BREAKING NEWS
Search

តួអង្គភ័យ​រន្ធត់នៅក្នុងសៀវភៅប្រឌិតដែលធ្លាប់មានពិតមែន​លើផែនដីនេះ

លើលោកនេះមានរឿងរ៉ាវច្រើនណាស់ដែលពិតជាមិនគួរឲ្យជឿទាល់តែសោះ រហូតពេលខ្លះ មនុស្សយើងគិតថា អាចនឹង​មានតែក្នុងរឿងនិទាន ឬប្រលោមលោកប៉ុណ្ណោះ។ តួយ៉ាងដូច តួអង្គក្នុងព្រេងនិទានខ្លះ ដែលមានសភាពខុសឆ្ងាយពីជីវិតពិតខ្លាំងមែនទែន ទើបមនុស្សមិនជឿថាមានពិតមែនលើផែនដី​នេះឡើយ។

យ៉ាងណាមិញ តួអង្គ ២ នេះពិតជាបានកើតមាន​ក្នុងពិភពលោកយើងពីមុនមកប្រាកដមែន។

១. “បុរសព្រៃ” Petrus Gonsalvus

ប្រហែលគ្នាយើងធ្លាប់ដឹងពីរឿងនិទាន ព្រះនាងស្រស់ស្អាតនិងសត្វចម្លែក(Beauty and the Beast) ដែលនិយាយពីមនុស្សស្រីសោភាម្នាក់បានស្រឡាញ់ជាមួយសត្វព្រៃ។

តាមការពិត រឿងនេះមានគម្រូប្រាកដមែន ប៉ុន្តែមានមនុស្សតិចណាស់បានឮពីវា។  រឿងពិតចាប់ផ្តើមនៅក្នុងឆ្នាំ ១៥៣៧ នៅកោះ Tenerife ប្រទេសអេស្ប៉ាញ ដែលមានទារកម្នាក់ឈ្មោះ Petrus Gonsalvus ប្រសូត្រមកជាមួយនឹងរោមគ្របពេញខ្លួនប្រាណ។

ឪពុកម្តាយគិតថា កូនរបស់ខ្លួនមានជំងឺបិសាច (កាលណោះគ្មាននរណាស្គាល់ជំងឺ hypertichosis ទេ) ហើយនៅពេល Petrus អាយុ ១០ ឆ្នាំ ពួកគេបានលក់គេទៅឱ្យចោរសមុទ្របារាំង។ ពួកចោរបានហៅក្មេងប្រុសនេះថា “ បុរសព្រៃ” រួចបាននាំគេទៅថ្វាយស្ដេចហេនរីទី ២ (Henri II) នៃប្រទេសបារាំង។

ស្ដេចហេនរីទី ២ ស្រឡាញ់ចូលចិត្ត Petrus​ ព្រោះគេឆ្លាតវៃ។ ក្មេងព្រៃរូបនេះបានទទួលការផ្គត់ផ្គង់ និងការអប់រំពីវាំងបានយ៉ាងល្អ។  ក្រោយស្ដេចហេរីរីទី ២ សោយទិវង្គត មហេសីព្រះអង្គព្រះនាង Catherine បានមើលថែ Petrus បន្ត និងបានរៀបអាពាហ៍ពិពាហ៍គេជាមួយនឹងម្ចាស់ក្សត្រីទ្រង់ផ្ទាល់ ។

ពួកគេមានកូន ៦ នាក់ ក្នុងនោះ ៤ នាក់មានសណ្ឋានដូចឪពុក។ ប៉ុន្តែបន្ទាប់ពីមរណភាពក្សត្រី Catherine de Médici លោក Petrus Gonsalvus ពុំទទួលបានការពេញចិត្តពីខ្សែរាជវង្សឡើយ។ ដូច្នេះ បុរសព្រៃ Petrus បាននាំក្រុមគ្រួសារទៅរស់ក្នុងក្រុង Viterbo នៅប្រទេសអ៊ីតាលី ហើយលោកបានស្លាប់នៅទីនោះ ក្នុងវ័យ ៨១ ឆ្នាំ។

រឿងរបស់លោក Petrus Gonsalvus មិនត្រឹមតែជាមូលហេតុនៅពីក្រោយរឿង “Beauty and the Beast” ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជម្រុញឱ្យអ្នកវិទ្យាសាស្ត្រសិក្សាអំពីជំងឺ hypertrichosis ផងដែរ។

២. “កីឡាករបាល់ទាត់មានជើង ៣” Francesco Lentini

លោក Francesco Lentini កើតនៅប្រទេសអ៊ីតាលី ក្នុងឆ្នាំ ១៨៨៩។ កាលម្ដាយមានគភ៌គេបានដឹងថា គាត់មានកូនភ្លោះ ប៉ុន្តែនៅពេលសម្រាល Francesco ពុំមានបងប្អូនភ្លោះទេ តែបែរជាគេមានជើង ៣ ទៅវិញ។

លោក Francesco មានបងប្អូនប្រុសស្រីចំនួន ១១ នាក់ ប៉ុន្តែពួកគេសុទ្ធតែមានរាងកាយធម្មតាទាំងអស់។ ឪពុកម្តាយក្មេងជើង៣ បានបដិសេធមិនចិញ្ចឹមកូនប្រុសពិសេសនេះទេ ដោយបានឲ្យគេទៅម្តាយមីង ហើយក្រោយមកគេបានបញ្ជូន Francesco ទៅរស់នៅមណ្ឌលកុមារកំព្រានិងកុមារពិការ។

បុរសជើង៣ និយាយដូច្នេះ លោកធ្លាប់គិតថា ខ្លួនជាក្មេងដែលអភ័ព្វជាងគេលើលោក ប៉ុន្តែពេលខ្លួនបានឃើញក្មេងៗដែលមិនអាចស្តាប់ឮ ឬអសមត្ថភាពផ្លូវចិត្តផ្សេងទៀត ទើបលោកយល់ថា បញ្ហារបស់ខ្លួនមិនធ្ងន់ធ្ងរនោះទេ ព្រោះហោចណាស់លោកអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតបាន។

នៅអាយុ ៨ ឆ្នាំ ក្មេងប្រុសនេះ បានសម្រេចចិត្តរៀនប្រើរាងកាយរបស់ខ្លួនឲ្យមានប្រយោជន៍ ដោយរៀនជិះកង់ ហើយលេងបាល់ទាត់។ គេបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅពេលធំឡើង និងក្លាយជាអ្នកសម្ដែងសៀកនៅទីនោះ។

ការសម្តែងសៀករបស់បុរសជើង ៣ រូបនេះ មានប្រជាប្រិយភាពខ្លាំង  ហើយក្រោយជោគជ័យលើទឹកដីថ្មី លោកបានសម្រេចចិត្តសរសេរជីវប្រវត្តិរបស់ខ្លួនលក់ នៅក្នុងកម្មវិធីសម្ដែងម្ដងៗ។ នៅក្នុងសៀវភៅ Francesco លោកសរសេរពីរបៀបដែលខ្លួនបានរៀនរស់នៅជាមួយបញ្ហា និងពន្យល់ពីវិធីដែលលោកបានធ្វើដើម្បីក្លាយជាអ្នកសម្ដែងសៀក។

លើសពីនេះទៀត Francesco បានព្យាយាមសិក្សាស្វែងយល់នូវបញ្ហាផ្សេងៗពេលស្ត្រីមានផ្ទៃពោះ និងចែករំលែកការរកឃើញរបស់ខ្លួនជាមួយស្ត្រីមានគភ៌ទាំងឡាយ ដើម្បីឲ្យកូនកើតមកមានសុខភាពល្អនិងរាងកាយប្រក្រតី។

នៅវ័យ ៣០ ឆ្នាំ Francesco បានក្លាយជាពលរដ្ឋអាមេរិកពេញលេញ ហើយបានរៀបការជាមួយនារីម្នាក់ឈ្មោះ Theresa Murrey ។ ពួកគេប្រសូត្របានកូន ៤ នាក់ ដែលសុទ្ធតែមានសុខភាពល្អ។ លោក Francesco បានបន្តការងារជាអ្នកសម្ដែងសៀកពេញមួយជីវិត រហូតដល់លោកទទួលមរណភាពក្នុងអាយុ ៧៧ ឆ្នាំ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ បះសក់!ស្គាល់មហាសេដ្ឋីជប៉ុនដែលទិញកៅអីយានអវកាស SpaceX ទាំងអស់ឬនៅ?

ចុចអាន៖ សហគ្រិន​ឆ្នើម​ទាំង ១០ ដែល​បង្កើត​សមិទ្ធផល​ជា​របស់​​ខ្លួន​បង្ហាញ​ពិភពលោក