សមត្ថកិច្ច​ខេត្ត​កណ្ដាល ​អត់​មាន​នរណា​ម្នាក់​តក់ស្លុត​ភ័យខ្លាច​នឹង​ការ​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​នេះ​ទេ

កណ្ដាល​ ៖​ ជុំវិញ​ជំងឺ​ឆ្លង​កូវីដ​១៩​នេះ ថ្វីត្បិតតែ​វា​កាច​សាហាវ​ងាយ​នឹង​ឆ្លង ​និង​រាលដាល​ក៏​ពិតមែន​សម្រាប់​សមត្ថកិច្ច​ខេត្ត​កណ្ដាល ​អត់​មាន​នរណា​ម្នាក់​តក់ស្លុត​ភ័យខ្លាច​នឹង​ការចុះទៅ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ជំងឺកូវីដ​១៩​នេះ​ទេ​។

​នេះ​ជាការ​បញ្ជាក់​របស់ គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​ ខណៈ​អ្នក​សារព័ត៌មាន​ធ្វើការ​សម្ភាសន៍​ពេល​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ផ្ទុក​និង​ព្យាបាល​អ្នក​ឆ្លង​ជំ​ងី​កូ​វីដ​១៩​នៅ​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ​ក្រុង​តាខ្មៅ។

លោក​បញ្ជាក់​ថា​ ដោយ​មាន​ការយល់​ច្បាស់​ពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល យល់​ច្បាស់​ពី​ការ​យកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល យល់​ច្បាស់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​យើង ហើយ​យើង​មាន​កិច្ច​ការ​ធ្វើ​ដោយមាន​ការទទួលខុសត្រូវ​ដោយឡែកៗ​ពីគ្នា។ តួយ៉ាង​ដូចជា​លោកគ្រូ​ពេទ្យ​ទទួលបន្ទុក​វិធានការ​ចត្តាឡឺស័ក ក៏ដូចជា​នៅតាម​ព្រំដែន គឺ​យើង​មាន​វិធាន​ការបិទ​ការឆ្លង​ចេញចូល​រវាង​កម្ពុជា វៀតណាម លើកលែងតែ​ទំនិញ​ដែល​យើង​នៅ​បន្ត​ដោះដូរ​ដដែល តែ​យើង​មាន​វិធាន​ការ​សម្អាត អនាម័យ​ទាំង​វៀតណាម​និង​កម្ពុជា​។​

​លោក​អភិបាលខេត្ត​ បាន​បន្តទៀតថា​ ក្រុមគ្រូពេទ្យ​ជំនាញ​របស់​យើង​នៅក្នុង​ខេត្តកណ្ដាល​ទាំងមូល​នេះ រាល់ពេល​មានការ​សង្ស័យ​ថា ​មាន​ករណី​ជំងឺ​កូវីដ​១៩​នេះ​ឡើង ក្រុម​គ្រូពេទ្យ​ទៅដល់​ភ្លាម​ដូចជា ស្ទង់​កម្ដៅ យក​សំណាក់ ស្លេះ កំហាក ទៅ​ពិនិត្យ​មើល​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ លោក​បន្តថា​សមត្ថកិច្ច​របស់​ខេត្តកណ្ដាល​ទាំងអស់​គឺ​ចូលរួម​គ្រប់​សកម្មភាព គ្រប់ពេល គ្រប់​វេលា យប់ ថ្ងៃ​ឲ្យ​តែ​ឮ​ថា​មាន​គឺ​ទៅដល់​ភ្លាម គ្រឿង​សម្ភារ​រថយន្ត​ប្រើប្រាស់​មានការ​ការពារ​បាន​ស្អាត ដោយ​កម្រិត​ធ្ងន់​បញ្ជូន​តាម​រថយន្ត​សង្គ្រោះបន្ទាន់ កម្រិត​សង្ស័យ​រថយន្ត​ធម្មតា​។​ សមត្ថកិច្ច​ជារួម​អត់​មាន​នរណា​តក់ស្លុត ភ័យខ្លាច​ទេ បើ​មានការ​តក់ស្លុត ភ័យខ្លាច យើង​មិនអាច​ចាត់វិធានការ​ទប់ស្កាត់​នេះ​បានទេ។ បើ​មានការ​ភ័យខ្លាច មិនអាច​ក្រុមការងារ​របស់​រាជរដ្ឋា​ភិ​បាល ភូមិ ឃុំ ស្រុក​ចុះទៅ​ដល់​ខ្នង​ផ្ទះ​របស់​ប្រជាជន​ដែលមាន​បញ្ហា​ប្រឈម​ឬ​បញ្ហា​ផ្សេងៗ​ដែល​យើង​ត្រូវ​ចុះទៅ​សួរ​សុខ​ទុក​ពួកគាត់​ទេ។​

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ទីតាំង​ប្រមូលផ្តុំ​មាន​៣​ទីតាំង​ធំៗ​៖​ទី​១-​នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយមាន​បរិស្ថាន​ល្អ​ស្អាត បរិយាកាស​ល្អប្រសើរ និង​អនាម័យ​ស្អាត​,​ទី​២-​នៅផ្ទះ​សំណាក់​តារា​វ៉ាន់ មាន​៤៥​បន្ទប់​,​ទី​៣-​មណ្ឌល​សុខភាព​កម្មករ​តេ​ជោ​សែន​វិហារ​សួគ៌​នៅ​ស្រុក​ខ្សាច់កណ្តាល​។

លោក​អភិបាល​កណ្ដាល ​បាន​ថ្លែងបន្តថា រដ្ឋបាលខេត្ត​ទាំងមូល​មាន​ក្រុមគ្រូពេទ្យ​ចំនួន​២៨៥​នាក់​ជា​គ្រូពេទ្យ​ឯកទេស​ពាក់ព័ន្ធ​នឹង​ការត្រួតពិនិត្យ​សុខភាព ឬ​ធ្វើតេស្ត​ដោយ​យក​សំណាក​ទាក់ទង​ជំងឺឆ្លងកូវីដ​១៩​នេះ ហើយ​ខេត្ត​បាន​ប្រជុំ​ដោយ​ដាក់​ផែនការ​ការងារ​និង​ដោយមាន​ការស្ម័គ្រចិត្ត​ដោយស្មោះ​ស្ម័គ្រ​ដើម្បី​បម្រើ​ការងារ​នេះ​ជូន​រដ្ឋបាល​ខេត្តកណ្ដាល ក៏ដូចជា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកណ្ដាល​ទាំងមូល​។

លោក គង់ សោ​ភ័​ណ្ឌ អភិបាល​កណ្ដាល​បាន​ថ្លែងថា​ចំពោះ​បងប្អូន​ដែល​ទើប​មកពី​ប្រទេស​ថៃ​មកទល់​ម៉ោង​នេះ​ថ្ងៃទី​២៧ ខែមីនា​មាន​ចំនួន​១,២៩១​នាក់មក​តាម​ភូមិ​ឃុំ​របស់គាត់​។ លោក​បានលើកឡើង​ទៀតថា នៅ​រដ្ឋបាល​ភូមិ ឃុំ ស្រុក ខេត្ត​មានការ​គ្រប់គ្រង​ច្បាស់លាស់ អាជ្ញាធរ និង​មន្ត្រីនគរបាល និង​គ្រូពេទ្យ​ចុះទៅពិនិត្យ​កម្ដៅ​ភ្លាមៗ​និង​បាន​អប់រំ ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

​លោក​អភិបាល​បាន​បន្ត​ឲ្យ​ដឹងថា​ទៀតថា ខ្មែរ​យើង​ចេះ​ជួយ​យកអាសា​គ្នា​ណាស់​ពេល​មានទុក្ខ​ធុរៈ ពេល​មាន​អាសន្ន​គឺ​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន មាន​វិធាន​ការណែនាំ​ជារួម​មួយ​គឺ​បើក​មណ្ឌល​សកម្មភាព​ការងារ​ទាំង​១,៧២៤​មណ្ឌល​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ក្រសួងសុខាភិបាល​ជាប្រចាំ​ឲ្យ​ប្រជាពលរដ្ឋ​បានទទួល​ព័ត៌មាន​។ មិនតែប៉ុណ្ណោះ​នៅមាន​មេក្រូ​ចល័ត​ដែល​ដឹកនាំ​ដោយ​មេឃុំ អភិបាលស្រុក​ដែល​ពួកគាត់​បាន​យកចិត្ត​ទុក្ខ​ដាក់​ណាស់​។​

​ទន្ទឹមគ្នា​នោះដែរ​ លោក​បាន​អំពាវនាវ​ដល់​ប្អូន​ប្រជាពលរដ្ឋ ទាំង​មន្ត្រីរាជការ សុំ​អនុវត្តន៍​ទៅតាម​ការណែនាំ​ដ៏​ត្រឹម​ត្រូវមាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ ជា​វេជ្ជ​សាស្ត្រ​និង​សុំ​គោរព​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល របស់​រាជរដ្ឋាភិបាល និង​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត​កណ្ដាល៕
មុនី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114