ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប៉ាប ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ក្នុង​បេសកកម្ម​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ

សម្តេច​ប៉ាប Francis ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​បានបង្ហាញ​ក្តី​សង្ឃឹមថានឹង​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ជប៉ុន​គឺ​បានធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​នានា​នៃ​ការវាយប្រហារ​បរមាណូ​របស់​ពិភពលោក​នៅ​សប្តាហ៍​នេះ​ដើម្បី​ស្វែងរក​ការហាមឃាត់​លើ​អាវុធ​នុយក្លេអ៊ែរ​។​

បុព្វ​ជិត​អា​ហ្ស​ង់​ទីន​វ័យ​៨២​ឆ្នាំ​រូបនេះ​បានធ្វើ​ដំណើរ​មកកាន់​ទ្វីបអាស៊ី​នៅ​ថ្ងៃ​អង្គារ​ដែល​នៅទីនេះ​លោក​នឹងធ្វើ​ទស្សនកិច្ច​ប្រទេស​ថៃ​ហើយ​បន្ទាប់មក​ប្រទេស​ជប៉ុន​រួមទាំង​ទីក្រុង​ទាំងពីរ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​អំឡុង​សង្គ្រាមលោកលើកទី​២​ផងដែរ។​

ថ្វីបើ​ប្រទេស​ទាំងពីរ​មាន​អ្នក​កាន់សាសនា​កាតូលិក​តិចជាង​០,៦​ភាគរយ​ក៏ដោយ​ក៏​សម្តេច​ប៉ាប Francis នៅតែ​ចង់​មានការ​សន្ទនា​គ្នា​ទៅវិញទៅមក​ជាមួយ​ពួកគេ​។​

លោក​នឹង​ទៅដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ពុធ​មុនពេល​ធ្វើដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍​ដែល​នៅ​ទីនោះ​លោក​នឹង​ស្នាក់នៅ​រហូតដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា​។​

ថ្ងៃអាទិត្យ​ត្រូវបាន​គេ​កំណត់ថា​ជា​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ណាហ្គា​សា​គី​និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដែល​កន្លែង​ទាំងពីរ​នេះ​មាន​មនុស្ស​សរុប​ចំនួន​២១៤,០០០​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​ការវាយប្រហារ​ដោយ​គ្រាប់បែកបរមាណូ​។​

ការទម្លាក់​គ្រាប់បែក​នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​១៩៤៥​ក្នុង​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​និង​ណាហ្គា​សា​គី​នៅ​៣​ថ្ងៃក្រោយ​មក​គឺ​បានរួម​ចំណែក​ដល់​ការចុះចាញ់​របស់​ជប៉ុន​និង​ការបញ្ចប់​សង្គ្រាមលោកលើកទី​២​នៅ​ថ្ងៃទី​១៥​ខែសីហា​។​

គួរ​បញ្ជាក់ថា សម្តេច​ប៉ាប Francis ក៏​នឹង​ជួប​ជនរងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ឆ្នាំ​២០១១​ដែល​បាន​វាយប្រហារ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​និង​រលក​យក្ស​ស៊ូណាមិ​ជា​បន្តបន្ទាប់​ដែល​បានសម្លាប់​មនុស្ស​១៨,៥០០​នាក់​និង​បង្ក​ជា​មហន្តរាយ​ថាមពលនុយក្លេអ៊ែរ​នៅ​ហ្វូ​គូ​ស៊ី​ម៉ា​ផងដែរ​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114