BREAKING NEWS
Search

គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន បង្ហាញ​ក្តី​បារម្ភ​របស់​ក្រុម អំឡុង​ពេល​ដែល​លី​គ​ត្រូវ​សម្រាក​

លោក ស៊ុំ វណ្ណា ដែល​ជា​គ្រូបង្វឹក​បង្គោល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បង្ហាញ​ពី​ផល​អវិជ្ជមាន​របស់​ក្រុម​ក្នុងការ​ប្រកួតប្រជែង​នា​រដូវ​កាល​២០២០​នេះ ពោលគឺ​ក្រោយពី CNCC បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​របស់​លី​គ​កំពូល​កម្ពុជា ចាប់ពី​សប្ដាហ៍​ទី៦ រហូត​ទៅ ដោយ​មិន​កំណត់​អំពី​ការ​ចាប់ផ្តើម​ឡើង​វិញ​។​

​ជុំវិញ​រឿងរ៉ាវ​នេះ លោក ស៊ុំ វណ្ណា បាន​ថ្លែងថា ​៖ “ ទាក់ទង​ជាមួយនឹង​ការ​សម្រាក ហើយ​ហាត់​តែ​លំ​ហាត់ Fitness មួយ​ចំនួន និង​របៀប​ញុំា​មួយចំនួន យើង​មានការ​ព្រួយបារម្ភ អាច​ប៉ះពាល់​ទៅ​នឹង​ការ​លេង​របស់​កីឡាករ​យើង​និ​មួយៗ អញ្ចឹង​កាលណា​ម្នាក់ៗ​មាន​បញ្ហា វា​នឹង​ជះឥទ្ធិពល​ដល់​ក្រុម​ទាំង​មូល​តែម្តង”។​

​តែ​យ៉ាងណាក៏ដោយ ​គ្រូបង្វឹក​សញ្ជាតិ​ខ្មែរ ដែល​ទើប​ទទួលបាន​តួនាទី​ជា​គ្រូ​បង្គោល​ផ្លូវការ នា​រដូវ​កាល ២០២០​នេះ បាន​ប្រាប់​អំពី​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​ជា​លំ​ហាត់​ឲ្យ​កីឡាករ​ហាត់​នៅផ្ទះ​របស់​ពួកគេ​រៀងៗ​ខ្លួន​បាន ​៖ “ ផែនការ​ដែល​យើង​បាន​ដាក់ឲ្យ​កីឡាករ គឺជា​លំ​ហាត់ប្រាណ​ដែល​ក្នុង​មួយ​ថ្ងៃ អាច​ពី ១៥​នាទី ទៅ ៣០​នាទី ទៅតាម​កាលៈទេសៈ និង​ពេលវេលា ទីកន្លែង​ដែល​ផ្តល់​ឲ្យ​គាត់ ប៉ុន្តែ​យើង​ក៏​សង្ឃឹមថា ​ពួកគាត់​នឹង​ប្រកាន់​គោលការណ៍​ជា​កីឡាករ​អាជីព គឺ​គោរព​នូវ​គោលការណ៍​ដែល​យើង​បានរៀបចំ​ជូន​ពួកគាត់ ”។​

​គួររំលឹកថា មុន​លី​គ​កំពូល​កម្ពុជា សម្រាក ភ្នំពេញ​ក្រោ​ន បាន​ឈរ​កំពូល​តារាង ពោល​គឺ លេខ​១​កំពូល​តារាង និង​រក្សា​កំណត់ត្រា​មិន​ចាញ់​ទាល់តែសោះ ដោយ​កាន់កាប់​កំណត់ត្រា មិន​របូត​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទាល់តែសោះ ក្នុង​៥​ប្រកួត ដែល​ទទួលបាន​លទ្ធផល​ដូចជា ​៖ ឈ្នះ អគ្គិសនី​កម្ពុជា ៣-០, ឈ្នះ យុវជន​សាលា​បាល់ទាត់​ជាតិ ៧-០, ឈ្នះ អាស៊ី​អឺរ៉ុប ៦-០, ស្មើ ព្រះខ័ន​រាជ​ស្វាយ​រៀង ០-០ និង ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ១-០។​

​បញ្ជាក់ថា ចំពោះ​ការប្រកួត​លី​គ​កំពូល​កម្ពុជា នា​រដូវ​កាល ២០២០​នេះ ក្រោយពី​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និង CNCC បានប្រកាស​ពន្យា​រ​ពេល​ដំណើរ​ការ​បន្ត ចាប់ពី​សប្ដាហ៍​ទី​៦ នោះ នៅ​មិនទាន់​មាន​ការ​បញ្ជាក់ ឬ​ជូនដំណឹង​អំពី​កាលបរិច្ឆេទ​នៃ​ការ​ត្រឡប់មកវិញ​នោះឡើយ តែ​គ្រប់យ៉ាង​នឹង​ត្រូវ​បាន​ជូនដំណឹង​ជាថ្មី ក្រោយ​ស្ថានភាព​ នៃ​ការ​រីក​រាលដាល​ នៃ​ជំងឺ COVID-19 ថមថយ​ចុះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114