ព័ត៍មានទាន់​ហេតុការណ៏
Search

ល្អ​ណាស់​! អាកាសយានដ្ឋាន​​ភ្នំពេញ​ចាយ៨​ លាន​ដុល្លារ ​ពង្រីក​ចំណត​​ត្រៀម​​ភ្ញៀវ​ចូល​​រួម​​​កិច្ច​ប្រជុំ​អា​ស៊ី-​អឺរ៉ុប​ឆ្នាំ​ក្រោយ​

ភ្នំពេញ៖ ​អាកាសយានដា្ឋនអន្តរជាតិ​ភ្នំពេញ​បាន​វិនិយោគ​ទឹក​ប្រាក់​​៨លានដុល្លារ​អាមេរិក​បន្ថែម​ទៀត ដើម្បី​ ពង្រីក​ចំណត​យន្តហោះ​ថ្មី​ ”​B​”​ ក្នុង​ទិស​ដៅ​​ឆ្លើយ​តប​នឹង​តម្រូវ​​ការ​កើន​ឡើង​នៃ​ជើង​ហោះ​ហើរ​ក៏​ដូច​ជា​ដើម្បី​ត្រៀម​ទទួល​​គណៈ​ប្រតិភូ​​អន្តរជាតិ​ចូល​រួម​កិច្ច​ប្រជុំ​អា​ស៊ី-​អឺរ៉ុប​ឆ្នាំ​ក្រោយ​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​។​

នៅ​​ក្នុង​ពិធី​ប្រោះ​ព្រំ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​យន្តហោះ​ថ្មី ​B​ នេះ លោក​ អាឡាំង​ ប្រ៊ង ​(Alain BRUN)​ នាយក​ប្រតិបត្តិ​នៃ​អាកាសយានដ្ឋាន អន្តរ​ជាតិ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​ គឺ​ដោយ​មាន​ការ​ចូល​រួម​ការ​គាំទ្រ​ និង​ការ​ផ្ដល់​នូវ​អនុសាសន៍​ផ្សេង​ៗ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​បាន​បន្ថែម​ថា ​ចំណត​យន្តហោះ​ថ្មី ​B ​មាន​​បណ្ដោយ​ប្រវែង​៥៤០​ម៉ែត្រ ​និង​ទទឹង​ប្រវែង​៨៦​ម៉ែត្រ​ ដែល​អាច​ឱ្យ​យន្តហោះ​ប្រភេទ​មធ្យម​ចុះ​ចត​បាន​ចំនួន​១២​កន្លែង​។​ ​នៅ​​ថ្ងៃ​ខាង​មុខ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នឹង​មាន​ចំណត​យន្តហោះ ​សរុប​ចំនួន​៤២​ ក្នុង​នោះ​មាន​១០​ចំណត​សម្រាប់​យន្តហោះ​ប្រភេទ​ធំ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​ នៃ​ចំនួន​អ្នក​ដំណើរ ​និង​ចំនួន​យន្តហោះ​ ហើយ​លោក​សង្ឃឹម​ថា ​នៅ​ចុង​ឆ្នាំ​២០១៩​នេះ ​ភ្ញៀវ​ទេសចរ​ឱ្យ​​នឹង​កើន​ឡើង​ដល់​៦​លាន​នាក់ ​ឆ្លង​កាត់​ប្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ។

លោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឱ្យ​ដឹង​ថា​ ការ​សាង​សង់​ចំណត​យន្តហោះ​ថ្មី​ «B» ​នេះ​គឺ​មាន​គោល​ដំណង​ចំនួន​២​ រួម​មាន​ទី​១​៖​ ដើម្បី​ជា​ចំណត​ដល់​យន្តហោះ​សម្រាប់​ទិស​ដៅ​ពាណិជ្ជកម្ម ​និង​ទី​២៖ ​គឺ​ដើម្បី​ត្រៀម​ទទួល​យន្តហោះ​របស់​គណៈ​ប្រតិ​ភូបរទេស​ ដែល​អាច​នឹង​អញ្ជើញ​ចូល​រួម​ ក្នុង​ព្រឹត្តិការណ៍​នៃ​កិច្ច​ប្រជុំអា​ស៊ី-​អឺរ៉ុប ​នៅ​ឆ្នាំក្រោយ​ ព្រម​ទាំង​ព្រឹត្តិការណ៍​ធំៗ​ផ្សេង​ទៀត​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៨​កម្ពុជា​ទទួល​បាន​ភ្ញៀវ ទេសចរ​អ្នក​ធ្វើ​ដំណើរ​ប្រមាណ​១០​លាន​៥​សែន​នាក់​ ហើយ​រំពឹង​ថា​ រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​នេះ​នឹង​មាន​ការ​កើន​ឡើង​នៃ​អ្នក​ធ្វើ​ដំណើរ​ចំនួន​១២​លាន​នាក់​ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​ទីតាំង​នៅ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114