យានជំនិះ​គ្រប់​ប្រភេទ ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​ចូលរួម​បង់​ពន្ធដារ​ជូន​រដ្ឋ ​ឆ្នាំ​២០១៩​ ​មាន​ការ​កើន​ឡើង

ព្រះសីហនុ ៖​ លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធដារ​យានយន្ត​គ្រប់​ប្រភេទ ក្នុង​ឆ្នាំ​២០១៩ ​គិត​មកដល់​ចុងខែ​វិច្ឆិកា​នេះ​ បាន​ចំនួន ​១៣ ០៦៩ ​គ្រឿង ស្មើនឹង​ប្រាក់​ទទួល​បាន​(៧០៦៩ ៥៣០ ០០០រៀល​)(​ប្រាំពីរ​ពាន់ ហុកសិប ប្រាំបួន​លាន ហាសិប​បី​ម៉ឺន​រៀល​) ចំនួន​នេះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​ ដែល​ប្រមូល​ពន្ធ​បាន​លើ​យានយន្ត​ចំនួន​ ១១ ៨១១​ គ្រឿង​ ស្មើនឹង​ប្រាក់​ទទួល​បាន​(៥៦៦៧ ១៥០ ០០០រៀល)(​ប្រាំ​ពាន់​ប្រាំមួយ​រយ​ហុកសិប​ប្រាំ​ពីរ​លាន ដប់​ប្រាំ​ម៉ឺន​រៀល​)​ គឺ​កើន​ឡើង (១០.៦៥​ភាគរយ​)។

លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​បន្តទៀតថា ​ការ​បង់ពន្ធ​លើ​យាន យន្ត​គ្រប់​ប្រភេទ ត្រូវបាន​បញ្ចប់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សម្រាប់​ពេល​នេះ សមត្ថកិច្ច​ប៉ូលិស​កំពុង​សហការ​ជាមួយ​មន្ត្រី​ពន្ធដារ ចាប់ផ្ដើម​ចុះ​ពិនិត្យ​ជាក់ស្ដែង នៅ​គ្រប់​លើ​ដង​ផ្លូវ​សាធារណៈ ក្នុង​ករណី​ពិនិត្យឃើញ​មាន​យានយន្ត​ណា​មិនទាន់​ធ្វើការ​បង់ពន្ធ គឺ​ត្រូវតែ​អនុវត្ត​​នីតិវិធី​ច្បាប់ ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​បង់ពន្ធ ​រួម​នឹង​ប្រាក់​ពិន័យ​ផងដែរ។

ជាមួយគ្នានេះ លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​សហការ និង​យល់ដឹង​អំពី​ការ​បង់ពន្ធ​ចូល​រដ្ឋ ដោយ សង្ឃឹម​ថា ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ​ នឹងមាន​ការកើនឡើង​ក្នុងការ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ គ្រប់​ប្រភេទ៕


អត្ថបទ ៖ កោះពស់​

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114