សម្តេច​សង្ឃ Pope Francis៖ វីរុស​កូវីដ១៩ អាចជាការ​ឆ្លើយ​តបរបស់ធម្មជាតិ មក​លើ​មនុស្ស​លោក

សម្តេច​សង្ឃ Pope Francis របស់​លោក​ខាង​លិច មាន​សង្ឃ​ដី​កា​ថា ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា អាចជា​ការ​ឆ្លើយ​តប​របស់​ធម្មជាតិ ទៅ​លើ​មនុស្ស​លោក ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​បរិស្ថាន។

តាមរយៈ​កិច្ចសម្ភាសន៍​លើ​សារអេឡិចត្រូនិក និង​បោះ​ពុម្ភ​ផ្សាយ​លើ​ទស្សនាវដ្តី The Tablet and Commonwealth ស្តេច​សង្ឃ​នៃ​បុរី​វ៉ាទីកង់ លោក​ឪ Pope Francis មាន​សង្ឃដីកាថា ករណី​ផ្ទុះ​រាតត្បាត​វីរុស​កូរ៉ូណា គឺ​ជាឱកាស​មួយ​ដើម្បី​កាត់​បន្ថយ​ចង្វាក់​ផលិតកម្ម និង​ការ​ប្រើ​ប្រាស់ ក៏​ដើម្បី​ឲ្យ​មនុស្ស​រៀន​ស្វែង​យល់​ពី​ធម្មជាតិ​ផង​ដែរ។

ក្នុង​ន័យ​នេះ លោក​ឪ Pope Francis ក៏​បាន​រំឮក​ទៅ​ដល់​មហន្តរាយ​ពិភពលោក​ជាច្រើន ជាក់​ស្តែង​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី និង​ការរលាយ​ទឹកកក​នៅ​ប៉ូល​ខាង​ជើង ដែល​សុទ្ធ​តែ​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា នឹង​មាន​ទឹក​ជំនន់។

“ខ្ញុំ​មិន​ដឹង​ថា រឿង​នេះ​ជា​ការ​សងសឹក​របស់​ធម្មជាតិ ឬយ៉ាង​ណា​ទេ ប៉ុន្តែ​វា​ពិត​ជា​ការ​ឆ្លើយ​តប​របស់​ធម្មជាតិ” នេះ​បើ​តាម​ការ​ដក​ស្រង់​សង្ឃដី​កាពី​សំណាក់ទស្សនាវដ្តី The Tablet and Commonwealth។

ស្តេច​សង្ឃ​កាតូលិក​ដែល​មាន​ព្រះ​ជន្ន ៨៣​ព្រះវស្សា​អង្គនេះ ត្រូវ​គេ​អះអាង​មាន​ជំងឺ​រលាក​សួត ប៉ុន្តែ​បាន​ធ្វើ​តេស្ត​រក​មើក​វីរុស​កូវីដ ១៩ ចំនួន ២លើក ដោយ​លទ្ធផល​សុទ្ធ​តែ​អវិជ្ជមាន ខណៈ​ពេល​នេះ លោក​ឪ Pope Francis កំពុង​ដាក់​ខ្លួន​ឲ្យ​ដាច់​ដោយឡែក​ពី​មនុស្ស​គ្រប់​គ្នា ដែល​អាច​មាន​ផ្ទុក​មេរោគ ដោយ​ញ៉ាំអាហារ​អាច​តែ​ម្នាក់ឯង និង​ថែម​ទាំង​ពាក់​ស្រោម​ដៃ មុន និង​ក្រោយ​ជំនួប​ជា​មួយ​ភ្ញៀវ​ទៀត​ផង។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ព័ត៌មាន​នៃ​បុរី​វ៉ាទីកង់។

លោក​ឪ Pope Francis មាន​សង្ឃ​ដីកា​ទៀត​ថា សុខភាព​លោកឪ​ពេល​នេះ មាន​ភាព​ល្អ​ប្រសើរ​វិញ​ហើយ លោកឪ​ក៏​កំពុង​បួង​សួង​ឲ្យ​ពលរដ្ឋ​នៃ​បុរី​វ៉ាទីកង់ទាំង​អស់ ចៀស​ផុត​ពី​ជំងឺ​នេះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CNN