រដ្ឋបាល​រាជធានី​ ​គ្រោង​នឹង​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៩​ ​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២០ ​ខណៈ​បទល្មើស​ព្រហ្មទណ្ឌ​បាន​ថយ​ចុះ​ជាង​២០០​ករណី

​ភ្នំពេញ​ ៖ ​រយៈពេល​ពេញ​១ឆ្នាំ​ ​នៃ​ឆ្នាំ​២០១៩​កន្លង​មកនេះ​ នៅ​រាជធានី​ភ្នំពេញ​ ​បានកើត​ឡើង​នូវ​បទ​ល្មើស​ព្រហ្មទណ្ឌ​ចំនួន​៨៣៨​លើក​/១០៤៦​លើក ​បានន័យ​ថា ​បទល្មើស​បាន​ថយចុះ​ចំនួន​២០៨​លើក ​និង​បានធ្វើ​ឲ្យមាន​មនុស្ស ស្លាប់​៣៣​នាក់​/ ៤៥​នាក់ ​និង​របួស​១១៧​នាក់​/២៣២​នាក់​)។​

​នេះ​បើ​យោង​តាម​របាយការណ៍​រ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ដោយ​ក្នុង​របាយការណ៍​នេះ​ ​បាន​បង្ហាញ​ថា ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​ ​សម្រាប់​ឆ្នាំ​២០១៩​កន្លង​មកនេះ​ ​បទល្មើស​ព្រហ្មទណ្ឌ កើត​មាន ៨៣៨​លើក​/១០៤៦​លើក​ ​ថយចុះ​ចំនួន​២០៨​លើក (​ស្លាប់​៣៣​នាក់​/ ៤៥​នាក់​, របួស​១១៧​នាក់​/២៣២​នាក់​) ​ក្នុងនោះ​ បទល្មើស​ឧក្រិដ្ឋ​ ១០៨​លើក​/១៣៩​លើក ​ថយចុះ​៣១​លើក​ ​និង​បទល្មើស​មជ្ឈិម​ ៧៣០​លើក​/៩០៧​លើក​ ​ថយចុះ​ ១៧៧​លើក​ ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨​​កន្លងមក​។ សម្រាប់​បទល្មើស​គ្រឿងញៀន​សមត្ថកិច្ច​បង្ក្រាប​ ​បាន​ចំនួន ២២៧៧​ករណី​/២០២៣​ករណី បាន​ន័យ​ថា ​កើនឡើង​ចំនួន​ ២៥៤​ករណី​ ​ឃាត់​​ខ្លួន ៤៧៦១​នាក់​/៣៦៧០​នាក់ (​ស្រី ២៦៤​នាក់​) កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុងនោះ​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន ១២២៣​ករណី ឃាត់ខ្លួន ២០៤៥​នាក់ ​(​ស្រី ៩៩​នាក់​) ករណី​ប្រើប្រាស់​គ្រឿងញៀន ១០៥៤​ករណី ​ឃាត់ខ្លួន​ចំនួន​២៧១៦​នាក់ (​ស្រី ១៦៥​នាក់​) និង​ឃាត់ខ្លួន​តាម​​ដីកា ៧​ដីកា ​ឃាត់ខ្លួនបាន​ ៧​នាក់​។​ ​ក្រៅពីនេះ សមត្ថ​កិច្ច​បាន​បើក​កិច្ច​ប្រតិ​ប​ត្ដិ​ការ​បង្ក្រាប​ករណី​ជួញដូរ​ ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​​ញៀន ​នៅតាម​ក្លឹប​កម្សាន្ត​ធំៗ​ចំនួន​៣ ក្នុងនោះ​ នៅ​មជ្ឈមណ្ឌល ​កម្សាន្ត​រ៉ក់​ ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​ ៣១១​នាក់ (​ស្រី ៥៥​នាក់​) ក្លឹប​កម្សាន្ត​ម៉ៃ​អា​មី ​ឃាត់ខ្លួន ចំនួន ៥០​នាក់ (​ស្រី ១២​នាក់​) និង​ក្លឹប​លុច​សារី ឃាត់ខ្លួន ចំនួន ៤០៨​នាក់ (​ស្រី ១៨២​នាក់​) និង​បានកសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សរុប​ចំនួន ៤១​នាក់ និង​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ កម្ពុជា​ ចំនួន ៤៥​នាក់​។​

ចំណែក ល្បែងស៊ីសង​ខុសច្បាប់​ ​​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​៩៤​ករណី ឃាត់ខ្លួន​៤៨៦​នាក់ (​ស្រី ១១០​នាក់​) ដោយបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចំនួន ៨៥​នាក់ ​និង​ធ្វើ​កិច្ចសន្យា​អប់រំ​ ៤០១​នាក់​។​ ​ចំពោះ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​ ​និង​ការពារ​អនីតិជន​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​ ៤៧​ករណី ​ឃាត់​ខ្លួន​បាន​ចំនួន​១០៤​នាក់​ ស្រី ៣៨​នាក់ (​ជនបរទេស ៥​នាក់​) រួមមាន ករណី​រួមភេទ​ជាមួយ​អនីតិជន​ ២៨​ករណី ​ឃាត់ខ្លួន​បាន​ចំនួន​២៩​នាក់​។ ករណី​អា​ជី​វកម្ម​ផ្លូវ​ភេទ​ ចំនួន ២​ករណី ​ឃាត់ខ្លួន ២​នាក់​ ករណី​សញ្ចារកម្ម​ ៧​ករណី​ ឃាត់ខ្លួន ៦១​នាក់​ (​ស្រី ៣៥​នាក់​) ​ប្រព្រឹត្ដ​អំពើ​អាសអាភាស​ ៦​ករណី ឃាត់ខ្លួន ៦​នាក់​ ករណី​នាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន​ ៣​ករណី ​ឃាត់ខ្លួន ៥​នាក់ ​(​ស្រី ៣​នាក់​) ​និង​ករណី​ផលិត​រូបភាព​អាសអាភាស ១​ករណី ​ឃាត់ខ្លួនបាន ១​នាក់​។ ​ជនសង្ស័យ​ និង​វត្ថុតាង​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ ​និង​រំដោះ​នារី​រងគ្រោះ​ ​ចំនួន ៦០​នាក់​ ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៣៣​នាក់ ​និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​២៧​នាក់​។​

ក្រៅពីនេះ​បាន​សហការ​បង្ក្រាប​ករ​ណី​សញ្ចារកម្ម​ ៤​ករណី ​ឃាត់ខ្លួន ​៨​នាក់ (​ស្រី ៦​នាក់​) ​ប្រគល់ជូន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ ​ចាត់ការ​តាម​នីតិវិធី​។​

​គួរបញ្ជាក់​ឲ្យដឹង​ផងដែរ​ថា​ ​បើ​មិនមាន​ការប្រែប្រួល​ទេ​ ​នៅ​ថ្ងៃទី​២៦ និង​២៧ ​ខែកុម្ភៈ​ខាងមុខនេះ​​រដ្ឋបាល រាជធានី​ភ្នំពេញ ​គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ ​របស់ខ្លួន​ប្រចាំឆ្នាំ​២០១៩​ ​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២០ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​ សម្តេច ក្រឡា​ហោម​ ស ខេង ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផងដែរ​៕


​អត្ថបទ​៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114