ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ប្រុស​/ស្រី​២៨​នាក់ ​នៅក្នុង​ស្រុក​ពួក មាន​អា​ការៈ​ពុល​ផ្អក​ត្រីប្រៃ

សៀមរាប ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ម៉ោង​ប្រមាណ​៤​ល្ងាច ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​​ មាន​មនុស្ស​ប្រុស​/ស្រី​ក្មេង​ចាស់​ចំនួន​២៨​នាក់ ដែល​មាន​អាយុ​ចាប់ពី​០៥​ឆ្នាំ​ដល់​អាយុ​៦៨​ឆ្នាំ នៅ​ពីរ​ឃុំ​ក្នុងស្រុក​ពួក គឺ​ឃុំ​ពួក និង ឃុំ​ខ្នាត កើតមាន​អាការៈ​ពុល​ផ្អក​ត្រីប្រៃ។

ទោះ​យ៉ាង​ណា​ករណី​ពុល​នេះ ​​មិន​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ​ហើយ​ក្នុង​ចំណោម​អ្នក​ពុល​២៨​នាក់​នោះ ​មាន​​ឃុំ​ពួក​​ ​ចំនួន​២១​នាក់ រួម​មាន នៅ​ភូមិ​ប្រយុទ្ធ​ចំនួន​១៣​នាក់ ក្នុង​នោះ​ស្រី​ចំនួន​០៦​នាក់ , ភូមិ​គោក​ស្រុក​ចំនួន​០៥​នាក់ ស្រី​ទាំង​អស់ , ភូមិ​កំពង់​តា​យ៉ង​ចំនួន​០១​នាក់ ជា​មនុស្ស​ស្រី និង ភូមិ​ចំបក់​ហែ​ចំនួន​០២​នាក់ ក្នុង​នោះ​ស្រី​ចំនួន​០១​នាក់។ ចំណែក​ភូមិ​គោក​ត្រាច ក្នុង​ឃុំ​ខ្នាត ចំនួន​០៧​នាក់ ​ស្រី​ចំនួន​០៣​នាក់។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ទិញ​ផ្អក​ត្រីប្រៃ​ ទៅ​ធ្វើ​ម្ហូប​ហូប​ជាមួយ​បាយ និង ក្រោយ​ការ​ហូប​ផ្អក​ត្រីប្រៃ​ ​មក ក៏​កើតមាន​អាការៈ​ពុល​ក្អួតចង្អោរ ​ទើប​ត្រូវ​​​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប , មន្ទីរពេទ្យ​បង្អែក​ពួក ,មណ្ឌល​សុខភាព​ទឹក​វិល , មណ្ឌល​សុខភាព​ខ្នាត , នៅ​គ្លីនិក​ឯកជន និង អ្នកជំងឺ​មួយ​ចំនួន​បាន​សម្រាក​ព្យាបាល​នៅផ្ទះ​របស់​ខ្លួន។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមទៀតថា អ្នក​ផលិត​ផ្អក​ត្រីប្រៃ​ មានឈ្មោះ ប៊ូ នឿ​ម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ជួន ឃុំ​ពួក ស្រុក​ពួក ជា​អ្នកធ្វើ​ត្រី​ប្រៃ​លក់​ផ្សារ​ពួក​ជា​អចិន្ត្រៃយ៍ ហើយ​ករណី​នេះ សមត្ថកិច្ច និង ជំនាញ កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត៕​

អត្ថបទ ៖ គឿន​វេត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114