ព័ត៍មានទាន់​ហេតុការណ៏
Search

ព័ត៌មាន​បន្ថែម​ ជុំវិញ​ករណី​​​ពុល​ក្តឹប​ត្រសក់​ស្រូវ​របស់​យុវជន​អប់រំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ភ្នំ​បាក់

បន្ទាយមានជ័យ​ ៖ ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត ​កែវ​ សុ​ភ័​ត្រា ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​ឲ្យ​ដឹង​ថា ​ការ​ពុល​ក្តឹប​ត្រសក់ស្រូវ​ ​របស់​យុវជន​អប់រំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ភ្នំ​បាក់​ជិត​៣០០​នាក់ និង​ស្លាប់​២​នាក់​នោះ​ រហូតមកដល់​ម៉ោង​នេះ​ ​នៅ​សល់​តែ​១២​នាក់​ទេ ​ដែល​​កំពុង​​បន្ត​ព្យាបាល ​​ហើយ​ពួកគេ​នឹង​ជា​សះ​ស្បើយ​​ឆាប់ៗ​នេះ​​​ផង​ដែរ។

លោក ​ភា មានិត អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ និង​អតីត​យុទ្ធជន​ខេត្ត​បន្ទាយមានជ័យ ទទួល​គ្រប់គ្រង​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ​បាន​ប្រាប់​លោក​វេជ្ជបណ្ឌិត​ កែវ​ សុ​ភ័​ត្រា ​ថា​ នៅ​ថ្ងៃ​កើតហេតុ​នោះ​ សប្បុរសជន ​បាន​ទិញ​ក្តឹប​ត្រសក់ស្រូវ​ចំនួន​៨​ថង់ ស្មើ​៨០​គីឡូ យក​មក​ឲ្យ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ទុក​សម្រាប់​ធ្វើ​ម្ហូប​ឲ្យ​យុវជន យុវនារី​ ដែល​ទៅ​ទទួល​ការ​បន្សាប​ផ្ដាច់​សារធាតុ​ញៀន​នៅ​ជីវិត​ថ្មី​ភ្នំ​បាក់​ទុកជា​អាហារ​ ដែល​មាន​ចំនួន​៨០០​នាក់។

​លោក​វេជ្ជបណ្ឌិត​ កែវ​ សុ​ភ័​ត្រា​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ គ្រាន់​តែ​យក​ក្ដឹប​ត្រសក់ ​មក​ដល់​ភ្លាម​ មាន​យុវជន​៣​នាក់​បាន​យក​ត្រសក់​ហូប​ជាមួយ​អំបិលម្ទេស​លេង​ លុះ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​១០​យប់ ទើប​មាន​ម្នាក់​ចេញ​រោគសញ្ញា ក្អួត ចង្អោរ រហូត វិលមុខ តែ​ពុំ​មាន​អ្នក​ចាប់អារម្មណ៍​អ្វី​ទេ គិត​ថា ខ្យល់​ចាប់។ លុះ​ព្រឹក​ឡើង​ម៉ោង​៨ ថ្ងៃ​ទី​១ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ទើប​ចាប់ផ្ដើម​មាន​រោគសញ្ញា ហើយ​ត្រូវបាន​ដឹក​យក​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​បង្អែក​ក្រុង​សិរីសោភ័ណ និង​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​-ជប៉ុន​មង្គល​បូរី ​ដោយ​សរុប​ចំនួន​២៤៦​នាក់ ស្ត្រី​១៧​នាក់ គិត​ត្រឹម​ម៉ោង​១០​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​២​ធ្នូ​​ ពុំមាន​អ្នកថ្មី​បន្តទៀត​នោះទេ។

ករណី​ខាង​លើ​នេះ ​គិត​មក​ត្រឹម​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​សិរីសោភ័ណ(​០​នាក់) នៅ​មន្ទីរពេទ្យ​មង្គល​បូរី​អ្នកជំងឺ​២៩​នាក់​ ចេញ​១៧​នាក់​​នាក់​ នៅ​សល់​តែ​១២​នាក់​ប៉ុណ្ណោះ​ កំពុង​បន្ត​ព្យាបាល៕

អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114