ពេជ្រ សោភា ប្រកាស​បោះ​ទន់​រាប់​សិប​ម៉ឺន​ដុល្លារ​ លើ​មុខ​ជំនួញ​ថ្មី​ក្នុង​សម័យ​កូ​វីដ​-១៩
BREAKING NEWS
Search

ពេជ្រ សោភា ប្រកាស​បោះ​ទន់​រាប់​សិប​ម៉ឺន​ដុល្លារ​ លើ​មុខ​ជំនួញ​ថ្មី​ក្នុង​សម័យ​កូ​វីដ​-១៩

​ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ស្រី​អ្នកនាង​ពេជ្រ សោភា​ថ្មីៗ​នេះ​ បាន​ប្រកាស​ដាក់​ទុក​រកស៊ី​ធំ​លើ​មុខ​ជំ​នួ​ញ​ថ្មី​បន្ថែម​លើ​អាជីព​សិល្បៈ​បច្ចុប្បន្ន ​ខណៈ​ការងារ​សិល្បៈ​បច្ចុប្បន្ន​ ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ក្រោយពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។​ នេះ​ជា​ជំ​ហ៊ាន​មួយទៀត​តាមរយៈ​ការ​ដាក់​ទុន​រកស៊ី​ធំ​ឆ្លង​ប្រទេស​នោះ​ គឺ​ការ​នាំ​យក​ផលិត​រក្សា​សម្រស់​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​។

​ទោះបីជា​យ៉ាងណា​អ្នកនាង ពេជ្រ សោភា មិនបាន​ប្រាប់​ពី​ទំហំ​ទឹកប្រាក់​ ដែល​នាង​ធ្វើ​វិនិយោគ​នេះ​ថា ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ទេ​ប៉ុន្តែ​តាម​អ្នក​ដែល​រកស៊ី​ផ្នែក​នេះ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ការ​ចំណាយ​ដល់​ទៅ​រាប់​សែន​ដុល្លារ​ឯណោះ​ ព្រោះ​ការ​កុម្ម៉ង់​ទិញ​ដឹក​តាម​កប៉ាល់​គឺ​ក្នុង​មួយ​មុខ​ៗ​ដល់​ទៅ​រាប់ពាន់​ដើម​។

​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាង ពេជ្រ សោភា បាន​និយាយ​ថា​នាង​ពិត​ជា​មាន​មោទនភាព​ ដែល​ត្រូវ​បាន​គ្លីនិក​WONJIN​ផ្ដល់​សិទ្ធិ​ឲ្យ​នាង​ ក្នុង​ការ​នាំ​យក​ផលិតផល​ទាំងនោះ​ចូល​មក​កម្ពុជា​ព្រោះ​ផលិតផល​ទាំងនោះ​កន្លងមក​ មាននៅ​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​តែម្ដង ប៉ុន្ដែ​កម្ពុជា​គេ​មិន​បែរជា​មិន​ឲ្យ​យក​ផលិតផល​នោះ​មក​លក់​ទៅវិញ​។ តារា​ស្រី​អ្នកនាង ពេជ្រ សោភា បាន​បន្ត​ថា ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ទម្រាំ​តែ​នាង​ទទួល​បាន​សិទ្ធិ​ជា​ដៃគូ​ចែកចាយ​លក់​បន្ដ(Certificate Of Distributorship)​នោះ​ គឺ​នាង​បាន​ធ្វើ​ការទាក់ទង​ជាមួយ​គេ​ជាច្រើន​ខែ​មក​ហើយ នាង​ថា​មិនមែន​មាន​លុយ​ ហើយ​អាច​ទៅ​ទិញ​ផលិតផល​របស់​គេ​មក​លក់​បានទេ ​គឺ​គេ​មិន​និយាយ​លុយ​នោះ​ទេ។

​ប៉ុន្ដែ​គេ​ត្រូវការ​ទំនុក​ចិត្ត​ជាធំ ហើយ​អ្វី​ដែល​នាង​តូច​ចិត្ត​នោះ​គេ​ថា ​កន្លងមក​គេ​មិន​ឲ្យ​ផលិតផល​របស់​គេ​មក​តំណាំង​ចែក​ចាយ​ណា​ម្នាក់​មក​កម្ពុជា​នោះ​ ដោយសារតែ​គេ​ខ្លាច​មាន​អ្នកលក់​ធ្វើ​ឲ្យ​ខូច​ប្រេន​របស់​គេ កូពី​ប្រេន​របស់​គេ​តែ​ពេលនេះ​គេ​បាន​ផ្ដល់​មាន​ទំនុក​ចិត្ត​លើ​នាង​សម្រាប់​ការ​នាំចូល​ផលិតផល​ពី​គ្លីនិក​មួយ​នេះ​ ដោយ​ស្របច្បាប់​ ហើយ​អ្នក​នៅ​កម្ពុជា ​ដែល​ចង់​លក់​បន្ដ​ឬ​ចង់បាន​ផលិតផល​ទាំងនោះ​ គឺ​មិនមែន​ទាក់ទង​ទៅ​កូរ៉េ​ទេ តែ​ត្រូវ​ទាក់ទង​មក​រូប​នាង​ផ្ទាល់​តែម្ដង​ព្រោះ​មានតែ​នាង​ម្នាក់​គត់​ ដែល​មាន​សិទ្ធិ​នាំចូល​ផលិតផល​ទាំងនោះ​ចូល​មក​ស្រុក​ខ្មែរ ​ដោយ​ស្របច្បាប់​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាង ពេជ្រ សោភា។

​ពេជ្រ សោភា សង្កត់ធ្ងន់​ថា ​មុន​ឈាន​មក​ធ្វើ​ជំនួញ​នេះ​នាង​មិនមែន​លំៗ​ទេ​ គឺ​បាន​រៀន​សូត្រ​ត្រឹមត្រូវ​ពី​មូលដ្ឋានគ្រឹះ​សំខាន់ៗ​ផ្នែក​រកស៊ី​ធ្វើ​ជំនួញ​ផ្នែក​នេះ​ ដោយ​ចំណាយ​ពេល​ដល់​ទៅ​៥​ខែ​ឯណោះ​ទើប​ពេលនេះ​នាង​យល់ដឹង​ច្រើន​ពី​ការងារ​ក្រៅ​សិល្បៈ​មួយ​នេះ​។​ មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​រូប​នាង​មក​រក​ស៊ី​នាំចូល​ផលិតផល​ពី​គ្លីនិក​មួយ​នៅ​កូរ៉េ​នោះ ​ដោយសារតែ​នាង​អាណិត​ប្រជាជន​ខ្មែរ​ជាច្រើន​ ដែល​ខូច​មុខ​ខ្ទេចខ្ទី​អស់​ ដោយសារតែ​ប្រើ​ផលិតផល​ខុស​ ហើយ​តាមរយៈ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​នាង​ គឺ​ផលិតផល​ទាំងនោះ​អាច​ជួយ​បាន ​ព្រោះ​នាង​ក៏​ធ្លាប់​ខូច​មុខ​ម្ដង​ដែរ​កាលពី​ចុង​ឆ្នាំ​២០១៩​។

​នៅ​ពេល​ត្រូវ​សួរ​ថា ​តើ​ការ​ងាក​មក​រក​ស៊ីធំ​បែបនេះ ពេជ្រ សោភា ចង់​ឈប់​ពី​ការ​ច្រៀង​រាំ​លើ​វិថី​សិល្បៈ​ទេ​? ​ចម្លើយ​នេះ​ត្រូវ​បាន​អ្នកនាង ពេជ្រ សោភា​បញ្ជាក់​ថា ​អាជីព​ចម្រៀង ​គឺ​នៅតែ​ជា​អ្វី​ដែល​នាង​ស្រលាញ់​បំផុត​ហើយ ​អំឡុង​ពេល​ផ្ទុះ​កូ​វីដ​-១៩​នេះ ​នាង​បាន​ធ្វើ​បទ​ចម្រៀង​ទុក​សម្រាប់​ចេញរួច​ហើយ ប៉ុន្ដែ​មិន​ហ៊ាន​ចេញ​ពេលនេះ​ ព្រោះ​ខ្លាច​ខុសពេល​វេលា​៕
អត្ថបទ៖ ចាន់​រ៉ា
សូមចុចអាន៖ មួយ​ប៉ប្រិច​ភ្នែក​សោះ ​ថោនបាត់​តារា​ចម្រៀង​ជួរ​មុខ​ពី​រ​នាក់ ទៅ​រួម​ទ្រនំ​ផលិតកម្ម​ថ្មី