៥ យ៉ាង អូសក្រឡាបាននៅក្បែរ Crush និងទាក់ចិត្តគេឱ្យចូល​​ក្នុងជីវិតយើង
BREAKING NEWS
Search

៥ យ៉ាង អូសក្រឡាបាននៅក្បែរ Crush និងទាក់ចិត្តគេឱ្យចូល​​ក្នុងជីវិតយើង

ស្រលាញ់គេណាស់ តែពេលជួបគេម្ដងៗអៀនរកតែនិយាយអីមិនចេញ តើធ្វើម៉េចទៅទើបបានសមតាមបំណង? ខាងក្រោមនេះ​ជា​​វិធី​ងាយ​មួយចំនួន​ដែលអាចផ្ដល់​សញ្ញា​ទៅឱ្យមនុស្សដែលយើងកំពុងលួចស្រលាញ់ ឬហៅថា Crush ចាប់ផ្ដើមដឹងតិចៗ​ថា​យើង​​មាន​ចិត្ត​លើគេ។

១. ធ្វើដូចជាមិនដឹងខ្លួន ហើយដើរទៅប៉ះ ឬទង្គិចជាមួយគេ៖ ស្ដាប់ទៅដូចក្នុងរឿងភាគបន្តិចបន្តិច តែវិធីនេះជាគម្រោងការ​ដែល​អាច​ធ្វើអ្នក​មាន​ឱកាស​បាននិយាយ​ជាមួយគេ ឬហៅថា​បង្កើត​បញ្ហាដើម្បី​បានជជែក សន្ទនា ផ្ដោះផ្ដងគ្នាទៅវិញទៅមក​ជាមួយ​គេ។ អ្នក​​អាច​ផ្ដើម​​​និយាយ​​សុំទោសគេ ហើយ​ក៏ឆ្លៀតសួរនាំ​ពីនេះពីនោះ ឬអាចជាការប៉ះប៉ូវដល់គេ តបស្នងគេដើម្បីបង្ហាញ​ពីការ​សុំ​ទោស។

២. ញញឹមដាក់ ហើយចូលទៅក្បែរគេ ក្លាហានសុំគណនីហ្វេសប៊ុក ឬលេខទូរស័ព្ទគេ៖ គ្មានអ្វីល្អជាងភាពក្លាហាននោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មានឱកាសជួបគេ និងនិយាយជជែកជាមួយគេបានច្រើន។ ឱកាសដែលយើងបានជួបគេមិនចេះតែ​មានងាយៗ​ឡើយ ដូច្នេះ​បើ​បាន​ជួប​ហើយ​ គួរតែក្លាហានចូលទៅក្បែរគេ ញញឹមដាក់ជាដំបូង បន្ទាប់មកសួរនាំពីនេះពីនោះ និងអាចសុំ​ស្គាល់​គណនី​ហ្វេសប៊ុក កន្លែង​ការងារ ឬលេខទូរស័ព្ទរបស់គេផង។ គ្មានអ្នកណាដែលថាដាច់ចិត្តមិនប្រាប់ទេ បើយើងសុំក្នុងគោល​បំណង​ល្អ ហើយ​​មាន​ហេតុផល​ត្រឹមត្រូវនោះ។

៣. និយាយថា «សួស្ដី! នៅចាំខ្ញុំបានទេ?» មិនបាច់ថាទាល់តែធ្លាប់ជួបគេ ទើបអាចសួរគេបែបនេះនោះទេ ទោះអត់​ស្គាល់ក៏អាច​សួរ​បាន​ដែរ ដើម្បីឱ្យគេបានរកនឹកឆ្លើយតបយើងវិញ។ រួចមកយើងក៏និយាយថា អូ! ប្រហែលជាមិនចាំខ្ញុំទេ តែខ្ញុំនៅចាំលោក ឬ​អ្នកនាង…។ បន្ទាប់មកអ្នកក៏បានឱកាសនិយាយជាមួយគេពីរឿងផ្សេងៗទៀត ដូចជាការងារ ការសិក្សា ឬចំណង់​ចំណូលចិត្ត​របស់​គេ​ជាដើម។

៤. ធ្វើជាជ្រុះរបស់ ចាំមើលគេជួយរើសយើងអត់? នេះជាវិធីមួយដែលយើងតែងឃើញនៅក្នុងខ្សែភាពយន្តភាគដែល​គេ​សម្ដែង ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​អាច​យកវា​មក​ប្រើប្រាស់ ដើម្បីទាក់ទាញចិត្ត Crush របស់អ្នកបានដែរ។ មនុស្សនៅទល់មុខគ្នា ចង់​មិន​ចង់​​បើ​ឃើញ​​នរណាម្នាក់​ជ្រុះ​​របស់​អ្វីមួយ ឬមាន​បញ្ហាហើយ ពិតជាមិនអាចមិនបើកភ្នែកមើលទេ ប្រាកដជាមកជួយរើសឥវ៉ាន់ ឬ​របស់​របរ​យើង​ជា​មិនខាន​ទេ។ បើមានរឿងនោះកើតឡើងមែន ជាឱកាសដែលអ្នកអាចអរគុណគេ ហើយធ្វើរឿង​អ្វីមួយដើម្បី​ជា​ការ​អរគុណ​ដល់គេ ឬយ៉ាង​ហោច​ណាស់​ក៏បាន​និយាយផ្ទាល់​ជាមួយគេដែរ។

៥. ធ្វើជាសួរគេ ឬពឹងគេឱ្យជួយយើងលើរឿងអ្វីមួយ៖ ការពឹងពាក់គ្នាជាភាពចាំបាច់ និងជារឿងដែលជនជាតិខ្មែរយើងតែងតែ​ជួយ​គ្នាទៅ​វិញ​ទៅមក។ ដូច្នេះ! កុំភ័យខ្លាច! យើងអាចធ្វើជាពឹងគេឱ្យជួយអ្វីមួយដល់យើង ឧទាហរណ៍ថា «អត់ទោស ខ្ញុំសុំរំខាន​បន្តិច​បានទេ តើ​បន្ទប់ទឹក​នៅឯណាដែរ?» ឬ «តើខ្ញុំអាចរំខានបន្តិចបានទេ ហ្វេសប៊ុកខ្ញុំមិនដឹងថាកើតអីទេ មិនអាច Confirm Friend បានសោះ! តើអាច​រំខាន​ជួយ​មើលឱ្យបន្តិចបានទេ?»…. នៅមាន​វិធីច្រើនទៀត​ដែលយើង​អាចទៅក្បែរគេ ហើយធ្វើអ្វី​មួយ​​ដើម្បីឱ្យ​គេ​ជួយ​យើង។

តើអ្នកធ្លាប់បានសាកល្បងវិធីមួយណាហើយឬនៅ? បើតាមបទពិសោធអ្នក នៅមានមធ្យោបាយអ្វីផ្សេងក្រៅពីចំណុចទាំងនេះ​ដែរ​ឬទេ? បើមាន អាចចែករំលែក​ជាមួយ Poraman បានណា៎៕

ចុចអាន៖ មកដឹងនិយមន័យប្លែកៗរបស់ «Crush» ដែលបានពីកំពូលអ្នក Crush គេ នៅកម្ពុជា

ចុចអាន៖សម្រង់សម្តីអត្ថន័យ​នៃ​សុភមង្គល​អាន​ហើយ​ធូរចិត្ត​ច្រើន

អត្ថបទផ្ដល់ដោយ៖poraman