​យុវជន​ចំនួន​២ ដែល​បាន​និង​កំពុង​ប្រកួត​នោះ គឺ​ការ​ប្រកួត​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ឆ្នាំ​២០២០ ជា​បណ្ដោះ​អាសន្ន រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ខណៈ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ក៏​មាន​ការ​ជូនដំណឹង​ថ្មី​មួយទៀត ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) ដែល​ជា​សេនាធិការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​រៀបចំ​លី​គ​កំពូល​កម្ពុជា (​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​) និង ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ស្ដីពី​ការប្រកាស​ផ្អាក​ពានរង្វាន់​ទាំងពីរ​នេះ ដូចគ្នា ជាមួយនឹង​សេចក្ដីបញ្ជាក់​អំពី​ការ​ជូនដំណឹង​នាពេល​ក្រោយ​ជុំវិញ​ការ​ចាប់​ផ្ដើម​វិញ​នៅពេលណា​។​

ត្រលប់​មក​និយាយ​អំពី​ពាន​យុវជន ការប្រកួត​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​យុវជន​អាយុ​ក្រោម១៨​ឆ្នាំ មុន​ផ្អាក​ការប្រកួត​បណ្ដោះអាសន្ន គឺ​បាន​ឈាន​ដល់​ការប្រកួត​ជុំ​ទី​២ ហើយ ដោយ​ពាន U16 បាន​រកឃើញ​ក្រុម​មួយចំនួន ដែល​បាន​កក់​កៅអី​ជុំ​ទី​៣ ខណៈ​ពាន U18 ទើប​ដំណើរ​ការ​ប្រកួត​បាន​១​ប្រកួតៗ​ប៉ុណ្ណោះ នៅ​ក្នុង​ពូ​ល​ទាំង​៤ ដែលមាន​១៦​ក្រុម​ចូលរួម​។

ដោយឡែក​ចំពោះ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ វិញ ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​សប្ដាហ៍​ទី​៥​ដែល​ទើបតែ​បញ្ចប់​ កាលពី​ថ្ងៃទី​១៥ ខែ​មីនា កន្លងទៅ គ្រា​ដែល​ពានរង្វាន់​ សម្ដេច​អគ្គមហាសេ​នា​បតី​តេ​ជោ ហ៊ុន សែន នឹង​ផ្អាក​ចាប់ពី​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ (១/៤ ផ្ដាច់ព្រ័ត្រ​) ថ្នាក់​ខេត្ត តទៅ​ផង​ដែរ​។​

ក្រៅតែពី​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ផ្លូវការ​ទាំង​៤​ខាងលើ ចំពោះ​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២០ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា នា​សណ្ឋាគារ Garden City ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ផង​ដែរ រហូតដល់​មាន​ការ​ជូនដំណឹង​ថ្មី​។​
​បញ្ជាក់ថា ជុំវិញ​ការ​ផ្អាក​ខាងលើ គឺជា​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិ​បាល ពិសេស​តប​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បញ្ចៀស​ការ​ជួបជុំ​មនុស្ស​ច្រើន ក្នុង​ន័យ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ (Covid-19) ដែល​កំពុង​មាន​ឥទ្ធិពល​ស្ទើរ​ជុំវិញ​ពិភពលោក​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114