BREAKING NEWS
Search

ហ្វីលីពីនប្រកាសបន្តបិទរដ្ឋធានី ម៉ានីល រហូតដល់​ពាក់កណ្ដាល​ខែឧសភា

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបន្តការបិទរដ្ឋធានីម៉ានីលរហូតដល់ថ្ងៃទី១៥ខែឧសភាពោលគឺពង្រីកដល់ទៅ៨សប្តាហ៍សម្រាប់សហគមន៍ដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោកក្នុងការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។

លោក Harry Roque ដែលជាអ្នកនាំពាក្យប្រធានាធិបតីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា វិធានការនេះនឹងត្រូវបានពង្រីកទៅដល់តំបន់ផ្សេងទៀតដែលមានការផ្ទុះខ្លាំងប៉ុន្តែបានកែប្រែនៅក្នុងតំបន់ដែលមានហានិភ័យទាបដែលយើងនឹងអាចមើលឃើញពីការចាប់ផ្តើមធ្វើការងារ ដឹកជញ្ជូននិងពាណិជ្ជកម្មឡើងវិញនៅផ្នែកខ្លះ។

នៅថ្ងៃសុក្រ ទូរទស្សន៍បានផ្សាយពីកិច្ចប្រជុំក្រុមប្រឹក្សាវិបត្តិមួយដែលក្នុងនោះ លោក Duterte បានធ្វើការសម្រេចចិត្តបែបនេះ។ លោកថែមទាំងបានផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន៥០លានប៉េសូ (៩៨៦០០០ ដុល្លារ) ដល់ប្រជាជនហ្វីលីពីនណាដែលអាចបង្កើតវ៉ាក់សាំងបានផងដែរ។

ម៉ានីលដែលជាទីក្រុងមានភាពកកស្ទះយ៉ាងខ្លាំងជាមួយប្រជាជនយ៉ាងតិច១៣លាននាក់និងអ្នកតាំងទីលំនៅក្រៅផ្លូវការរាប់លាននាក់ទៀតនោះគឺបានរួមចំណែកជាង២ភាគ៣ក្នុងចំណោមការឆ្លង៦,៩៨១ករណីនិងការស្លាប់៤៦២នាក់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសនេះ។

បន្ទាប់ពីចិននិងអ៊ីតាលី ហ្វីលីពីនបានក្លាយជាប្រទេសទី៣ ដែលបញ្ជាឲ្យមានការបិទដ៏តឹងរ៉ឹងនិងការដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះបើទោះបីជាខ្លួនមានចំណែកតិចតួចនៃការឆ្លងនិងការស្លាប់បើប្រៀបធៀបទៅនឹងប្រជាជាតិនានាដែលចាត់វិធានការស្រដៀងគ្នានេះក៏ដោយ។

ប្រទេសហ្វីលីពីនបានដាក់ចេញនូវវិធានការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ ការធ្វើដំណើរ ការធ្វើពាណិជ្ជកម្មនិងការប្រមូលផ្តុំនៅថ្ងៃទី១២ខែមីនាពោលគឺ៥ថ្ងៃបន្ទាប់ពីមានករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងហើយបានពង្រីកវិធានការដល់ថ្ងៃទី១៦ខែមីនា។ វាត្រូវបានបិទសម្រាប់មនុស្សទាំងអស់លើកលែងតែជនជាតិហ្វីលីពីនដែលបានធ្វើមាតុភូមិនិវត្តន៍ប៉ុណ្ណោះ។

វិធីសាស្រ្តនេះមានគោលបំណងដើម្បីរក្សាកុំឲ្យសេវាសុខាភិបាលទប់ទល់លែងជាប់និងបង្កើតជាឱកាសដើម្បីបង្កើនការធ្វើតេស្តដែលបានចាប់ផ្តើមយឺតៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕ REUTERS

ចុចអាន៖ អាមេរិកថានឹងមិនមាន​ការគិតគូរឡើងវិញក្នុងការ​ផ្តល់ថវិកាជាថ្មីដល់WHOទៀតឡើយ

ចុចអាន៖ ប្រជាជនមូស្លីមជុំវិញពិភពលោកប្រារព្ធពិធីបុណ្យរ៉ាម៉ាដនជាមួយនឹងការរឹតត្បិតមិនធ្លាប់មានពីមុន

ប្រែសម្រួល៖ វណ្ណវណ្ណ