ប្រមុខរដ្ឋាភិបាលសុំការយោគយល់ពីជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ!

សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​លើក​ឡើងថាដើម្បីសុវត្ថិភាពរបស់ជាតិរាជរដ្ឋាភិបាល ពុំមានជម្រើសអ្វី​ឱ្យ​ល្អជាងការចេញបទបញ្ជាទេ។

នៅខណៈដែលបទបញ្ជា​បន្ទាន់មួយ ស្តីពីការហាមប្រាម​ធ្វើដំណើរ កំពុងត្រូវបាន​ចែកចាយពេញប្រទេស ប្រមុខរដ្ឋាភិបាល បានសរសេរ​នៅលើបណ្តាញហ្វេសប៊ុក​មុននេះប៉ុន្មាននាទីថា ៖«ដើម្បីសុវត្ថិភាពរបស់ជាតិនិងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការ​ចេញបទបញ្ជាបែបនេះទេ។​ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ“។

សម្ដេចតេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី ៩ ខែមេសា​នេះ​ បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។