សិស្សសាលា​វិទ្យាល័យ​ហ៊ុនសែន​ស្វាយ​ធំ ប្រមាណ​៥៥​នាក់ មាន​អាការៈ ឈឺក្បាល​និង​ក្អួតចង្អោរ​ដោយសារ​ពុល​ក្លិន​សំរាម

សៀមរាប ​៖ ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៥​និង​០០​នាទី​ ថ្ងៃ​ទី២២​ ខែមករា​ ឆ្នាំ​២០២០​នេះ សិស្ស​ថ្នាក់​ទី​៧ នៃ​សាលា​វិទ្យាល័យ​ហ៊ុនសែន​ស្វាយ​ធំ ប្រមាណ​៥៥នាក់ ក្នុង​នោះ​ស្រី​៣២​នាក់ បាន​កើត​អាការៈ​ឈឺ​ក្បាល ហៀរ​ទឹកភ្នែក និង​រក​ក្អួត​ដោយសារ​ពុល​នឹង​ក្លិន​សំរាម​ដែល​គេ​ដុត​ក្បែរ​សាលា​។

លោក​សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​នេះ​ថា បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ ពី​លោកគ្រូ​នាយក​សាលា​ភ្លាម​លោក បាន​ដឹកនាំ​ក្រុមការងារ រួមមាន លោក​មេឃុំ ក្រុម​ប្រឹក្សាឃុំ​ក​ណ្តែ​ក និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង ចុះទៅ​ដល់ទី​កន្លែង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ និង​ជូន​ក្មួយៗ សិស្សានុសិស្ស ខាងលើ ទៅ​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យ និង​ព្យាបាល​។

លោក​បន្ត​ថា បន្ទាប់ពី​កើតហេតុ លោក​បាន​ចាត់តាំង​ក្រុមការងារ​ពិនិត្យ ស្រាវជ្រាវ រួម​ទាំង​ពិនិត្យ​លើ​គុណភាព​ចំណីអាហារ​ដែល​មាន​លក់​នៅ​បរិវេណ សាលា​ផង​ដែរ ដើម្បី​រក​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​។

លោក​បញ្ជាក់​ថា ជា​លទ្ធផល គឺ​បណ្តាល​មក​ពី​ការ​ដុត​សំរាម​ក្បែរ​សាលារៀន បាន​ធ្វើ​ឲ្យ​ធុំក្លិន​និង​ខ្វះ​អុកស៊ីសែន​។ លោក​បន្ថែម​ថា ដោយ​យោង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងបរិស្ថាន លោក​ក៏បាន​ណែនាំ និង​ស្នើ​ដល់​គណៈ​គ្រប់គ្រង​សាលា ក៏ដូចជា​អ្នក​រស់​នៅ​ជិតខាង​សាលារៀន ឲ្យ​បញ្ឈប់​ការដុត​សំរាម​បែបនេះ​ត​ទៀត ព្រោះ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​។

លោក​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ស្ថានភាព​ក្មួយៗ​សិស្សានុសិស្ស ទាំង​៥៥​នាក់​ខាងលើ មាន​ភាពប្រសើរ​ជាធម្មតា​វិញ​ហើយ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114