BREAKING NEWS
Search

ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ក៏​ជា​ទុក្ខ​លំបាក ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដូច្នោះ ត្រូវ​រួមគ្នា​ដោះស្រាយ ឲ្យ​ទាន់​ពេលវេលា

ប៉ៃលិន ​៖ លោក ទឹម សុធី​ម ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត មូលដ្ឋាន​នៃ​មន្ទីរ​ផែនការ បាន​មានប្រសាសន៍​លើកឡើងថា ការលំបាក របស់​ប្រជាពលរដ្ឋ ក៏​ជាការ​លំបាក របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដូច្នោះ​យើង​ត្រូវ​រួមគ្នា​ស្វែងយល់ និង​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា​។

ការ​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​សែ្វង​យល់​ពី​ការរស់នៅ របស់​ប្រជាពលរដ្ឋ និង​បញ្ហា​ប្រឈម​នានា តាម​មូលដ្ឋាន ក្នុង​ឃុំ​សាលា​ក្រៅ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២០ ក្នុង​ភូមិ​លាវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

លោក ទឹម សុធី​ម ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត មូលដ្ឋាន​នៃ​មន្ទីរ​ផែនការ បាន​មានប្រសាសន៍​លើកឡើងថា ​៖ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច តេ​ជោ ហ៊ុនសែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​អនុវត្ត​គោលនយោបាយ វប្បធម៌ សន្ទនា ដើម្បី​ដោះស្រាយ បញ្ហា​ប្រទេសជាតិ ជាពិសេស ការពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិខ្មែរ និង​ការ​បង្រួបបង្រួម​ជាតិខ្មែរ​ទាំងមូល ដូច្នេះ​ក្រុមការងារ​គ្រប់​ថ្នាក់​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង ចុះ​មូលដ្ឋាន ដើម្បី​ក្តាប់​បាន​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ជាក់ស្តែង នៅថ្ងៃនេះ យើង​ធ្វើ​កិច្ចប្រជុំ​មួយ ជាមួយ​មេ​បក្ស​ភូមិ មេក្រុម​បក្ស​ភូមិ​លាវ និង​ភូមិ​ទួល ក្នុង​គោលបំណង ដើម្បី​ស្វែង​យល់ ពី​ការរស់នៅ របស់​ប្រពល​រដ្ឋ និង​បញ្ហា​ប្រឈម​នានា នៅក្នុង​ភូមិ​លាវ និង​ភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​រក​ដំណោះស្រាយ​ជូន​ពួកគាត់​។

លោក​ប្រធាន​គណៈកម្មាធិការ បាន​បន្តថា ​៖ ក្រុមការងារ ថ្នាក់ភូមិ​/​ឃុំ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ចុះជួយ​ពង្រឹង បំប៉ន​ស្មារតី​ឆន្ទៈ​ ដល់​កម្លាំង​សមាជិក សមាជិកា​បក្ស នៅតាម​មូលដ្ឋាន ដែល​ខ្លួន​ទទួលខុសត្រូវ​ឲ្យ​បាន​រឹងមាំ ហើយ​ថ្នាក់ដឹកនាំ​បក្ស គ្រប់​ជាន់ថ្នាក់ ត្រូវមាន​គោលជំហរ ស្មោះត្រង់ ជាមួយ​គណបក្ស និង​មាន​ឆ​ន្ទៈ​ការពារ ផលប្រយោជន៍ របស់​គណបក្ស ផលប្រយោជន៍ និង​ផលប្រយោជន៍​ប្រជាជន​ជាធំ ដោយ​យកចិត្តទុកដាក់ ចុះ​ជាប់​ជាមួយ​ប្រជាជន ដឹង​ពី​សុខទុក្ខ របស់​ប្រជាជន នៅ​គ្រប់​មូលដ្ឋាន ដែល​ធ្វើ​ឲ្យ​ប្រជាជន មានការ​គាំទ្រ ដល់​ប្រមុខ​ដឹកនាំ ក្នុង​ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ ដល់​បណ្តា​សមាជិក​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា សុខសន្តិភាព ដែលមាន​ស្រាប់ និង​អរគុណ សន្តិភាព ដែល​បាន​បង្កើត​ជីវិត​ថ្មី ក្រោយ​ថ្ងៃ​ជ័យជំនះ ៧ មករា ១៩៧៩ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ៕
ដោយ ៖សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114