“ពិភពនិមិត្ម”​ ​និទានរឿងរ៉ាវ​ឃាតកម្ម​ផ្សា​ភ្ជាប់​បញ្ហា​នៃ​ការរើស​អើង​​ភេទទីបី​

ប្រលោមលោក​បែប​ឃាតកម្ម​រឿង​ “ពិភពនិមិត្ម”​ ​និពន្ធដោយ​ ​ឃុនធីតា​ ​នាមប៉ាកា​ ​វ័នធ័រ​ បាន​ចេញ​ផ្សាយ​កាល​ពីពេលថ្មីៗ​កន្លងមកនេះ​ ​និងគ្រប់គ្រង​ការផ្សព្វផ្សាយ​ដោយ​ Book Empire ​។ ​រឿង “ពិភពនិមិត្ម​” ​​​ជា​ប្រ​ភេទ​រឿង​ក្តីឃាតកម្ម​បានកើត​ឡើងនៅ​ក្នុងខេត្ត​កំពត​ ​តួនៃរឿង​តម្រូវ​ឲ្យវែក​មុខ​ឃាតករ​ដ៏​អាថ៌កំបាំង​ម្នាក់​នោះ​ឲ្យឃើញ​ ​ដើម្បីស្វែងរក​យុត្តិធម៌​ជូនជនរង​គ្រោះដ៏ស្លូតត្រង់​។​

​យោង​តាមរយៈ​​បទ​សម្ភាស៍​ KPT Plus​ ​ជាមួយ​អ្នកនិពន្ធ​ ​ប្រលោមលោក​បែប​ឃាតកម្ម​រឿង​ “ពិភពនិមិត្ម​”​ ​គឺ​ជា​ស្នាដៃ​បរិបទ​បែបខ្មែរ​ដំបូងរបស់អ្នកនិពន្ធ ឃុន​ ធីតា​ នាមប៉ាកា ​វ័នធ័រ ​ដែលជំនាញ​ផ្នែក​សរសេរ​ប្រលោម​លោក​បែបបរ​ទេស​។ ​អ្នកនិពន្ធ​រូបនេះបាននិយាយថា​ វាពិត​ជាពិបាក​ណាស់ក្នុងការ​ចាប់ផ្តើមសរសេរ​សៀវភៅមួយ​ក្បាល​ដែល​មាន​បែបផែន​ជាខ្មែរ​សុទ្ធសាធ​ ​ព្រោះកន្លង​មកធ្លាប់​តែសរសេរ​ជាបែប​បទបរទេស ​និងប្រភេទ​រឿង​ស្នេហា​រ៉ូមែន​ទិក ​ដល់ពេលប្តូរ​មកសរសេរ​ជាប្រភេទរឿងខ្មែរ​ ​ហើយ​ជារឿង​ប្រភេទ​ស៊ើប​អង្កេតទៀត​រៀង​ប្លែក​បន្តិច​។ ​ម្ចាស់ស្នាដៃរឿង​ “​ពិភពនិមិត្ម​”​ ​បានិយាយទៀតថា ​រឿងនេះផងដែរ​ ​ត្រូវចំណាយ​ពេលរៀប​លំហូរ​នៃ​សាច់រឿង​ និងថា ​តើត្រូវធ្វើយ៉ាង​ម៉េចឲ្យសាច់​រឿងវាប្រទាក់​ក្រឡាគ្នា​ ​និង​ឲ្យអុ្នកអាន​ចាប់អារម្មណ៍​នឹងចង់អាន​បន្ត​រហូត​ដល់ចប់​។​

អ្នកនិពន្ធ ឃុន ធីតា នាមប៉ាកា វ័នធ័រ

​ថ្លែងអំពីគុណ​តម្លៃនៃសៀវភៅរឿង​ “ពិភពនិមិត្ម” ​អ្នកនិពន្ធ​ ឃុន ធីតា​ ​បាននិយាយ​យ៉ាងដូច្នេះ​ថា​៖ “ទស្សនៈ​ផ្ទាល់​ខ្លួន​របស់ខ្ញុំ​គឺខ្ញុំចង់​បញ្ច្រាប​បញ្ហា​នៃការរើសអើង​ចំពោះភេទទីបី​ ​មាន​ចំណុច​ខ្លះក៏និយាយ​អំពីវិស័យ​សិល្បៈ​នៅក្នុងស្រុក​ ​ទស្សនៈ​របស់​ផលិតករ​និង​ទស្សនិកជន​ ​មតិផ្ទុយគ្នាតិចតួចពីការ​អភិវឌ្ឍនិង​ការអភិរក្ស​” ។

​បើនិយាយ​អំពីមោទក​ភាពចំពោះ​ស្នាដៃរឿង​ “ពិភពនិមិត្ម” ​អ្នកនិពន្ធ​រូបនេះបាន​និយាយថា​៖ “អ្វីដែល​ជាមោទក​ភាព​បំផុត​របស់ខ្ញុំ​ទៅលើ​សៀវភៅ​មួយក្បាលនេះ​ ​គឺនៅពេលអ្នកអាន​ជាច្រើននាក់គាត់គាំទ្រ​ ទោះ​បីនេះជាស្នាដៃ​ដំបូង​ដែល​មិនទាន់ល្អ​គ្រប់គ្រាន់​ក៏ពិតមែន​ តែ​គាត់ទទួល​ស្គាល់​ថាវាជា​ការ​ខិតខំប្រឹង​ប្រែង​របស់​អ្នកនិពន្ធ​ខ្មែរ​ម្នាក់​“។ ​

បន្ថែមអំពី​ការព្រួយបារម្ភ​ចំពោះស្នាដៃ​បែបបទ​ជាខ្មែរដំបូង​របស់អ្នកនិពន្ធ​ ឃុន ធីតា ​ដែលបាន​ចេញ​ផ្សាយ​នាពេលថ្មីៗនេះ​ ​អ្នកនិពន្ធបាន​និយាយយ៉ាង​ដូច្នេះថា​៖ “អ្វីដែល​ខ្ញុំព្រួយ​បារម្ភ​បំផុត​ពេល​សៀវភៅនេះ​ត្រូវ​បាន​បញ្ចេញលក់​នៅលើទីផ្សារ​ ​នោះគឺការ​រំលោភកម្ម​សិទ្ធិ​បញ្ញា​របស់អ្នកនិពន្ធ​ ​ពីព្រោះថា​បច្ចុប្បន្ននេះ​គឺមាន​ការចែក​រំលែក​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ដោយគ្មាន​ការអនុញ្ញាត​ពីអ្នកនិពន្ធ​យ៉ាងច្រើន​ពីក្រុម​យុវវ័យ​មួយចំនួន​ ជា​ពិសេស​បញ្ហានេះ​បានធ្វើឲ្យ​ប៉ះពាល់​ដល់ទឹកចិត្ត​នៃការតែង​និពន្ធ​របស់ម្ចាស់ស្នាដៃ​ផ្ទាល់និង​អ្នកនិពន្ធ​ពន្លក​ថ្មីមួយចំនួន​ដែលចង់​ចាប់ផ្ដើម​ធ្វើការងារ​នៅក្នុង​វិស័យនេះ”។​ ​

​ប្រលោមលោក​ឃាតកម្ម​ស៊ើបអង្កេត​រឿង​ “ពិភពនិមិត្ម​” ​បោះពុម្ព​ផ្សាយជាលើកទី១​ ​ចំនួន១០០០ច្បាប់​ មាន​ចំនួន​ ១៦០ទំព័រ ​លក់ក្នុង​តម្លៃ ១៦០០០​រៀល​ ​ប្រិយមិត្ត​អាច​រកជាវ​បានតាម​រយៈ​បណ្តា​ហាង​សៀវភៅ​អនឡាញ​នានា​ក្នុង​ប្រទេស​កម្ពុជា​៕

ចុចអាន៖
“ទឹកភ្នែកគជ់ខ្យង” ឆ្លុះបញ្ចាំងវិនាសកម្មធនធានធម្មជាតិលើដែនដីកោះ
“ចិត្តសាស្ត្រ​ស្នេហា​អ្នកប្រុស​មុខ​បិសាច​” ​ប្រលោមលោក​បែប​បរទេស​តែ​បង្កប់​អត្ថន័យ​ឱ្យ​អ្នក​អាន​ស្វែង​យល់​យ៉ាង​ស៊ីជម្រៅពី​សង្គម​គ្រួសារ​

អត្ថបទ៖ មួង ពិសី