អត្ថាធិប្បាយ៖ សង្គមបង្ខំឱ្យប្រកួតប្រជែងខ្លាំងជាហេតុធ្វើឱ្យយុវវ័យជាច្រើនថប់បារម្ភ?

អត្ថាធិប្បាយ សាយ ពេជ្រ ថ្ងៃអាទិត្យទី ០២ ​ខែកុម្ភៈ វេលាម៉ោង០៤និង៤១នាទីល្ងាច

ពាក្យថា ថប់បារម្ភ និង ប្រកួតប្រជែង​ ទំាងពីរនេះជាប្រធានបទដ៏ស្មុគស្មាញមួយទៅហើយ​សម្រាប់អ្នកធ្វើបទវិភាគ​ដូចខ្ញុំ។ កាលពីម្ភៃឆ្នាំមុន ពេលខ្ញុំរៀនសរសេរវិចារណកថាដំបូងៗ ខ្ញុំយល់ថា មាន​តែនយោបាយ និងសេដ្ឋកិច្ច​ទេ ដែលមាន​សិទ្ធិ​នៅលើទំព័រមួយនេះ តែឥឡូវខ្ញុំយល់ថា គ្រប់យ៉ាង​ដែលសំខាន់បំផុត គួរនៅទីនេះ​ ហើយសម្រាប់ខ្ញុំ សុខមាលភាព​ផ្លូវចិត្តយុវវ័យគឺជារឿងដ៏សំខាន់មួយ។​

យប់ថ្ងៃសៅរ៍ម្សិលមិញ នៅក្នុង​កន្លែង​កម្សាន្តរាត្រីមួយ​ដែលកំដរដោយ កំណាព្យកាព្យឃ្លោងដ៏កំពូលពេញនិយមលើ Billboard 2019 ដោយ Lewis Capaldi

“I fear there’s no one to save me
This all or nothing really got a way of driving me crazy I need somebody to heal
Somebody to know
Somebody to have
Somebody to hold
It’s easy to say
But it’s never the same…..

ចម្រៀង​អន្តរជាតិដែល​ស៊ីអារម្មណ៍យុវវ័យ​រាប់ពាន់លាននាក់ជុំវិញពិភពលោក មិនមែនគ្មានមូលហេតុនោះទេ មិនមែន​​ទទេៗវា​ត្រូវបានគេច្រៀង វាធ្វើឱ្យគេយំ​និងធ្វើឱ្យ​ពិភពលោកនេះ​ស្គាល់វាឡើយ។​

វាចាំបាច់ត្រូវតែឆ្លើយ​តបទៅនឹង ជីវិត​ពិត​ដែលមនុស្ស​វ័យក្មេងកំំពុងប្រឈមមុខ។

នៅក្នុងក្លឹបនេះ ខ្ញុំស្លៀកពាក់បុរាណពេកហើយ ថែមទំាង​ចាស់ពេកដែរ សាយ​ពេជ្រ។ យុវវ័យដែលច្រើនណាស់មានអាយុក្រោម ២៥ ឆ្នាំងាកមើលមកខ្ញុំស្រ។ មិនមែនគេស្គាល់ខ្ញុំជាអ្នកកាសែតកម្សត់មកពីកម្ពុជាថ្មី​  ឬអ្វីទេ តែប្រហែលជាមកពី​កាបូបកំព្យូទ័ររបស់ខ្ញុំ។

ខ្ញុំបានចូលដល់សំបុកនៃជីវិត​ពិត​បំផុត​ក្នុងឆ្នាំ​២០២០ បស់ក្រុមមនុស្ស​វ័យក្មេង​ នៅចំកណ្តាលទីក្រុងគជ់ រាជធានីជាបេះដូងនៃកម្ពុជា។

ក្បែរ​ខាងស្តាំដៃ យុវជនម្នាក់​មានខ្ពស់ស្តើង ហាក់ស្ទាក់ស្ទើរខ្លះមុនពេល​សសៀរមកក្បែរខ្ញុំរួចសួរសួរសំណួរដំបូងរបស់គេ «អ្នកនៅភ្នំពេញនេះ?» គេជាជនបរទេស ស្មានថា​ចិន តែសួរមែនទែនគឺមកពីទួរគី តែស្បែកស​សុំខ្មាស់។​យុវជននេះ​ទំនងជាឯកា​ក្នុងក្លឹបដូច សាយពេជ្រដែរ។

អាចថា​វាជាឱកាស ដែលយើងមានគូសន្ទនា ។​ ជជែកជាមួយមនុស្ស​ចម្លែកជួនកាលក៏ល្អ។

«ហេតុអ្វីបានជាជនជាតិអាស៊ីវ័យក្មេងៗចាត់ទុកយុគសម័យនេះ​ថាមាន​សម្ពាធសង្គមនិង​ការប្រកួតប្រជែងខុសពីជំនាន់ណាៗ?

គេឈ្មោះ​អាលី ។​សំណួរ​ចាប់ផ្តើម​របស់គេ ធ្វើឱ្យខ្ញុំនឹកឃើញ​ប្រធានបទសម្រាប់​ សាយ ពេជ្រ នៅព្រឹកស្អែកឡើង។
ខ្ញុំជជែក​ជាមួយ​គេនោះ​ដល់ម៉ោងជាង១០យប់។ អ្វី​ដែលខ្ញុំបាន​មកពីការជជែក​រួមមាន​។

ការរំពឹងទុករបស់ក្រុមគ្រួសារដាក់បន្ទុកធ្ងន់លើយុវវ័យ

អត្រាធ្វើអត្តឃាតនៅប្រទេស​ជាច្រើនមកហើយ ដូចជា​កូរ៉េខាងត្បូង ជប៉ុន ចិន​ដែល​ខ្ពស់ដោយ​យុវវ័យ​មួយចំនួន​ធ្លាប់បាន​ត្រូវ​គេ​ស្រង់សម្តីមកថា ការរស់គឺពិបាកណាស់។ សេដ្ឋកិច្ច​និងការប្រជែង​ក្នុងសង្គម​កាន់តែអាក្រក់ទៅ ៗ ហើយ​ពួកគេ​មិនថា ការប្រកួតប្រជែងជារឿងធម្មតា​ទេ បែរជាយល់ថា មនុស្ស​ដែលពូកែបំផុត ឡូយឆាយ​បំផុត មានឱកាស និងមាន​តួនាទី កេរ្ត៍ឈ្មោះ​លុយកាក់ ទើបទទួលបានសុភមង្គល។ ពួកគេ​ចង់រៀនបានខ្ពស់​ចេញមកមានតួនាទី​ល្អ ហើយ​ចង់ជោគជ័យព្រោះថា គ្រួសារ​ពួកគេ​រំពឹង​លើយុវវ័យ​ខ្ពស់ពេក ក្នុងការ​ផ្លាស់ប្តូររ​​ជីវភាព កែលំអរ​បទដ្ឋាន​រស់នៅ ​ឬលើកមុខមាត់ពុកម្តាយ។  សម្ពាធពីឪពុកម្តាយនឹងគ្រួសារ​សូម្បីតែ ការងារ​ដែលគេចង់រើសយក ឬមនុស្ស​ដែលគេត្រូវ​រៀបការជាមួយ។

បទដ្ឋានចំណាយ​ដែលខ្ពស់ហួសពីលទ្ធភាពនៃការរកចំណូល

ត្បិតតែគ្រប់យ៉ាង​វិវត្តទៅជាស៊ីវិល័យ ប៉ុន្តែឧបករណ៍​តិចណូឡូជី​ ដែលជាសំណព្វចិត្ត​របស់ក្រុមយុវវ័យមានតម្លៃ​ឃ្លាតប្រមាណជា​១០ដងនៃ​កម្រិត​ប្រាក់ខែដំបូង​របស់ពួកគេ។

ការចំណាយក្នុងការរស់នៅនៅភ្នំពេញ និងឱកាសរកបានការងារ​ក្រោយរៀបចប់ហាក់មិនស៊ីសង្វាក់គ្នា​សោះ។ កុំថាឡើយដល់សេចក្តីសង្ឃឹម​ក្នុងការ បង្កើត​គ្រួសារ​តាម​បែបប្រពៃណី ដូចជាទំនាក់ទំនងអាពាហ៍ពិពាហ៍ និងការមានកូនឱ្យម៉ែបានពរ​ដែលចំណាយ​រឹតតែគ្មាន​សមហេតុផល។

អ្នកផ្សេងមិនគិត​ដល់រឿងនេះ​តែយុវវ័យគិតពីរឿងនេះ រហូត​ដល់ពេលខ្លះ​គេអស់សង្ឃឹម​ថា​ក្នុងជាតិនេះ​នឹង​មាន​វាសនា​អាចកសាងគ្រួសារឬមុខងារជាប់លាប់មួយបាន។

បាតុភូតនេះបានក្លាយជាសម្ពាធ បើជាយុវជន សម្ពាធនៅតែធ្ងន់់ជាងទៅទៀតព្រោះឱកាស​ការងារ​តិចជាង ហើយ​ត្រូវចំណាយច្រើនជាងនៅក្នុងគ្រប់ទំនាក់ទំនង។

depress and hopeless girl sitting on chair on black

យុវជនកំពុងប្រឹងជួយខ្លួនឯង

យុវ័យជាច្រើន​បាននឹងកំពុង​ជួយលើកទឹកចិត្ត​ខ្លួនឯងដោយការស្វះស្វែង​រកបង្អែក​​ផ្លូវចិត្ត ដោយ​ការ​អានសៀវភៅ​ឬ​ចូលរួមជាមួយបណ្តាញ។​ សំណាងមិនល្អ បណ្តាញ​ខ្លះ​មិនបានលើកទឹកចិត្តថែមទំាង​បោកបញ្ឆោតពួកគេ​ឱ្យ​រកស៊ីអចលនទ្រព្យ​ លក់ផលិតផល ឬកុហក​លកសំបុត្រ​ចូលរួមប្រជុំជាផ្នែក​នៃ ការរកចំណូល​របស់ក្រុមបង្កើតសិក្ខាសាលាហេងស៊យឬហៅម្យ៉ាងទៀតថា​ ជំនួបសេដ្ឋី។​ ការរកស៊ីជាច្រើន​អនឡាញដែលជាពពុះ​ដូចសាប៊ូ​ក៏នឹងធ្វើបានចិត្ត​ពួកគេ​ថែមឡើងក្នុងពេលអនាគតដ៏ខ្លីប្រសិនមិនមាន​វិធានការណ៍​តឹងរឹងជាងនេះ​នោះទេ ពួកគេ​យល់ថា ការ​លក់លើអនឡាញជាមួយ​ផលិតផលកុហកគ្មានប្រភពទិញថោកលក់ថ្លៃ អាចជា​ជំហានទៅរកភាពជាសហគ្រិន។

ការបង្រៀន​អំពីការពិត​មានតិចនៅឡើយ។ ដោយសារ​យុវវ័យជាក្រុមមនុស្សភាគច្រើន​ ជាង៥០ភាគរយនៃពលរដ្ឋសរុប ពួកគេ​រមែង​ក្លាយជា​អ្នករងគ្រោះ​ដោយ​ការ​ប៉ុនប៉ង​បោកប្រាស់ដោយអាជីវកម្មបែបបណ្តាញ  ខណៈគេ​កំពុង​ត្រូវការ​បង្អែកផ្លូវចិត្ត។ តើអ្នកណា​អាចជួយពួកគេបាន?

រស់ជាមួយ​អាហារ​ដែលមានជាតិពុល

សុខៈ ក្មេងប្រុស​វ័យ​១៩ឆ្នាំ និយាយនឹង ខ្ញុំនៅក្នុងហាងកាហ្វេមួយ​ថា ជាទូទៅ គេ​ខ្ចីថាមពលពីភេសជ្ជៈប៉ូវកម្លាំងពេលខ្លះដល់ទៅ៣កំប៉ុងក្នុងមួយថ្ងៃ។ គេធ្វើការ២កន្លែង​ថែមទំាង​ខំ​លក់ដូរផលិតផលតិចតួចអនឡាញ​សង្ឃឹម​ដោះស្រាយ​ជីវភាព​ទៅមុខ នឹងប្អូន​ពីរនាក់នៅរៀន ។ គេដឹងថា វាមិនល្អទេ ទ្រូងនិងបេះដូង រពេលខ្លះ​ឈឺ​ដូចត្រូវគេច្របាច់ក្តិច គេពិតជាព្រួយបារម្ភអំពីសុខភាព ប៉ុន្តែខ្ញុំមិនអាចបញ្ឈប់ការញៀនផឹកបានសោះ​ព្រោះ​ផឹក​វាចូល ទើបធូរស្រាលវិញុ។ ការបញ្ចូលអាហារ​មិនល្អ​តម្លៃ​ធូរ ថ្លៃ​ទៅក្នុងរាងកាយ ជាប្រចាំ និងភេសជ្ជៈជាតិស្ករខ្ពស់ គ្រឿងម្ជូរត្រាំ ប្រើលក័ ថ្នាំ និង​មេស្ករ កំពុង​ពេញនិយម​ក្នុងចំណោមម​យុវវ័យ​ ពួកគេដឹងថា វាមិនល្អ​តែពួកគេបណ្តោយទៅតាម​ស្ថានភាពផ្លូវចិត្ត​ សប្បាយចិត្ត​មួយពេល គិតមួយពេល។

ការប្រកួតប្រជែងដ៏តឹងតែង​

“ មនុស្សជំនាន់ក្រោយកំពុងតែនិយាយអំពីតួនាទីជា CEO ម្ចាស់ក្រុមហ៊ុន ឬជាមនុស្សល្បីលើហ្វេសប៊ុក ក្នុងចំណោមពួកតារា មាន​អ្នកតាមគាំទ្រច្រើន​លើបណ្តាញ​អ៊ីនធើណេត។ល។ ទំាង​ពួកគេដឹងថាពួកគេមិនអាចយកឈ្នះ គំលាតដ៏ធំជាមួយយុវវ័យ​កូនអ្នកមានដែលពេញដោយឱកាសនិងភាពមិនច្បាស់លាស់នៃ​បទដ្ឋានក្នុងសង្គមសិល្បៈដែលពិតជាត្រូវការ​អ្នកមាន​ទេពកោសល្យឬត្រូវការ​បក្សពួក?»

នេះជាសម្តីសាស្ត្រាចារ្យម្នាក់និយាយមកកាន់ខ្ញុំក្នុងសិក្ខាសាលាមួយ​កាលពីឆ្នាំមុន។

សម្រាប់ខ្ញុំ សុភមង្គលគឺលទ្ធផល​អ្វីមួយដែលមានតម្លៃ​។ វាពិបាកពន្យល់​ណាស់។ ហើយ​ក្នុងសង្គមមួយ​ដែលចាយលុយ​ សម្ភារៈប្រេនៗ ត្រូវបាន​គេប្រើ​បង្អួតគ្នា ​គេមិនជឿពាក្យអស់ទំាងនេះទេ។

តែខ្ញុំមាន​សង្ឃឹមថាយើង​អាចជួយមនុស្សវ័យក្មេង​ទំាងនោះបានប្រសិន​បើ​យើងព្រមរួមគ្នា​ព្យាយាមស្វែងរកបញ្ហាហើយ​ដោះម្តងមួយៗ។ ជា​មនុស្ស​ចាស់ ជារៀមច្បង ជាអ្នកធ្វើការងារ​កាសែត​ដោយស្មោះត្រង់ យើងនឹង​មិនប្រើពាក្យ​លេខ​ដើម្បីនិយាយ​ ដោយ​ថា ថៃ​ កូរ៉េ  ចិន​ជប៉ុន រឹតតែ​ Depression ជាងយើង​ទៅទៀតនោះទេ។

នៅបទវិភាគ​លើកក្រោយ ខ្ញុំសង្ឃឹម​ថា នឹងនាំមកជូន នូវដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិភាព​ជាជំហានៗដែលស្រង់មកពីគំនិត​អ្នកជំនាញ​នានា។